អ្នកស្រី Alison Killing ដែលជាអ្នកសារព័ត៌មានទទួលបានពានរង្វាន់ Pulitzer Prize និងជា ស្ថាបត្យករផងដែរនោះ គឺជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនដទៃទៀតដែលមកពីមជ្ឈដ្ឋានយ៉ាងចម្រុះសម្រាប់ការថ្លែងបើកសន្និសីទ TED ឆ្នាំនេះ។ អ្នកស្រីទទួលបានពានរង្វាន់សារព័ត៌មានដោយការប្រើប្រាស់រូបភាពពីផ្កាយរណប និងពីប្រភពសាធារណៈផ្សេងទៀត ដើម្បីលាតត្រដាងអំពីជំរំឃុំឃាំង និង ពលកម្មដោយបង្ខំ នៅក្នុងតំបន់ Xinjiang នៃប្រទសចិន។ អ្នកស្រី Killing បានថ្លែងប៉ុន្មានថ្ងៃបន្ទាប់ពីមានរបាយការណ៍មួយចំនួនភ្ជាប់ជាមួយនឹងរូបពីផ្កាយរណប ដែលបង្ហាញអ្វីដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកស្រីថ្លែងប្រាប់វីអូអេថា វិធីល្អបំផុតមួយដើម្បីទទួលបានព័ត៌មានអំពីបញ្ហាអ៊ុយក្រែន និង រុស្ស៊ី នោះគឺ ពលរដ្ឋក្នុងប្រទេសទាំងពីរនេះ អាចប្រើប្រាស់បច្ចេកវិទ្យាបណ្ដាញឯកជនពីចម្ងាយ ឬ VPN នៅលើបណ្ដាញអ៊ីនធឺណិតរបស់ពួកគេ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ខ្ញុំយល់ថា ទិន្នន័យចេញពីប្រភពសាធារណៈ និងការស៊ើបអង្កេតនានា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្ដល់ព័ត៌មានល្អ ហើយព័ត៌មានទាំងនោះ ត្រូវបានបញ្ចេញក្នុងរបៀបមួយដែលអ្នកណាក៏អាចទទួលបាន និងអាចពិនិត្យមើលថាតើវាពិតឬយ៉ាងណា»។
ប៉ុន្តែ អ្នកស្រី Killing បន្ថែមថា រាល់ព័ត៌មានទាំងអស់ជានិច្ចកាល ត្រូវតែធ្វើការពិនិត្យទៅលើភាពពិតរបស់វា។ វាគ្មិនម្នាក់ទៀតដែលបានចូលរួមក្នុងសន្និសីទនេះ គឺលោក Bektour Iskender ស្ថាបនិកគេហទំព័រ Kloop ដែលជាគេហទំព័រប្លុកព័ត៌មានបង្កើតឡើងនៅឆ្នាំ ២០០៧ ដើម្បីតតាំងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ លោកនិយាយថា ប្រសិនបើរដ្ឋាភិបាលបិទគេហទំព័រកាន់តែច្រើន វាកាន់តែល្អ ពីព្រោះថា វាជំរុញឲ្យមនុស្សងាកមកប្រើប្រាស់បណ្ដាញVPN និងវិធីផ្សេងទៀតកាន់តែច្រើន ដើម្បីស្វែងរកប្រភពព័ត៌មានដែលឯករាជ្យ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំយល់ថា ស្ថានភាពអាក្រក់បំផុតកើតឡើងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនតូចត្រូវបានបិទ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយប្រហែល ៩៥ ភាគរយផ្សេងទៀតនៅតែមានដំណើរការ។ ប្រសិនបើសិនស្ថានភាពបែបនេះកើតមានឡើង នោះមនុស្សនឹងមិនខ្វល់ពីប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានបិទនោះទេ ដោយសារតែពួកគេនៅតែអាចទទួលបានព័ត៌មានផ្សេងទៀត។ ប៉ុន្តែ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយ ឬ ព័ត៌មាន ៥០ ភាគរយត្រូវបានបិទវិញ ពេលនោះទើបមនុស្សចាប់ផ្ដើមខ្វល់ខ្វាយ»។
អ្នកស្រី Katherine Mangu-Ward ដែលជានិពន្ធនាយកទស្សនាវដ្ដី Reason និយាយថា បើទោះបីជាបណ្ដាញសង្គមអាចដើរតួនាទីសំខាន់ក្នុងការបញ្ចេញព័ត៌មានដោយគ្មានការរឹតត្បិតពីប្រភពនានាពីមូលដ្ឋានផ្ទាល់ក៏ដោយ គេមិនត្រូវភ្លេចគិតថា តើអ្នកណាកំពុងរឹតត្បិតព័ត៌មាន ហើយពួកគេធ្វើដូច្នេះដើម្បីអ្វី។
