ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​អង្គការ​សហប្រជាជាតិ៖ ប្រទេស​ ៣៩​ ថ្កោលទោស​ការ​រំលោភបំពាន​របស់​ចិន​លើ​ជនជាតិ​ Uighur


រូបឯកសារ៖ ទង់ជាតិ​ចិន​បក់​រវិចៗនៅ​ជិត​​វិហារ​សាសនា​ឥស្លាម​មួយ​ក្នុង​តំបន់​ Xinjiang ដែល​ជា​តំបន់​ស្វ័យភាព​របស់​ជនជាតិ​ភាគតិច Uighur ក្នុង​ប្រទេស​ចិន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
រូបឯកសារ៖ ទង់ជាតិ​ចិន​បក់​រវិចៗនៅ​ជិត​​វិហារ​សាសនា​ឥស្លាម​មួយ​ក្នុង​តំបន់​ Xinjiang ដែល​ជា​តំបន់​ស្វ័យភាព​របស់​ជនជាតិ​ភាគតិច Uighur ក្នុង​ប្រទេស​ចិន ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

នៅ​អង្គការ​សហប្រជាជាតិ បណ្ដា​អ្នក​ការទូត​ពី​បស្ចិម​ប្រទេសបាន​រិះគន់​ប្រទេស​ចិន​ចំពោះ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ក្រុមជនជាតិ​ភាគតិចUighur កាន់​សាសនា​ឥស្លាម​ និង​ការ​ធ្វើ​ឲ្យ​ថមថយ​នូវស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី០៦ ខែ​តុលា ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​មាន​ប្រតិកម្ម​ត្រឡប់​ទៅ​វិញ ដោយ​ផ្តោត​ការ​ខឹង​សម្បារ​មក​លើ​សហរដ្ឋអាមេរិក។

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក Christoph Heusgen បាន​ថ្លែង​ក្នុង​នាម​បណ្តា​ប្រទេស​ចំនួន ៣៩​ ទៅ​កាន់គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ថា៖ «យើង​សូម​កោះហៅ​ឲ្យ​ប្រទេស​ចិន​គោរព​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ក្រុម​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​នៅ​ខេត្ត​ Xinjiang និង​តំបន់​ទីបេ»។

ខេត្តXinjiang គឺ​ជា​ខេត្ត​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន ទី​ដែល​រដ្ឋាភិបាលចិន​បាន​ឃុំ​ខ្លួន​ជនជាតិ​ភាគតិច​ Uighur ​រហូត​ដល់​ទៅ​មួយ​លាន​នាក់​នៅជំរំ «អប់រំ​កែប្រែ​ឡើង​វិញ» ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​

លោក Heusgen ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​របាយការណ៍​កាន់​តែ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​នោះ។

លោក Heusgen បាន​និយាយ​ថា៖ «មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ទៅ​លើ​សេរីភាព​សាសនា ឬ​ ជំនឿ និង​សេរីភាព​នៅ​ក្នុង​ការ​ធ្វើដំណើរ ការ​បង្កើត​ជា​សមាគម ការ​បញ្ចេញ​មតិ​យោបល់​ ក៏ដូចជា ការ​រឹតត្បិត​ទៅ​លើវប្បធម៌​របស់​ជនជាតិ​ភាគតិច​ Uighur។ ការ​តាមដាន​យ៉ាងខ្លាំង​នៅ​តែ​បន្ត​មាន​ទៅ​លើ​ជនជាតិ​ភាគតិច​ Uighurនិង​ក្រុមជនជាតិ​ភាគតិច​ដទៃ​ទៀត ហើយមាន​របាយការណ៍​កាន់​តែ​ច្រើន​លេចឡើង​ ដោយ​បង្ហាញ​ពី​ពលកម្ម​ដោយ​បង្ខំ និង​ការ​បង្ខំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ដែលរួម​មាន​ការ​ធ្វើ​ឲ្យ​ឈប់​មាន​កូន​ផងដែរ»។

រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Christoph Heusgen ចូល​រួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
រូប​ឯកសារ៖ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Christoph Heusgen ចូល​រួម​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

​ថ្លែង​ទៅ​កាន់ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​អង្គប្រជុំ លោក Heusgen បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បិទ​នូវ​មណ្ឌល​ឃុំឃាំង​ទាំង​នោះ។

