ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​រួម​គ្នា នៅ​ចំ​ពេល​មាន​ការ​គំរាម​ពី​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បើក​យន្ដហោះ​ចម្បាំង​ជា​ក្រុម​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃអង្គារ ទី ៧ ខែមិថុនា ឆ្នាំ២០២២។ (South Korea Defense Ministry via AP)
រូបឯកសារ៖ យន្ដហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​បើក​យន្ដហោះ​ចម្បាំង​ជា​ក្រុម​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃអង្គារ ទី ៧ ខែមិថុនា ឆ្នាំ២០២២។ (South Korea Defense Ministry via AP)

នាវា​ដឹក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​និង​ក្រុម​ប្រយុទ្ធ​របស់​នាវា​នេះ​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​នឹង​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​គឺ​ជា​សមយុទ្ធ​លើក​ដំបូង​បង្អស់​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់ ដែល​ការ​បាញ់​នេះ​អាច​ជា​ការ​គំរាម​ឆ្លើយតប​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​នេះ។

សមយុទ្ធ​រយៈពេល ៤ ថ្ងៃ​នេះ​មាន​គោល​បំណង​បង្ហាញ​អំពី «ការ​តាំងចិត្ត​ដ៏​ខ្លាំងក្លា» របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង «នៅ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​បង្កហេតុ​របស់​ប្រទេស​កូរ៉េ​ខាងជើង» និង​មាន​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​កងទ័ព​ជើង​ទឹក​រួម​គ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កងទ័ព​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

នាវា​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​និង​នាវា​ទាហាន​ជើង​ទឹក​កូរ៉េ​ខាងត្បូង​ជាង ២០ គ្រឿង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក នាវា​ល្បាត​របស់​សហរដ្ឋ​អាមេរិក និង​នាវា​ពិឃាត​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ផង​ដែរ បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា យន្តហោះ​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ក៏​នឹង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​នេះ​ផង​ដែរ។

សមយុទ្ធ​លើក​នេះ​គឺ​ជា​សមយុទ្ធ​រួម​គ្នា​លើក​ដំបូង​បង្អស់​ដែល​មាន​ការ​ចូលរួម​ពី​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ជិត​ឧបទ្វីប​កូរ៉េ​តាំង​ពី​ឆ្នាំ ២០១៧ មក។ តាំង​ពី​ពេល​នោះ​មក សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​បាន​លុបចោល​ឬ​ក៏​កាត់​បន្ថយ​ទំហំ​នៃ​ការ​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​នេះ ដើម្បី​គាំទ្រ​ដល់​ការ​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​រឿង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ និង​ដើម្បី​បង្កា​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​បាន​ផ្ទុះ​ឆ្លង​រាលដាល​នៅ​លើ​ពិភពលោក​តាំងពី​ដើម​ឆ្នាំ ២០២០ មក៕

XS
SM
MD
LG