ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក កាណាដា​និង​អង់គ្លេស​ដើរ​ចេញ​​​ពី​​កិច្ចប្រជុំ​​ក្រុម​ប្រទេស G-20 ដោយ​សារ​ការ​ចូលរួម​របស់​រុស្ស៊ី


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី​លោកAnton Siluanov ចូល​រួម​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​រុស្ស៊ី​នៅ​ក្នុង​ទី​រដ្ឋធានី​មូស្គូ កាល​ពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០។ (AP)
រូប​ឯកសារ៖ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រុស្ស៊ី​លោកAnton Siluanov ចូល​រួម​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​រុស្ស៊ី​នៅ​ក្នុង​ទី​រដ្ឋធានី​មូស្គូ កាល​ពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០។ (AP)

មេដឹកនាំ​ជាន់ខ្ពស់របស់​សហរដ្ឋ​អាមេរិក កាណាដា​និង​ចក្រភព​អង់គ្លេស​បាន​ដើរចេញ​ពី​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿនទាំង២០ឬ​ G20 នៅរដ្ឋធានី​វ៉ាស៊ីនតោននៅ​ថ្ងៃ​ពុធម្សិលមិញ​ ដើម្បី​ជា​ការប្រឆាំង​ទៅ​នឹងការ​សម្រេចចិត្តរបស់​អង្គការ​នេះ​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​រុស្ស៊ី​ដែល​រួម​មាន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Anton Siluanov ចូលរួមក្នុង​កិច្ចប្រជុំនៃ​ក្រុម​ប្រទេស G-20 នេះ។

សហរដ្ឋ​អាមេរិក​និង​សមាជិក​ដទៃ​ទៀត​នៃ​ក្រុម​ប្រទេស G-20 បាន​អំពាវនាវ​ដល់ឥណ្ឌូណេស៊ី​ដែល​បច្ចុប្បន្ន​នេះ​ធ្វើ​ជា​ប្រធាន​ឆ្លាស់វេនរបស់​អង្គការ​នេះ​ឲ្យ​ដាក់​បម្រាម​ទៅ​លើ​រុស្ស៊ី​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ដោយសារតែ​ការឈ្លានពានរបស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

បើទោះ​បី​ជា​អ៊ុយក្រែន​មិនមែន​ជាសមាជិក​នៃ​ក្រុម​ប្រទេស G-20 ក៏ដោយ ក៏រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោកSerhiy Marchenko ត្រូវ​បាន​គេអញ្ជើញឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ។ នៅ​ក្នុង​សុន្ទករថា​នៃ​ការ​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​នោះ លោក Kuleba បានសន្យា​ថា អ៊ុយក្រែន​នឹង​មិន​កាត់ទឹកដី​របស់​ខ្លួនទៅ​ឲ្យ​រុស្ស៊ី​សម្រាប់កិច្ចចរចា​សន្តិភាព​នោះឡើយ។ ទាំងលោក Kuleba និង​លោក Marchenko ក៏​បាន​ចូល​រួម​ក្នុង​ការដើរចេញ​ពី​កិច្ច​ប្រជុំ​នោះ​ដែរ​ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​រុស្ស៊ី​នៅក្នុង​កិច្ចប្រជុំ​នេះ។

មិន​ដូច​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រទេស G-20 ដែល​ជា​ទូទៅ​ត្រូវ​បាន​ចូល​រួម​ដោយប្រមុខរដ្ឋនៃ​ប្រទេស​ជា​សមាជិក កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញនៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក គឺ​ជា​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាលធនាគារ​ជាតិ​នៃបណ្តា​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-20។

កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំរបស់​ក្រុម​ប្រទេស​ G-20 គ្រោង​នឹង​ធ្វើឡើង​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅកោះ​បាលី ប្រទេសឥណ្ឌូណេស៊ី​ដែលប្រទេស​នេះ​ធ្វើ​ជា​ប្រធាន​ឆ្លាស់វេន​សម្រាប់​ក្រុម​ប្រទេស G-20 នៅក្នុង​ឆ្នាំ២០២២​នេះ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ត្រូវ​បាន​ស្វាគមន៍​នៅ​កោះ​បាលី​សម្រាប់​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេសG-20នៅ​ពេល​ខាងមុខ​នេះដែល​ការណ៍​នេះ​បាន​ធ្វើឲ្យ​ការប្រឆាំង​តវ៉ា​ពី​សំណាក់សមាជិក​មួយចំនួន​នៃ​ក្រុម​ប្រទេស G-20 ហើយ​បាននិយាយ​ថា ពួកគេអាច​នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ផង​ដែរ៕

XS
SM
MD
LG