អ្នកស្រីថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា យើងគ្រប់គ្នាអាចងប់នឹងការពិភាក្សាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើហ្វេសប៊ុក ឬពិភាក្សាថាតើអ្នកណាជាអ្នកសម្រិតសម្រាំងព័ត៌មាននៅលើបណ្ដាញទ្វីតធ័រ ប៉ុន្តែគេអាចភ្លេចគិតថា មានការគំរាមកំហែងធ្ងន់ធ្ងរជាងនេះទៅទៀត នោះគឺរដ្ឋផ្ដាច់ការដែលរាំងខ្ទប់ព័ត៌មានពិត និងបញ្ហាសំខាន់ៗ ដូចជាតួនាទីរបស់រុស្ស៊ីនៅអ៊ុយក្រែននាពេលនេះ»។
មហាសេដ្ឋីមានប្រាក់រាប់ពាន់លាន គឺលោក Elon Musk បានលេចមុខនៅក្នុងសន្និសីទនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានប្រកាសដេញថ្លៃទិញយកបណ្ដាញទ្វីតធ័រ (Twitter) ក្នុងទឹកប្រាក់ ៤៣ ពាន់លានដុល្លារ។ សហស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនី Tesla រូបនេះនិយាយថា លោកនឹងធ្វើការផ្លាស់ប្ដូរខ្លះនៃបណ្ដាញសង្គមមួយនេះ ដូចជាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកែសម្រួលអ្វីដែលពួកគេបានបង្ហោះ និង ប្រែក្លាយរូបមន្តកុំព្យូទ័រ (algorithm) នៃបណ្ដាញទ្វីតធ័រឲ្យក្លាយជាប្រភពព័ត៌មានបើកចំហ។
អ្នកបរិច្ចាគខាងមនុស្សធម៌ និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានសម្ពោធសៀវភៅថ្មីមួយរបស់លោកដែលមានចំណងជើងថា «វិធីទប់ស្កាត់ជំងឺរាតត្បាតសកលនាពេលអនាគត»។ លោកជំរុញឲ្យប្រទេសកំពុងអភិវឌ្ឍន៍រួមគ្នាចំណាយទឹកប្រាក់ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលនានានៅពេលអនាគត តាមរយៈការបង្កើតក្រុមមួយដែលលោកហៅថា «ការឆ្លើយតប និង ការកៀរគរសកលដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត» ហៅកាត់ថា GERM។ ក្រុមនេះគួរតែត្រូវបានបង្កើតឡើងដោយមានក្រុមវេជ្ជបណ្ឌិត អ្នកការទូត អ្នកជំនាញផ្នែកគោលនយោបាយ និងទំនាក់ទំនងសរុបចំនួន ៣.០០០នាក់ ដែលនឹងធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជាសាកលនាពេលអនាគតបានក្នុងរយៈពេល ១០០ ថ្ងៃដំបូង។
ថ្លែងក្នុងសន្និសីទដែលធ្វើឡើងខុសប្លែកពីសព្វមួយដង លោក Chris Anderson ប្រធានគ្រប់គ្រងសន្និសីទ TED បានថ្លែងបើកកម្មវិធីដោយអំពាវនាវឲ្យអ្នកចូលរួម និងអ្នកទស្សនាតាមអនឡាញបរិច្ចាគថវិកា មិនថា មួយពាន់ដុល្លារ មួយម៉ឺនដុល្លារ ដប់ម៉ឺនដុល្លារ ឬមួយលានដុល្លារ ដល់អង្គការចំនួន ៥ ដែលកំពុងផ្ដល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន។ ទោះបីជាគ្មានអ្នកលើកដៃស្ម័គ្រចិត្តបរិច្ចាគប្រាក់ខ្ទង់លានដុល្លារក៏ដោយ ក៏មនុស្សជាច្រើនបានបង្ហាញការស្ម័គ្រចិត្តបរិច្ចាគថវិកាខ្ទង់ដប់ម៉ឺនដុល្លារផងដែរ។ អ្នកចូលរួមអះអាងថា ពួកគេនឹងចូលវិភាគទានថវិកាប្រមាណ ២,១៥ លានដុល្លារដើម្បីជួយដល់កិច្ចប្រឹងប្រែងផ្ដល់ជំនួយនៅអ៊ុយក្រែន៕
ប្រែសម្រួលដោយលោក នៀម ឆេង