ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូល​ហេតុដែល​​​​ចិនច្បាស់​ជា​នឹង​​ប្រកួត​ប្រជែង​​​ជាមួយ​នាវា​ផ្ទុក​​យន្តហោះអាមេរិក​​ក្នុង​ដែន​​សមុទ្រ​​អាស៊ី​​​ដែល​មាន​ជម្លោះ


រូបឯកសារ៖ យន្តហោះប្រយុទ្ធប្រភេទ F-35B Lightning II ធ្វើប្រតិបត្តិការនៅតំបន់សមុទ្រចិនភាគខាងត្បូង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​៣​គ្រឿង​បាន​ចូល​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពីពេល​ថ្មីៗនេះ ដែល​នេះ​ជា​ការ​បង្ហាញ​កម្លាំង​ដ៏​ធំ​ខុសប្រក្រតី​មួយក្នុង​ដែន​ទឹក​មានជម្លោះ​របស់​អាស៊ី និង​ទំនង​ជា​ការ​ព្រមាន​មួយ​ដល់ទី​ក្រុង​ប៉េកាំង​ផង​ដែរ​។​ ប្រទេស​ចិនច្បាស់​ជា ធ្វើ​អ្វីៗ​ទាំង​អស់​ក្នុង​ការ​ធានា​ថា​ នឹង​ឆ្លើយ​តប​ជាមួយ​ការ​បង្ហាញកម្លាំង​របស់​ខ្លួន។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ គ្មានភាគី​ណា​មួយ​ត្រូវគេ​រំពឹង​ថា​ នឹង​ធ្វើ​ការ​បាញ់​ប្រហារ​មុន​ឡើយ។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា ​ខ្លួន​នឹង​ឆ្លើយ​តបគ្រប់​សកម្មភាព​យោធា​ទាំង​អស់​របស់​អាមេរិក​ ​យ៉ាង​ហោច​ណាស់ក៏​ក្នុង​រូប​ភាព​នៃ​ការប្រកួត​ប្រជែង​មួយ​ ដើម្បីបង្ហាញកម្លាំងរបស់​ខ្លួន​ក្នុង​ឆ្នាំ​ដែល​អាមេរិក​កំពុង​រៀប​ចំ​ការ​បោះ​ឆ្នោតប្រធានាធិបតី​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​តូច​ៗមួយ​ចំនូន​ក្នុង​ទ្វីប​អាស៊ីចាប់​អារម្មណ៍ និងធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​អប​អរចំពោះ​រឿង​នេះ។​

លោក​ស្រី​ Yun Sun​ មន្រ្តី​ជាន់ខ្ពស់​នៃកម្មវិធី​តំបន់​អាស៊ី​បូព៌ា​នៃ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​ Stimson ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​ បាន​លើក​ឡើងថា៖ ​«គោល​នយោបាយ​បច្ចុប្បន្ន​របស់​ចិន​គឺ​ថា​បើ​អាមេរិក​ធ្វើ​អ្វី​មួយ​ យើង​ត្រូវ​ឆ្លើយ​តបក្នុង​កម្រិតប្រហាក់​ប្រហែល​គ្នា​ និង​ដោយ​កម្រិតប្រាកដ​ប្រជា​ដូច​គ្នា»។

ទី​បញ្ជាការដ្ឋានឥណ្ឌូ​ប៉ាស៊ីហ្វិករបស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា នាវាផ្ទុកយន្តហោះ​៣​គ្រឿង​របស់​អាមេរិក​ USS Theodore Roosevelt, USS Nimitz និង​ USS Ronald Reagan បា​ន​ចូល​ទៅ​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។​

ទី​បញ្ជាការដ្ឋានឥណ្ឌូ​ប៉ាស៊ីហ្វិករបស់​សហរដ្ឋ​អាមេរិកបាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍កាល​ពី​ថ្ងៃទី​២៩​មិថុនា​ថា ​ក្រុម​នាវា​ផ្ទុក​យន្ត​ហោះ ​Nimitz និង Ronald Reagan នឹង​ចូល​រួម «​សមយុទ្ធ​យោធា​និង​ប្រតិបតិ្ត​ការ​ សមាហរណកម្ម ដែល​រក្សា​ការ​តាំង​ចិត្ត​ប្រកប​ដោយ​ការ​ឆ្លើយ​តប​ ការ​បត់​បែន​ និង​ការ​អត់​ធន់ ចំពោះ​កិច្ច​ព្រម​ព្រៀង​ ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​សម្ព័ន្ធមិត្តនិង​ដៃគូ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក»។

