សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ការទាមទាររបស់ចិននៃធនធាននៅផ្ទៃទឹកស្ទើរតែទាំងអស់ក្នុងសមុទ្រចិនខាងត្បូងជា «ការខុសច្បាប់ទាំងស្រុង» ដែលជាយុទ្ធនាការរំខានយាយីរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីត្រួតត្រាធនធានទាំងនោះ។
ពួកអ្នកជំនាញខ្លះបានប្រាប់ VOA ថា នេះជាលើកទី១ហើយដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានគាំទ្រការសម្រេចដោយតុលាការសម្របសម្រួលក្នុងក្រុងឡាអេកាលពី៤ឆ្នាំមុន។
លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា «សាធារណរដ្ឋប្រជាមានិតចិនមិនមានហេតុផលខាងផ្លូវច្បាប់ដើម្បីបង្ខិតបង្ខំប្រទេសផ្សេងទៀតនៅតំបន់នោះទេ»។
លោករដ្ឋមន្រ្តីការបរទេស Pompeo បានមានប្រសាសន៍ទៀតថា «រដ្ឋាភិបាលក្រុងប៉េកាំងមិនបានផ្តល់មូលដ្ឋានផ្លូវច្បាប់ដើម្បីទាមទារខ្សែបន្ទាត់៩ចំណុចក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីការប្រកាសផ្លូវការក្នុងឆ្នាំ២០០៩មក»។
ចិនបានប្រកួតប្រជែងជាមួយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីនដើម្បីទាមទារផ្នែកនានានៃសមុទ្រចិនខាងត្បូងដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ។
ចិនបានប្រើខ្សែបន្ទាត់៩ចំណុច ឬ «Nine-Dash Line» ដើម្បីជាកំណត់ត្រាផ្ទៃសមុទ្រតាំងពីសម័យបុរាណដើម្បីទាមទារផ្ទៃទឹកប្រហែល៩០ភាគរយដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់បានឱ្យតម្លៃដោយសារសម្បូរត្រី និងអណ្តូងប្រេងនៅបាតសមុទ្រ។ខ្សែបន្ទាត់៩ចំណុចក៏បានកាត់ទៅជាតំបន់សេដ្ឋកិច្ចផ្តាច់មុខដែរ។
តុលាការអាជ្ញាកណ្តាលអន្តរជាតិដែលមានទីតាំងក្នុងទីក្រុងឡាអេ នៅក្នុងការសម្រេចឱ្យអនុវត្តតាមមួយដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បានច្រានចោលការទាមទារផ្ទៃសមុទ្ររបស់ចិនថាគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។ ចិនបានច្រានចោលការសម្រេចរបស់តុលាការអន្តរជាតិនោះ៕