ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​តាមដាន​មីស៊ីល​កូរ៉េ​ខាង​ជើង


មនុស្ស​ម្នា​មើល​កម្មវិធី​ទូរទស្សន៍​ដែល​ផ្សាយ​វីដេអូ​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​តាមដាន​គ្រាប់​មីស៊ីល​ពី​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

សមយុទ្ធ​ត្រី​ភាគី​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​តិច​ជាង​ពីរ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​មួយ និង​បាន​ប្រកាស​ថា ខ្លួន​សម្រេច​បាន​នូវ​ភាព​ជា​រដ្ឋ​នុយក្លេអ៊ែរ​ឯករាជ្យ​ពេញលេញ​មួយ​ហើយ ដែល​ករណី​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ជុំវិញ​ពិភពលោក​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នេះ។

សមយុទ្ធ​រយៈពេល​ពីរ​ថ្ងៃ ដែល​ជា​សមយុទ្ធ​លើក​ទី ៦ ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​មុន​មក បាន​ចាប់ផ្ដើម​ធ្វើ​នៅ​ក្នុង​ដែន​ទឹក​ជិត​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង។

ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ទាំង​ប្រទេស​ជប៉ុន សុទ្ធតែ​មាន​សម្ព័ន្ធភាព​សន្តិសុខ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ទោះបីជា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​រាំង​ស្ទះ​ដោយសារ​ជម្លោះ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ និង​ដែនដី​ក៏​ដោយ។

មន្ត្រី​យោធា​កំពូល​របស់​រុស្ស៊ី​លោក Valery Gerasimov បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Itsunori Onodera នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​ចង់​ដោះស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង​នេះ​តាម​រយៈ​វិធីសាស្ត្រ​ការទូត។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន​មួយ​រូប​បាន​និយាយ​ថា លោក Valery Gerasimov បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ជា​ការ​បង្ក​ឲ្យ​មាន​អស្ថិរភាព៕

XS
SM
MD
LG