លោក​ស្រី​ Sun និយាយ​ថា​ ប្រទេស​ចិន​នឹង​ឆ្លើយ​តបតាម​ផ្លូវ​យោធា​ នយោបាយ​ និង​ការទូត​ព្រោះ​ចិន​ ដឹង​ថា​ លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump​ អាច​ចាញ់​ក្នុងការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​។​

ក្នុង​រយៈ​ពេល​ជាង​២​ឆ្នាំនៃ​ទំនាស់​ពាណិជ្ជ​កម្ម​ ការ​ខ្វែង​គំនិត​គ្នា​លើ​អនាគត​នៃ​បូរណភាព​ទឹក​ដី​ចិន​ហុងកុង​ និង​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​កោះ​តៃ​វ៉ាន់​កាន់តែខ្លាំង​ឡើង​នោះ​ បាន​ធ្វើ​ឲ្យ​ចិន​ប្រុង​ជើង​ការ​ប្រឆាំង​ជាមួយ​លោក​ត្រាំ។ កោះ​តៃវ៉ាន់​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ចិន​បាន​ចាត់ទុកដែន​កោះ​នេះ​ថា​ជា​របស់​ខ្លួន។

លោក​ស្រី​ Sun​ បាន​បន្ត​ថា៖ «ប្រទេស​ចិន​អាច​ជឿ​ថា ​ខ្លួនគ្មាន​អ្វី​ដែល​ត្រូវ​បាត់​បង់​នោះ​ទេ​ក្នុង​រយៈ​ពេលប៉ុន្មាន​ខែរបស់​រដ្ឋបាល​លោកត្រាំ មុន​ការ​បោះ​ឆ្នោត ហើយ​ចិន​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ពិបាកៗ​ទាំង​អស់​ដែល​ក្រុង​ប៉េកាំង​មាន​បំណង​ចង់​ធ្វើ​ពី​អតីតកាល​តែ​មិន​អាច​ធ្វើ​បាន​ ​ដូច្នេះ​ពេល​នេះ​ជា​ពេល​មួយ​ដ៏​ល្អ​ដែល​ខ្លួន​អាច​ធ្វើ»។ ​

កាល​ពី​ខែ​មុន មន្រ្តី​ចិន​ក្នុង​ក្រុង​ប៉េកាំង​ បាន​អនុម័តច្បាប់​សន្តិសុខ​មួយ​ក្នុង​បំណង​បញ្ឈប់​ការ​ប្រឆាំង​តវ៉ា​ក្នុង​ក្រុង​ហុងកុង​ ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន ព្រួយ​បារម្ភ ​ ហើយ​ការ​ប៉ះ​ទង្គិចជា​មួយកង​ទ័ព​ឥណ្ឌា ក្នុង​រឿងជម្លោះ​ទឹក​ដីជា​មួយ​ប្រទេស​ឥណ្ឌា​ដែល​ជា​សម័្ព​នមិត្ត​របស់​អាមេរិក​នោះ។ ​

អ្នក​ដឹក​នាំ​គណបក្ស​កុម្មុយ​នីស្ត​ក្នុង​ក្រុង​ប៉េកាំង នឹង​ឆ្លើយ​តប​ទៅ​នឹង​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក ដើម្បី​ជា​ការ​រំឭក​ដល់​ពិភព​លោក​ពី​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​ ជា​ពិសេស​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Oh Ei Sun​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ច​ការ​អន្តរជាតិនៃ​ប្រទេស​សិង្ហបូរី​។ លោក​បាន​ប្រដូច​មហិច្ឆតា​ចិន​ទៅ​នឹង​ទ្រឹស្តី ​Monroe ឆ្នាំ1823 ដែល​ជា​គោល​នយោបាយ​អាមេរិក​មួយ ដែល​ចែង​ថា​ អំណាច​របស់​អឺរ៉ុប​មិន​ត្រូវ​ជ្រៀត​ជ្រែក​ក្នុង​រឿង​អាមេរិក​ ហើយ​អាមេរិក​ក៏​មិន​ជ្រៀត​ជ្រែកក្នុង​រឿងអឺរ៉ុប​ដែរ​។​ ​

