ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ចិន ពិភាក្សា​គ្នា​អំពី​បញ្ហា​អ៊ុយក្រែន ដោយ​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាពតានតឹង


រូបឯកសារ៖ លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន នៅ​ពេល​លោក​ដើរចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន នៅ​ពេល​លោក​ដើរចាកចេញ​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន​ បាន​ប្រាប់​សហរដ្ឋ​អាមេរិក​ថា ខ្លួន​ចង់​ឃើញ​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​បញ្ហា​អ៊ុយក្រែន រក្សា​ភាព​អត់ធ្មត់​ និង​បញ្ចៀស​ការ​បង្កើន​ភាព​តានតឹង។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ បាន​សង្កត់ធ្ងន់​អំពី​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​បាន​ព្រមាន​ថា​ ភាព​គឃ្លើន​របស់​រុស្ស៊ី​ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ផ្នែក​សន្តិសុខ​និង​សេដ្ឋកិច្ច។ នេះ​ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuter។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​បញ្ហា​អ៊ុយក្រែន​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ។

ក្រសួង​ការបរទេស​ចិន​ បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា លោក Wang បាន​ប្រាប់​លោក Blinken ថា «រដ្ឋាភិបាល​ចិន​ អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​ឲ្យ​រក្សា​ភាព​អត់ធ្មត់ និង​កុំ​ធ្វើ​សកម្មភាព​ណា​ដែល​បង្កើន​ភាព​តានតឹង​និង​ធ្វើ​ឲ្យ​វិបត្តិ​រីក​កាន់តែ​ធំ»។

ប្រទេស​រុស្ស៊ី​ដែល​បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ បាន​ទាមទារ​ឲ្យ​អង្គការ​អូតង់ (NATO) ដក​កងទ័ព​និង​សព្វាវុធ​ចេញពី​តំបន់​អឺរ៉ុប​ខាងកើត ​និង​រារាំង​មិន​ឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អង្គការ​អូតង់។

សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អង្គការ​អូតង់​ បាន​ច្រានចោល​ការ​ទាមទារ​ទាំង​នេះ ក៏​ប៉ុន្តែ​បាន​លើកឡើង​ថា ពួកគេ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ប្រធានបទ​ផ្សេងៗ​ ដូចជា​ការ​គ្រប់គ្រង​សព្វាវុធ​ និង​វិធានការ​កសាង​ទំនុកចិត្ត​ជាដើម។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​ដកស្រង់​សម្ដី​របស់​លោក Blinken ដែល​បាន​និយាយ​ទៅកាន់​លោក Wang យ៉ាង​ដូច្នេះ​ថា៖ «លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា ការ​បន្ធូរបន្ថយ​ភាព​តានតឹង ​និង​ការទូត ​គឺជា​វិធី​បែប​ទទួល​ខុសត្រូវ​នៅក្នុង​ការ​អនុវត្ត​ទៅមុខ»។

ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ថា បញ្ហា​សន្តិសុខ​សាកលលោក​ និង​ហានិភ័យ​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​ការ​ពិភាក្សា​រវាង​លោក Blinken និង​លោក Wang៕

XS
SM
MD
LG