ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រកាស​ទទួល​ពាក្យ​សុំ​ជំនួយ​សម្រាប់​ដោះមីន​ ​ក្រោយ​ចិន​ផ្តល់​អំណោយ​​សម្រាប់​ដោះ​មីន​នៅ​​កម្ពុជា


រូបឯកសារ៖ ឯកអគ្គ​រដ្ឋ​ទូតអាមេរិក លោក William Heidt បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ឯកអគ្គ​រដ្ឋ​ទូតអាមេរិក លោក William Heidt បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេក​ទេស​ សកម្មភាព​កម្ចាត់​មីន​របស់​ស៊ីម៉ាក់ ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ការ​ប្រកាស​ទទួលពាក្យ​សុំជំនួយ​ពីសហរដ្ឋ​​អាមេរិក​ កើតមាន​ឡើង​ពីរថ្ងៃ​ ក្រោយ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​​កម្ពុជា​ លោក​​ សុង​ ប៉​ (Xiong Bo)​ ចាត់​ទុក​ជា​មហាមិត្ត​បាន​ផ្តល់​កាដូ​ជា​ច្រើន​ដល់​កម្ពុជា រួម​មាន​ម៉ូតូ​ និង​ម៉ាស៊ីន​កំព្យូទ័រ​​​សម្រាប់​ការ​ដោះគ្រាប់​មិន​ទាន់​នៅកម្ពុជា។​​

តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​ផ្តល់​អំណោយ​ជាច្រើន​ដល់​អាជ្ញាធរ​មីន​នៅ​កម្ពុជា​ ​សម្រាប់​បំពេញ​បេសក​កម្មបោស​សម្អាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះផ្សេងទៀតនៅ​កម្ពុជា​ សហ​រដ្ឋ​អាមេរិក​ប្រកាស​ទទួល​ពាក្យ​ស្នើ​សុំ​ថវិកា​ ពី​អ្នក​ដែល​ត្រូវ​ការ​ថវិកា​សម្រាប់​កិច្ចការ​បោស​សម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នេះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​ នៅថ្ងៃ​ពុធនេះ​ បាន​ប្រកាស​ទទួល​ការ​ដាក់​ពាក្យ​សុំ​ថវិកា​ចំនួន២លាន​ដុល្លារ​ ​ជា​អំណោយ​ថវិកា​រយៈពេលមួយ​ឆ្នាំ​ សម្រាប់​ការ​សិក្សា​អង្កេត និង​ដោះ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ សម្រាប់​ឆ្នាំសារ​ពើ​ពន្ធ​ឆ្នាំ ​២០១៨-២០១៩​ ជាមួយ​នឹង​លទ្ធភាព​បន្ត​ផ្តល់​ថវិកា​នេះ​ សម្រាប់​ឆ្នាំ​ទី​ពីរ​ទៀត។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ការ​ប្រកាស​ទទួលពាក្យ​សុំជំនួយ​ពីសហរដ្ឋអាមេរិក​ កើតមាន​ឡើង​ពីរថ្ងៃ​ ក្រោយ​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​ លោក សុង​ ប៉​ (Xiong Bo)​ ចាត់​ទុក​ជា​មហាមិត្ត​បាន​ផ្តល់​កាដូ​ជា​ច្រើន​ដល់​កម្ពុជា រួម​មាន​ម៉ូតូ​ និង​ម៉ាស៊ីន​កំព្យូទ័រ​សម្រាប់​ការ​ដោះគ្រាប់​មិន​ទាន់​នៅកម្ពុជា។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ចុះថ្ងៃ​ទី​ ២២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ បាន​ឲ្យដឹង​ថា​ ដៃគូ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​ សម្រាប់​ដោះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​ដី​មាន​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ស្រែ​ ចម្ការ​ ធ្វើ​ផ្លូវ​ ធ្វើ​ពាណិជ្ជកម្ម​ និង​សង់​ផ្ទះ​ជាដើម​។

លោក​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ William Heidt​ ​ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​មាន​ន័យ​ដើមថា៖​