លោក ​Oh Ei Sun ​បាន​ថ្លែងថា៖ «ប្រទេស​ចិន​នឹងចាត់​ទុកតំបន់​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង ស្ថិត​នៅ​ក្រោមឥទ្ធិពល​របស់​ខ្លួន​ ដែល​នេះ​វា​ប្រហាក់​ប្រហែល​គ្នាទៅ​នឹង​ទ្រឹស្តី​របស់ Monroe ​ដែល​ថា ​បណ្តា​ប្រទេសអឺរ៉ុប​ មិន​គួរ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​របស់​អាមេរិក​នោះ​ទេ‍»​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជា​អ្នក​ទាមទា​រដែល​មាន​កងទ័ពខ្លាំង​ជាងគេក្នុង​ការ​គ្រប់​គ្រង​តំបន់​សមុទ្រចិន​ខាង​ត្បូង ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ក្រឡា​ ដែល​ជា​តំបន់ដែល​សម្បូរទៅ​ដោយ​ត្រីនិង​ថាមពល​ឧស្ម័ន​។ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់​ និង​ប្រទេស​វៀតណាម​ កំពុង​ស្ថិត​ក្នុង​ជម្លោះជាមួយ​ចិន​ក្នុង​ការ​ដណ្តើម​ការ​គ្រប់គ្រង​នូវ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​អស់​ឬ​ផ្នែក​ខ្លះ​ ដែល​អាច​មាន​ទំហំ​ប្រមាណ​៩០ភាគរយនៃ​តំបន់​សមុទ្រ​ទាំង​មូល​។​

ទីក្រុង​វ៉ាស៊ីនតោន​លើ​ក​ឡើង​ថា តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​គួ​រត្រូវ​ទុក​បើក​ចំហអន្តរជាតិប្រើ​ប្រាស់​។ ក្រោម​រដ្ឋបាល​លោក​ត្រាំ សហរដ្ឋ​អាមេរិក​បាន​ជួយ​ប្រទេសវៀតណាម​ តៃវ៉ាន់​ និង​ហ្វីលីពីនក្នុង​ការ​ពង្រឹង​កងទ័ព​របស់​ពួកគេ។

លោក Oh និយាយថា មន្រ្តី​ចិន​ «​ពិត​ជាមិន​ស្វាគមន៍នាវាចំបាំង​អាមេរិក​ទាំង​អស់​ដែល​បាន​ឆ្លង​កាត់​តំបន់​សមុទ្រ​ខាង​ត្បួង​ឡើយ​»។

អ្នក​ជំនាញ​យោធា​ចិន​ជឿ​ថា​ ការ​ចល័ត​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បាន​បង្ហាញពី «នយោបាយ​អនុត្តរភាព​នៅ​ក្នុង​តំបន់» នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Global Times ដែល​មាន​ទី​ស្នាក់ការក្នុង​ទី​ក្រុង​ប៉េកាំង​ កាល​ពីថ្ងៃ​ទី​១៤​មិថុនា​។ គេហទំព័រ​របស់​សារព័ត៌មាន​នេះ​ បាន​ចុះ​ផ្សាយ​ថា​ «ប្រទេស​ចិន​អាច​ធ្វើ​ការ​ប្រឆាំង​តប​តវិញ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​ និង​បង្ហាញ​ពី​លទ្ធភាព​និង​ការ​តាំង​ចិត្ត ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​។