លោក​បាន​កត់សម្គាល់ថា កាល​ពី​ឆ្នាំ​មុន ប្រទេស​ចំនួន​ ២៣​ បាន​រួម​គ្នាថ្កោលទោស​ប្រទេស​ចិន​ជុំវិញ​បញ្ហា​ជនជាតិ​ភាគតិច​ Uighurហើយ​នៅ​ឆ្នាំ​នេះ​ ប្រទេស​ចំនួន​ច្រើន​ជាង​នេះប្រហែល​ពីរ​ដង​ក៏​បាន​ចង្អុល​បង្ហាញ​ថា មានការព្រួយបារម្ភកាន់​តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​ក្រុម​ជនជាតិ​ភាគតិច​ Uighur។

ប្រេសិត​អង់គ្លេស​លោក Jonathan Allen បាន​ចូលរួម​ជាមួយ​លោក Heusgen ដោយនិយាយ​ថា ចិន​ត្រូវ​តែ​យល់​ព្រម​ចំពោះ​សំណើ​ជា​យូរយារ​មក​ហើយរបស់​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ អ្នកស្រី Michelle Bachelet ​ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត Xinjiang ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ជនជាតិ​ភាគតិច​ Uighurនៅ​ទី​នោះ។

លោក Allen ក៏​បាន​ថ្កោលទោស​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​ដោយ​រដ្ឋាភិបាល​ចិនកាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ដែល​លោក​និយាយ​ថា៖ «​បាន​រំលោភបំពាន​នូវ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​ និង​គំរាម​កំហែង​សិទ្ធិ និង​សេរីភាព»។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​ទីក្រុង​ហុងកុង។ ​

ឯកអគ្គរដ្ឋទូត​ចិន​លោក Zhang Jun បាន​មាន​ប្រតិកម្ម​ត្រឡប់​ទៅ​វិញ ដោយ​យក​សហរដ្ឋអាមេរិក​ជា​គោលដៅ​។ ដោយ​មិនបាន​និយាយ​ពាក់ព័ន្ធ​នឹងបញ្ហា​ជនជាតិ​ភាគតិច​ Uighurលោក​បាន​អះអាង​ថា សមិទ្ធផល​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ចិន ត្រូវ​បាន «ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ» ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «ឆ្លុះកញ្ចក់​មើល​ខ្លួន​ឯង» និង​លុបបំបាត់ចោល​ការ​រើសអើង​ពូជសាសន៍​នៅ​ក្នុង​សង្គម​ខ្លួន មុន​ពេល​វាយប្រហារ​ទៅ​លើ​ប្រទេស​ដទៃ​ទៀត។

ប្រេសិត​ចិន​លោក Zhang Yun បាន​និយាយ​ថា៖ «ពលរដ្ឋ​អាមេរិកាំងរាប់​លាន​នាក់​បាន​ស្រែក​ថា «ខ្ញុំ​ដកដង្ហើម​មិន​រួច​ទេ» និង​ថា «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ដោយ​សំដៅ​ទៅ​លើ​ការ​ស្រែកតវ៉ា​ជា​ទូទៅ​របស់​ក្រុម​បាតុករ​នៅ​សហរដ្ឋអាមេរិក ដែល​ទាមទារ​ឲ្យ​មាន​ការ​បញ្ចប់​ការ​រើសអើង​ពូជសាសន៍ និង​ភាព​អយុត្តិធម៌ បន្ទាប់​ពី​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​លោក​ George Floyd ក្រោមសមត្ថកិច្ច​របស់​ប៉ូលិស។

លោក​ Zhang Jun ក៏​បាន​រិះគន់​ការ​ចោទប្រកាន់​ជា​ច្រើន​លើក​ច្រើន​សា​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ថា ការ​រាតត្បាត​វីរុស​កូរ៉ូណា​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​ចិន និង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​រាតត្បាត​វីរុស​នេះ​ជា​សាកល។

ប្រេសិត​ចិន​រូប​នេះ​បាន​និយាយ​ថា៖ «អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ត្រូវ​ធ្វើ​គឺ​ ព្យាបាល​អ្នក​ជំងឺ​ និង​ជួយ​សង្រ្គោះ​ជីវិត មិនមែន​សាបព្រោះ​វីរុស​នយោបាយ និង​បង្ក​បញ្ហា​គ្រប់​ទី​កន្លែង​នោះ​ទេ»។

