ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា ពលរដ្ឋ​អាមេរិកាំង​ពេញ​វ័យ ៩០% នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មេសា


រូបឯកសារ៖ ស្ត្រី​ម្នាក់​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ពលរដ្ឋ​ពេញវ័យ ៩ នាក់​ក្នុង​ចំណោម ១០ នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក នឹង​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មេសា​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លោក Biden បាន​ថ្លែង​ថា៖ «យើង​កំពុង​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយ​នឹង​វីរុស​ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស ដោយ​យើង​ឃើញ​ថា​ករណី​ឆ្លង​បាន​កើន​ឡើង​ម្តង​ទៀត។ វីរុស​ជំងឺ​កូវីដ១៩ ទម្រង់​ថ្មី​កំពុង​ឆ្លង​រាលដាល ហើយ​គួរ​ឲ្យ​សោកស្ដាយ​ដែល​យើង​ឃើញ​ពលរដ្ឋ​ខ្លះ​មាន​ឥរិយាបថ​ធ្វេស​ប្រហែស​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ដែល​នេះ​មាន​ន័យ​ថា ករណី​ឆ្លង​ថ្មី​នឹង​កើត​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ»។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អ្នកស្រី Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) បាន​សម្តែង​នូវ​អារម្មណ៍​ថា​មាន «គ្រោះ​អាក្រក់​ជិត​កើតឡើង» ដោយ​អ្នកស្រី​បាន​ចង្អុល​បង្ហាញ​អំពី​ទិដ្ឋភាព​ស្រដៀង​គ្នា​ទៅ​នឹង​ទិដ្ឋភាព​នៅ​ទ្វីប​អឺរ៉ុប​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ រលក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ឥឡូវ​នេះ​កំពុង​រាលដាល​នៅ​ទ្វីប​អឺរ៉ុប។

ក៏ប៉ុន្តែ អ្នកស្រី​បាន​បញ្ជាក់​ថា តួលេខ​ឆ្លង​ថ្មី​ចុងក្រោយ​បង្អស់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា ការ​ឆ្លង​ជា​មធ្យម​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​ចំនួន ១០% ក្នុង​ពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ ដោយ​បាន​កើន​រហូត​ដល់​ជិត ៧ ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ។ ករណី​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​កើនឡើង​ជាង ៤% ហើយ​ករណី​ស្លាប់​បាន​កើនឡើង​ជិត ៣%។

លោក​ប្រធានាធិបតី Biden បាន​អំពាវនាវ​ជា​ថ្មី​ដល់​អភិបាល​រដ្ឋ អភិបាល​ក្រុង និង​មេដឹកនាំ​មូលដ្ឋាន​នានា កុំ​ឲ្យ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស៕

XS
SM
MD
LG