ប្រទេស​ចិនកន្លង​មកបាន​បង្ហាញ​ការ​តាំង​ចិត្ត​ដើម្បី​ប្រកួត​ប្រជែងជាមួយ​សកម្ម​ភាព​នាវា​អាមេរិក​ក្នុង​តំបន់​អាស៊ី​រួច​ហើយ។ សកម្ម​ភាព​ឆ្លើយ​តប​កន្លង​មក​របស់​ចិន​ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវា​ង​ចិន​អាមេរិក​ មាន​ភាព​ល្អក់​កករ​ និង​ធ្វើ​ឲ្យ​ប្រទេស​តូចៗមួយ​ចំនួនក្នុង​តំបន់​អាស៊ី​មាន​ការ​ភ័យខ្លាច​មិន​ហាន​កាន់​ជើងខាង​ណា​ទេ​។ ទោះ​ជា​យ៉ាងនេះ​ក្តី​ សកម្មភាព​ទាំង​នោះ​មិនដែល​បាន​បង្កឲ្យ​មាន​ជម្លោះ​នៅ​ឡើយ​ទេ។

ការ​ឆ្លង​កាត់របស់នាវា​សង្គ្រាមអាមេរិក​ក្នុងច្រក​សមុទ្រ​ដែល​ខណ្ឌ​ចែក​កោះតៃវ៉ាន់​ និង​ប្រទេស​ចិន​ដី​គោក​នោះ បាន​ទទួល​ការ​ឆ្លើយ​តប​វិញ​ពី​ចិន​ដី​គោក​ ចាប់​តាំ​ង​ពី​ឆ្នាំ​២០១៧​មក ដែល​ក្នុង​នោះ​រួម​មាន​ការហោះ​ចូល​ក្នុង​ដែន​អាកាស​តៃវ៉ាន់​ដោយ​យន្ត​ហោះ​ចំបាំង​របស់​ចិន​ដីគោក​ ជា​ឧទាហរណ៍។ នៅ​ពេល​ដែល​នាវាពិឃាដ​បំពាក់​មីស៊ីល​របស់​អាមេរិក USS Barry បាន​ឆ្លង​កាត់​ជិត​តំបន់​ត្រួត​ត្រា​របស់ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ខែ​មេសា​នោះ​ ប្រទេស​ចិនបាន​ប្តូរឈ្មោះ​កូន​កោះ​ចំនួន​៨០និង​ប្រែ​ក្លាយតំបន់ទាំង​នោះឲ្យ​ទៅ​ជា​កន្លែង​ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​ចិន។ ​

លោក​ Alexander Huang សាស្រ្តាចារ្យ​មុខ​វិជ្ជា​យុទ្ធសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ Tamkang ក្នុង​កោះ​តៃវ៉ាន់ លើក​ឡើង​ថា ប្រទេស​ចិន​រំពឹង​ថា​ ការ​ឆ្លើយ​តប​របស់​ខ្លួន​ប្រឆាំង​នឹង​អាមេរិក​នឹង​បង្កើន​ការ​ជឿ​ជាក់​របស់​ប្រជា​ជន​ចិនលើ​កង​ទ័ព​របស់​ខ្លួន​។ រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា នឹង​អាច​បង្ហាញ​ដល់​ប្រជាជន​របស់​ខ្លួន​ថា​ចិន​អាច​ប្រឈម​ជាមួយ​អាមេរិក​ដោយ​ផ្ទាល់​បាន។​

លោក​ Huang ​និយាយ​ថា​ក្នុង​ឱកាស​ខួប​១០០ឆ្នាំ​ នៃ​កំណើត​បក្ស​កុម្មុយនីស្តចិន​នៅ​ឆ្នាំ​ក្រោយ​ ប្រទេស​ចិន​នឹង​ពង្រឹង​ការប្រឆាំង​របស់​ខ្លួន​ទៅ​លើ​ឥទ្ធិពល​អាមេរិក។ រដ្ឋាភិបាល​ឯកបក្ស​របស់​ប្រទេស​ចិន​ជា​ទូទៅ​បាន​ព្យាយាម​ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ នៅ​មុន​ពេល​មាន​ព្រឹត្តិការណ៏​ធំ​កើត​ឡើង​។

លោក Huang​ លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា​ក្នុង​រយៈ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ពួកគេ​នឹង​អាច​បង្ហាញ​ពី​កម្លាំង​របស់​គេ​។ គ្មាន​ហេតុផល​ណា​ដែល​គេ​បោះ​បង់​ចោល​នូវ​បំណង​នោះ​ឡើយ​នៅ​ពេល​នេះ​»៕​

ប្រែ​សម្រួលដោយលោ​ក ជ្រា​ វណ្ណារិទ្ធ

XS
SM
MD
LG