ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ប្រទេស ១៣ ផ្សេង​ទៀត បារម្ភ​អំពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​អំពី​ប្រភព​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក WHO ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​និង​ប្រទេស ១៣ ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​លើកឡើង​អំពី «ការ​ព្រួយ​បារម្ភ​រួម» លើ​របាយការណ៍​ដែល​ទើប​ផ្សព្វផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) អំពី​ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​វិបសាយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​ដូចជា​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ថា ការ​ស្រាវជ្រាវ​រក​ប្រភព​វីរុស​ជំងឺ​កូវីដ១៩ របស់​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​ត្រូវ​បាន​ពន្យារពេល និង​ខ្វះ​លទ្ធភាព​ក្នុង​ការ​ពិនិត្យ​មើល​លើ​ទិន្នន័យ​និង​សំណាក​ដើម​ឲ្យ​បាន​ពេញលេញ។

អង្គការ WHO បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​បញ្ជាក់​ថា ទោះបីជា​របាយការណ៍​នោះ​បាន​បង្ហាញ​នូវ​ការ​ពិនិត្យ​មើល​ពេញលេញ​លើ​ទិន្នន័យ​ដែល​អាច​ប្រើប្រាស់​បាន​នៅ​ពេល​នោះ​ក៏ដោយ ក៏ «យើង​មិន​បាន​រកឃើញ​ប្រភព​នៃ​វីរុស [ជំងឺ​កូវីដ១៩] នោះ​ដែរ»។

ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ WHO បាន​រាយការណ៍​អំពី​ការ​លំបាក​នៅ​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដើម ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ដើម​ឆ្នាំ​នេះ។

ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​រង់ចាំ​អស់រយៈពេល​ជាច្រើន​ថ្ងៃ​ផងដែរ មុន​ពេល​ទទួល​បាន​ការ​អនុញ្ញាត​ចុងក្រោយ​ពី​រដ្ឋាភិបាល​ចិន​ដើម្បី​អាច​ចូល​ទៅ​ក្នុង​ទីក្រុង Wuhan បាន។

សេចក្តី​ថ្លែងការណ៍​រួម​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស ១៣ ទៀត​នោះ បាន​បញ្ជាក់​ថា៖ «បេសកកម្ម​វិទ្យាសាស្ត្រ​ដូច​នេះ​គួរតែ​អាច​ធ្វើ​កិច្ចការ​របស់​ខ្លួន​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ដែល​អាច​ចេញ​លទ្ធផល និង​អនុសាសន៍​ដោយ​ឯករាជ្យ និង​មិន​លំអៀង»។

ប្រទេស​ទាំង​នេះ​បាន​សម្តែង​នូវ​ក្តី​បារម្ភ​របស់​ខ្លួន ដោយ​សង្ឃឹម​ថា​អាច​ដាក់​ចេញ​នូវ «វិធី​មួយ​ឆ្ពោះ​ទៅកាន់​ដំណើរការ​មួយ​ទាន់​ពេល​វេលា មាន​តម្លាភាព ផ្អែក​លើ​ភស្តុតាង សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ក៏​ដូចជា​សម្រាប់​វិបត្តិ​សុខភាព​ផ្សេង​ទៀត​ដែល​នឹង​អាច​កើតឡើង​នៅ​ពេល​ខាង​មុខ​ផងដែរ»៕

XS
SM
MD
LG