ប្រទេស​ចិន​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជាង ៥០ រួម​មាន​ អ៊ីរ៉ង់ កូរ៉េខាងជើង ស៊ីរី និង​វេណេស៊ុយអេឡា ចំពោះការ​ប្រើ​អំណាច​លើ​ទីក្រុង​ហុងកុង​ផង​ដែរ ខណៈ​ដែល​ប្រទេស​ចំនួន​ ៤៥ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ថ្លែង​ដោយ​ប្រទេស​គុយបា ដោយ​គាំទ្រ​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដែល​ថា វិធានការ​របស់​ចិន​នៅ​ខេត្ត Xinjiang គឺ​ជា​ផ្នែក​មួយនៃ​ការ​ប្រយុទ្ធ​ប្រឆាំងភេរវកម្ម និង​ជាកិច្ចប្រឹងប្រែង​បន្សាប​ភាព​ជ្រុលនិយម។ ក្រុម​អ្នក​ការទូត​និយាយ​ថា បណ្តា​ប្រទេស​ដទៃ​ទៀត ដែលរួម​មាន​បណ្តា​ប្រទេស​នៅ​បស្ចិម​លោក​មួយ​ចំនួន​ផង​ដែរ ត្រូវ​បាន​ចិន​ដាក់​សម្ពាធ​មិន​ឲ្យ​គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​ចំនួន ៣៩ ដែល​ថ្លែង​ប្រឆាំង​នឹង​ចិន​ទេ។

​សហរដ្ឋអាមេរិក​មិនបានថ្លែង​នៅ​អង្គប្រជុំ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ប្រទេស​ហត្ថលេខី​មួយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​បណ្តា​ប្រទេស​ចំនួន ៣៩ ដែល​ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែងការណ៍។​

ប្រេសិតសហរដ្ឋ​អាមេរិក​អ្នកស្រី Kelly Craft បាន​បង្ហោះ​សារ​សម្តែង​ការ​ព្រួយបារម្ភ​នៅ​លើ​បណ្តាញ​សង្គម​ Twitter ដោយ​និយាយ​ថា៖ «ស្ថានភាព​នៅ​ខេត្ត Xinjiang និង​ការ​វិវត្ត​ថ្មីៗ​នៅ​ទីក្រុង​ហុងកុង​សបញ្ជាក់​ថា ប្រទេសចិន​មិន​បាន​អើពើ​នឹង​កាតព្វកិច្ច​ផ្នែក​សិទ្ធិ​មនុស្ស និង​សុខុមាលភាព​របស់​ពលរដ្ឋ​ខ្លួន​នោះ​ទេ»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​និយាយ​ថា សេចក្តីថ្លែងការណ៍​ដោយ​បណ្តា​ប្រទេស​ចំនួន​ ៣៩ នោះ​គឺ​ជា «ការ​បង្ហាញ​ការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​» ទៅ​លើ «​ការ​ប្រព្រឹត្ត​ដ៏​ឃោរឃៅ​មក​លើ​ជនជាតិ​ភាគតិច​ Uighur ពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង និង​តំបន់​ទីបេ ព្រម​ទាំង​ពលរដ្ឋ​ចិន​សាមញ្ញ​មួយ​ចំនួន​ដែល​មិន​ទទួល​បាន​ការ​គោរព​សិទ្ធិ​របស់​ពួកគេ» ពី​សំណាក់​រដ្ឋាភិបាល​ចិន។

លោក Louis Charbonneau នាយក​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ​ប្រចាំ​នៅ​ទីស្នាក់ការ​អង្គការ​ប្រជាជាតិ ​បាន​និយាយ​ថា៖ «ការ​កើន​ឡើង​នូវ​ការ​ខឹង​សម្បារ​បង្ហាញ​ពី​តម្រូវការ​ជា​បន្ទាន់​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​សហប្រជាជាតិ​ ក្នុង​បង្កើត​ជា​យន្តការ​អន្តរជាតិ​មួយ ដើម្បី​ពិនិត្យនិង​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កាន់​តែ​ចុះ​ដុនដាប​នៅ​ប្រទេស​ចិន»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG