ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​អ៊ុយហ្គ័រ​នៅបរទេសថា ​ចិន​បាន​បញ្ជាក់​ពី​ការ​ស្លាប់​និង​ពិរុទ្ធភាព​របស់​សាច់ញាតិ​ពួកគេ​ដែល​បាត់​ខ្លួន​អស់​ច្រើន​ឆ្នាំ


លោក Abdurehim Gheni អាយុ​ ៤៤ ឆ្នាំ​ ដែល​ជា​ជនជាតិ​អ៊ុយហ្គ័រ​រស់​នៅ​ក្នុង​ប្រទេស​ហូឡង់ ធ្វើបាតុកម្មនៅបរិវេណឧទ្យាន Dam នៅទីក្រុង Amsterdam ប្រទេសហូឡង់ កាលពីខែកក្កដា។

សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​អ៊ុយហ្គ័រ​នៅ​ក្រៅ​ប្រទេស ​និយាយ​ថា ​ឥឡូវ​នេះ​ចិន​កំពុង​ប្រកាស​ជា​ផ្លូវ​ការ​លើ​ការ​ជាប់​ពិរុទ្ធ ឬ​ការ​ស្លាប់​របស់​សមាជិក​គ្រួសារ​ ដែល​បាន​បាត់​ខ្លួន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ នៅ​ក្នុង​ជំរំ​អប់រំ​នៅ​ក្នុង​តំបន់ Xinjiang។​

​ថ្មីៗ​នេះ VOA បាន​សម្ភាស​ជន​អ៊ុយហ្គ័រ​ចំនួន​ ៥ នាក់ ដែល​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​មន្ត្រី​ចិន​ទាក់ទង​ដោយ​ផ្ទាល់ ឬ​ដឹង​តាម​ស្ថាន​បេសកកម្ម​បរទេស ​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ឬ​សន្និសីទ​កាសែត​របស់​រដ្ឋាភិបាល​ចិន​ថា មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ​បាន​ជាប់​ពន្ធនាគារ​ ដោយ​ផ្អែក​លើ​ការ​ចោទប្រកាន់​មិន​ច្បាស់លាស់ ឬ​ស្លាប់​ដោយសារ​ជំងឺ​ នៅ​ជំរំ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជំរំ​អប់រំ​ឡើង​វិញ។

លោក Abdurehim Gheni អាយុ​ ៤៤ ឆ្នាំ​ ដែល​ជា​ជនជាតិ​អ៊ុយហ្គ័រ​រស់​នៅ​ក្នុង​ប្រទេស​ហូឡង់ ​បាន​ប្រាប់​ VOA ថា លោក​មិនអាច​ទាក់​ទង​ជាមួយ​នឹង​គ្រួសារ​របស់​លោក ​នៅ​ក្នុង​តំបន់ Xinjiang នៅ​ក្នុង​ឆ្នាំ២០១៧។

លោក​បាន​និយាយ​ថា សំបុត្រ​មួយ​ផ្ញើ​ពី​ស្ថានទូត​ចិន​ទៅ​កាន់​ក្រសួង​ការបរទេស​ហូឡង់​ បាន​សរសេរ​ថា បងប្អូន​ប្រុស​ ២ នាក់ ក្មួយស្រី និង​បងប្អូន​ប្រុស​សាច់​ថ្លៃ​ ២ នាក់​ទៀត​របស់​លោក ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី​ ៣ ទៅ​ ១៦ ឆ្នាំ​ពី​បទល្មើស​ ដូចជាការ​រំខាន​ដល់​សណ្តាប់ធ្នាប់​សង្គម។

ស្ថានទូត​ចិន​បាន​សរសេរ​ថា សមាជិក​គ្រួសារ​ផ្សេង​ទៀត​របស់​លោក «កំពុង​រស់នៅ​ធម្មតា​នៅ​ក្នុង​សង្គម»។ នេះ​ជា​ការ​អះអាង​មួយ​ដែល​លោក Gheni​ ដែល​មាន​សញ្ជាតិ​ហូឡង់​ចាត់​ទុក​ថា ពិបាក​ជឿ​ណាស់។