«សហរដ្ឋ​អាមេរិក​បានជួយ​ដល់ការ​ដោះមីន​ មនុស្សធម៌​នៅកម្ពុជា ​អស់​រយៈ​ពេល​ជាង​ ២០ ​ឆ្នាំមក​ហើយ​ ហើយ​មានការ​ប្តេជ្ញាចិត្ត​ក្នុង​ការដោះ​ស្រាយ​កេរដំណែល​នៃ​សម័យសង្គ្រាម​។​ ការផ្តល់​ថវិកា​ថ្មីនេះ​គឺជា​ ការ​បន្ត​នៃ​ការ​ប្តេជ្ញាចិត្ត​ ពីព្រោះ​វា​នឹង​ជួយ​ក្នុង​ការ​បោស​សម្អាត​កាកសំណល់​នៃ​សង្គ្រាម។ យើង​កំពុង​រក​មើល​ក្រុម​អ្នក​ឯកទេសខ្មែរ ​និង​ក្រុម​អ្នក​ឯកទេស​អន្តរជាតិ ​ដើម្បី​ឲ្យ​មក​ជួយ​ដោះ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែមថា​ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​ជាង​ ១៣១​ លាន​ដុល្លារ​មក​ហើយ​ នៅ​ក្នុង​រយៈ​ពេល​ ២​ ទសវត្សរ៍​កន្លង​ទៅនេះ​ ដើម្បី​រក​មើល​ និង​ដោះ​ចេញ​ មិន​ត្រឹមតែ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​ប្រទេស​ចិន​ វៀតណាម​ និង​អតីត​សហភាព​សូវៀត​ផង​ដែរ នៅ​តាម​តំបន់​ដទៃ​ទៀត​ នៃ​ប្រទេសកម្ពុជា​ ដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​ និង​របួស​ ចំនួន​ប្រហែល​ ៩០​ភាគរយ​ នៃ​ការ​ស្លាប់​ និង​របួស​ដែល​បណ្តាល​មក​ពីកាក​សំណល់​នៃ​សង្គ្រាម។

កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ ​អាមេរិក​បាន​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​នឹង​បញ្ចប់​ជំនួយ​សម្រាប់​ប្រតិ​បត្តិ​ការ​ដោះ​មីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​(CMAC)​ ​ត្រឹម​ឆ្នាំ​២០១៧​ ក៏​ប៉ុន្តែ​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​តាម​មូលដ្ឋាន​ប្រកួត​ប្រជែង​ ​ដើម្បី​បោសសម្អាត​គ្រាប់​មីន​ទាន់​ផ្ទុះ​នេះ​។​ ការប្រកាស​កាត់​ផ្តាច់​ជំនួយ​នេះ​ ធ្វើ​ឡើងនៅ​ចំពេល​ មាន​ការប្រើ​ប្រាស់​វោហាសាស្ត្រ​នយោបាយ​ ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ពី​មេដឹកនាំ​កម្ពុជា​ គឺ​លោក​ ហ៊ុន សែន​ ដែល​បាន​ចោទ​អាមេរិក​ថា​ នៅ​ពីក្រោយគណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​រៀប​គម្រោង​ផ្តួល​រដ្ឋាភិបាល​របស់​លោក។​

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​ប្រទេស​ចិន​បាន​ប្រគល់​អំណាយ​ជា​សម្ភារៈ​ជាច្រើន​ ដល់​អាជ្ញាធរ​កម្ពុជា។អំណោយ​ទាំង​នោះ​ ​រួម​មាន​ម៉ូតូ​៤០គ្រឿង​ ​កុំព្យូទ័រ​លើ​តុ ​និង​យួរ​ដៃ​ ​ហើយ​និង​ iPad ​ជាង​២០​គ្រឿង​ ​បូក​រួម​នឹង​ឧបករណ៍​បម្រើ​ឲ្យ​វិស័យ​ដោះ​មីន​ផ្សេងៗ​ទៀត​ដូច​ជា​ ​ឧបករណ៍​រុក​រក​ជាតិ​ដែក​ ​និង​ឧបករណ៍​កម្ទេច​គ្រាប់​ជាដើម។

លោក​ សេរី កុសល្យ​ អនុប្រធាន​ទី​មួយ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) បាន​ប្រាប់​ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​ លោក សុង​ ប៉ ថា​ កម្ពុជា​ ត្រូវ​ការ​ថវិកា​ប្រមាណ​ជា​ ៤០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​បោស​សម្អាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត​ឲ្យ​អស់​មុន​ឆ្នាំ​ ២០២៥។ លោក​បាន​ប្រាប់​ពី​សេចក្តី​ប្រាថ្នា​ចង់​បាន​របស់​កម្ពុជា​ ​នូវ​ម៉ាស៊ីន​ Drone និង​រថយន្ត​ Jeep របស់​ចិន​ និង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​របស់​ចិន​ថ្មីៗ​ក្នុង​ការ​ដោះ​មីន​នៅ​កម្ពុជា។​

