ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ


រូបភាពឯកសារ៖ ទូក​​ល្បាតកងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូងបាញ់​ក្នុង​សមយុទ្ធ​នៅ​ឆ្នេរ​ភាគ​អាគ្នេយ៏​ប្រទេស​កូរ៉េខាងជើង​ក្បែរ​ប៊ូសាន។
រូបភាពឯកសារ៖ ទូក​​ល្បាតកងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូងបាញ់​ក្នុង​សមយុទ្ធ​នៅ​ឆ្នេរ​ភាគ​អាគ្នេយ៏​ប្រទេស​កូរ៉េខាងជើង​ក្បែរ​ប៊ូសាន។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ពេល​ដែល​ជម្លោះ​នៅ​ក្នុង​តំបន់​អាច​នឹង​មាន​ការ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​ដ៏​រីក​ចម្រើន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

នាវា​ចម្បាំង​សម្រាប់​កម្ទេច​អាវុធ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ USS Spruance ដែល​បំពាក់​ទៅ​ដោយ​ឧបករណ៍​ទំនើប​ផ្សេងៗ​សម្រាប់​តទល់​នឹង​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​មុជ​ទឹក បាន​ចូលរួម​ជាមួយ​នឹង​នាវា​ចម្បាំង​សម្រាប់​កម្ទេច​អាវុធ​មីស៊ីល នាវា​មុជ​ទឹក និង​ឧទ្ធម្ភាគចក្រ​សម្រាប់​តទល់​នឹង​នាវា​មុជ​ទឹក និង​យន្តហោះ​ចម្បាំង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ប្រតិបត្តិការ​ដែន​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ខាង​កើត ឬ​ក៏​សមុទ្រ​ជប៉ុន។

លោក​ឧត្តម​នាវា​ឯក Brad Cooper ដែល​ជា​មេបញ្ជាការ​ទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមយុទ្ធ​ទាហាន​ជើង​ទឹក​រួម​គ្នា​នេះ គឺ​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី «កម្លាំង និង​ការ​តាំងចិត្ត​ដ៏​រឹងមាំ» របស់​សម្ព័ន្ធ​មិត្ត​យោធា​សហរដ្ឋ​អាមេរិក «នៅ​ក្នុង​ការ​ការពារ​តទល់​នឹង​សកម្មភាព​គឃ្លើន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង»។

ដើម្បី​ប្រឈម​មុខ​ជាមួយ​នឹង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ និង​សមត្ថភាព​គ្រាប់​ផ្លោង​មីស៊ីល​ដែល​កំពុង​មាន​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កូរ៉េ​ខាង​ជើង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល កំពុង​ផ្ដោត​ខ្លាំង​លើ​ការ​ត្រៀម​រួច​ជា​ស្រេច​នូវ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ការ​ការពារ ឬ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ដែល​អាច​កើត​មាន​ឡើង។

កាល​ពី​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ហោះ​ហើរ​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-1B ជា​បណ្ដោះ​អាសន្ន​ពី​កោះ Guam និង​បាន​ធ្វើ​ការ​ហោះ​ហើរ​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​កម្ទេច​អាវុធ​នុយក្លេអ៊ែរ​ទៅ​ជិត​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ៕

XS
SM
MD
LG