លោក​បាន​ធ្វើ​បាតុកម្ម​តែ​ម្នាក់​ឯង​នៅ​រាល់​ចុង​សប្តាហ៍​នៅ​ក្នុង​ក្រុង Amsterdam ចាប់​តាំង​ពី​ឆ្នាំ ២០១៨ ដើម្បី​តវ៉ា​ពី​ការ​បាត់ខ្លួន​ភ្លាមៗ​របស់​ក្រុម​គ្រួសារ​របស់​លោក។

លោក​មិន​មែន​ជា​ជន​អ៊ុយហ្គ័រ​តែ​ម្នាក់​ដែល​ទទួល​បាន​ព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ពី​ស្ថានទូត​ចិន​ អំពី​ការ​បាត់ខ្លួន​សមាជិក​គ្រួសារ​ទេ។

ស្ថានទូត​ចិន​នៅ​ក្នុង​ ក្រុង​អង់ការ៉ា ​ក៏​បាន​ប្រាប់​អ្នកស្រី Nursiman Abdureshid អាយុ​ ៣២ ឆ្នាំ​ថា ឪពុកម្តាយ និង​បងប្អូន​បង្កើត​របស់​អ្នកស្រី ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ពី​បទ «ភេរវកម្ម» បន្ទាប់​ពី​ពួកគេ​បាន​បាត់​ខ្លួន​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៧។ អ្នកស្រី​ជឿជាក់​ថា ការ​ទាក់ទង​ពី​ស្ថានទូត​ គឺ​ជា​លទ្ធផល​នៃ​ការ​តស៊ូ​មតិ​យ៉ាង​សកម្ម​ ដែល​អ្នកស្រី​បាន​ដឹកនាំ​ចាប់តាំងពី​ខែ​កុម្ភៈ​ ដើម្បី​ធានា​ដល់​ការ​ដោះលែង​គ្រួសារ​របស់​អ្នកស្រី។

ការ​បណ្តុះបណ្តាល

អ្នកស្រី Abdureshid បាន​ចាកចេញ​ពី​តំបន់ Xinjiang ទៅ​កាន់​ប្រទេស​តួកគី​ នៅ​ក្នុង​ឆ្នាំ ២០១៥ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ និង​មិន​បាន​ត្រឡប់​ទៅ​វិញ​នោះ​ទេ។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​បាន​ដឹង​ពី​មិត្តភក្តិ​និង​សាច់ញាតិ​សាច់​ឆ្ងាយ​របស់​អ្នកស្រី​ គ្រួសារ​ទាំង​មូល​របស់​អ្នកស្រី​ត្រូវ​បាន​គេ​យក​ទៅ​បណ្តុះបណ្តាល។

អ្នកស្រី​បាន​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖ «បន្ទាប់​ពី​បង្ហោះ​សារ​ក្នុង​បណ្តាញ​ Twitter និង​ការ​សុំ​អង្វរ​ជា​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត នៅ​ទីបំផុត​ខ្ញុំ​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ពី​ស្ថានទូត​ចិន ​នៅ​ថ្ងៃទី១៥ ខែកក្កដា ដោយ​បាន​ប្រាប់​ខ្ញុំ​ថា ឪពុកម្តាយ និង​បងប្អូន​ប្រុស​របស់​ខ្ញុំ​ ២ នាក់​ទៀត ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់​ពី១ ៣ ទៅ ១៦ ឆ្នាំ និង​ ១១ ខែ»។

អ្នកស្រី​បាន​បន្ថែម​ថា ស្ថានទូត​បាន​ជំរុញ​ឱ្យ​អ្នកស្រី​ត្រឡប់​ទៅ​តំបន់ Xinjiang និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ចោទប្រកាន់​ទាំង​នោះ។