លោក​ សេរី​ កុសល្យ​ ​ក៏បាន​សំដែង​ការ​ដឹងគុណ​ចំពោះ​អំណោយ​របស់​ចិន​ដែល​ផ្តល់​ជូន​កម្ពុជា​ ហើយ​ថា​ ការ​ផ្តល់​អំណោច​នេះ​ បាន​ធ្វើ​ឡើង​នៅ​ចំ​កាលៈទេសៈ​ ដែល​ប្រទេសម្ចាស់​ជំនួយ​ផ្សេង​ទៀត​បាន​ត្រៀម​ដក​ជំនួយ​ចេញ​ពី​កម្ពុជា​ សម្រាប់​បម្រើ​ដល់​វិស័យ​បោស​សម្អាត​គ្រាប់​មីន​ និង​ដោះយុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ហេង រតនា​ ​អគ្គនាយក​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​ស៊ីម៉ាក់​ (CMAC)​ ទាក់​ទិន​ការ​ដាក់​ពាក្យ​សុំ​ជំនួយ​ពីសហរដ្ឋ​អាមេរិក​ សម្រាប់​ការ​ទ្រទ្រង់​ដល់​សកម្មភាពដោះ​គ្រាប់​មិនទាន់​ផ្ទុះ តែ​មិន​អាច​ទាក់​ទង​បាន​នៅ​ថ្ងៃ​ពុធ​នេះ។ យ៉ាង​ណា​ក៏ដោយ​ លោក​ធ្លាប់​បាន​បញ្ជាក់​ឲ្យ VOA ដឹងថា​ ​ការ​កាត់​ផ្តាច់​ជំនួយរបស់​អាមេរិក​នឹង​ប៉ះ​ពាល់​ដល់​ផ្នែក​ខ្លះ​នៃ​ប្រតិបត្តិការ​ការងារ​របស់​ ​CMAC​ ​ហើយ​ថា​ ការ​កាត់​ផ្តាច់​ជំនួយ​នេះ​ ​គឺ​ជា ការ​គំរាម​កំហែង​មួយ។​ លោក​អាមេរិក​មាន​ចេតនា​មិន​ចង់​ឲ្យ​កម្ពុជាមាត់​ក​ច្រើន​ចំពោះ​អាវុធ​គីមី​ដ៏​កាច​សាវ​ហាវ​របស់​អាមេរិក​ ​ដែល​ត្រូវបាន​រកឃើញ​នូវកម្ពុជា។​

នៅមុនការ​ផ្តាច់​ជំនួយ​ធ្វើ​ឡើង​ដោយ​សហ​រដ្ឋ​អាមេរិក​ លោក​ហេង​ រតនា​ បាន​និយាយថា​ អាមេរិក​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ​ដល់​ ​CMAC​ ​ដើម្បីទ្រទ្រង់​សកម្ម​ភាព​ដោះ​មីន​នៅ​កម្ពុជា។​

ក្រៅ​ពី​នេះ​ ​លោក​និយាយ​ថា​ ​CMAC​ ​ទទួល​បាន​ទាំង​សម្ភារៈ​ និង​ថវិកា​ជារួមពី​ប្រទេស​ម្ចាស់​ជំនួយ​ ​ប្រមាណ​ជា ២០លាន​ដុល្លារ​ ​ទៅ​៣០​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។​ ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ​ ​រួម​មាន​ អូស្រ្តាលី​ ​ស្វីស​ ​កាណាដា​ ​ជប៉ុន​ ​ន័រវេស​ ​ស៊ុយអែត​ ​និង​អាល្លឺម៉ង់​ជា​ដើម។​ ​លោក​និយាយ​ថា កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប. ​(UNDP)​ ​ក៏​ជា​អ្នក​ផ្តល់​ថវិកា​ដល់​កិច្ច​ប្រតិបត្តិការ​របស់CMAC​ ​នៅ​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG