រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានដាក់បម្រាមដល់ការនាំចូលផលិតផលធ្វើពីកប្បាសរបស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋចិនដោយសារតែការផលិតទាំងនោះប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៃក្រុមជនជាតិភាគតិចដែលត្រូវបានគេឃុំឃាំង។
ទីភ្នាក់ងារការពារព្រំដែននិងគយសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដោយបិទបញ្ចប់ការដឹកជញ្ជូនផលិតផលពីក្រុមហ៊ុន Xinjiang Protectionand ConstructionCorps ឬ XPCC ដែលមានការពាក់ព័ន្ធនឹងកងទ័ពចិន។ បទបញ្ជានេះក៏តម្រូវផងដែរឲ្យក្រុមហ៊ុនអាមេរិកនានាដែលចង់នាំចូលផលិតផលកប្បាសពីប្រទេសចិនត្រូវបង្ហាញថាខ្លួនមិនបាននាំផលិតផលមកពីក្រុមហ៊ុនចិន XPCC ឬក៏មានខ្សែសង្វាក់ផ្គត់ផ្គង់ដោយក្រុមហ៊ុននេះទេ។
តំបន់ស្វ័យភាព Xinjiang គឺជាប្រភពសំខាន់នៃផលិតផលកប្បាសនិងវាយនភណ្ឌផ្សេងៗទៀតដែលត្រូវបានបញ្ជាទិញដោយក្រុមហ៊ុនសម្លៀកបំពាក់ដែលមានយីហោល្បីធំៗជាច្រើននៅលើពិភពលោក។ ក្រុមហ៊ុនចិន XPCC ផលិតសម្ភារៈដែលធ្វើពីកប្បាសរបស់ចិនប្រមាណ៣០%ក្នុងឆ្នាំ២០១៥។
លោក Ken Cuccinelli អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងសនិ្តសុខមាតុភូមិសហរដ្ឋអាមេរិកដែលជាស្ថាប័នមួយគ្រប់គ្រងលើទីភ្នាក់ងារការពារព្រំដែននិងគយអាមេរិកនោះបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថារាល់សម្លៀកបំពាក់ដែលមានបិទម៉ាកថា«ផលិតក្នុងប្រទេសចិននោះ» គួរត្រូវពិចារណាថាជា«ស្លាកព្រមាន»ដែលផលិតផលនេះត្រូវបានផលិតឡើងដោយ«កម្លាំងទាសករ»។
លោក Mark Morgan ប្រធានស្តីទីនៃទីភ្នាក់ងារការពារព្រំដែននិងគយសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថាការរំលោភជាប្រព័ន្ធនៃការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំរបស់ចិនក្នុងតំបន់ Xinjiangជាការរំខានមួយដល់ក្រុមហ៊ុនជំនួញអាមេរិកនានានិងអ្នកប្រើប្រាស់ទាំងអស់។ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំជាការរំលោភសិទ្ធិមនុស្សដែលធ្វើឲ្យប៉ះពាល់ដល់កម្មករដែលងាយទទួលរងគ្រោះនិងនាំឲ្យមានការប្រកួតប្រជែងមួយមិនស្មើភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញក្នុងពិភពលោក៕