អ្នកស្រី Abdureshid និយាយ​ថា៖ «សម្រាប់​ជន​អ៊ុយហ្គ័រ ការ​ត្រឡប់​ទៅ​ចិន​វិញ​មាន​ន័យ​ថា ត្រូវ​ប្រឈម​នឹង​ការ​សួរ​ចម្លើយ និង​ការ​ឃុំខ្លួន​នៅ​ពេល​ទៅ​ដល់​ទី​នោះ​ រហូត​ទាល់​តែ​មាន​ការ​បញ្ជាក់​ថា មិន​មាន​ទោស»។

ប្រទេស​ចិន​បាន​ច្រានចោល​ការ​ចោទប្រកាន់​ពី​អន្តរជាតិ ​ចំពោះ​ការ​ឃុំខ្លួន​ទ្រង់ទ្រាយ​ធំ​លើ​ជន​អ៊ុយហ្គ័រកាន់​សាសនា​ឥស្លាម ​ជាង ​១ លាន​នាក់ ​នៅ​ក្នុង​តំបន់ Xinjiang និង​អះអាង​ថា ជន​អ៊ុយហ្គ័រ​ត្រូវ​បាន​បញ្ជូន​ទៅ «មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ» ដើម្បី​យក​ទៅ​កសាង​និង​រៀនសូត្រ​ជំនាញ​ការងារ​ថ្មីៗ។

អ្នកស្រី Fatima Abdulghafur ដែល​ជា​ជន​អ៊ុយហ្គ័រ​ មក​ពី​ទីក្រុង​ស៊ីដនី ​បាន​ប្រាប់ VOA ថា ឪពុក​របស់​អ្នកស្រី​វ័យ​ ៦៧ ឆ្នាំ​ បាន​បាត់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០១៦។ ក្រោយ​មក​ អ្នកស្រី​បាន​ដឹង​ថា លោក​ត្រូវ​បាន​គេ​យក​ទៅ​ជំរំ​អប់រំ។

កាលពី​ខែ​មុន ពលរដ្ឋ​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​វ័យ​ ៤០ ឆ្នាំ​រូប​នេះ​ បាន​ដឹង​ពី​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ថា ឪពុក​របស់​អ្នកស្រី​បាន​ស្លាប់​ដោយសារ «ជំងឺ​រលាកសួត​ធ្ងន់ធ្ងរ និង​របេង» នៅ​ក្នុង​ឆ្នាំ ២០១៨។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​សង្ស័យ​ថា មូលហេតុ​នៃ​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​ គឺ​មិន​មែន​គ្រាន់​តែ​ជា​ជំងឺ​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​វា​បណ្តាល​មក​ពី​ការ​ធ្វើ​ទារុណកម្ម​ ដែល​មិន​អាច​ទ្រាំ​បាន​នៅ​ក្នុង​ជំរំ»។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា ជន​អ៊ុយហ្គ័រ​ដែល​កំពុង​ជាប់​នៅ​ក្នុង​ជំរំ​អប់រំ ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ។ នៅ​ក្រៅ​ជំរំ​វិញ ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​តឹងរ៉ឹង ហើយ​ការ​ប្រណិបតន៍​បែប​សាសនា​ត្រូវ​បាន​ហាមឃាត់។

ប្រទេស​ចិន​បាន​មិន​អើពើ​នឹង​ការ​អំពាវនាវ​ពី​អង្គការ​សិទ្ធិ​មនុស្ស​ឯករាជ្យ​ម្តង​ហើយ​ម្តង​ទៀត ​ចំពោះ​ការ​ស៊ើបអង្កេត​លើ​ការ​រំលោភបំពាន​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​បាន​ហៅ​ការ​រិះគន់​របស់​ប្រទេស​ផ្សេងៗ​ថា​ ជា​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG