ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​យូណេស្កូ​បញ្ចូល «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក


ប្រាសាទសំបូរព្រៃគុហក។ (រូបថតដោយ Reuters)

ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​មាន​ចម្ងាយ ​៣៧គ.ម ពី​ទី​រួម​ខេត្ត​កំពង់​ធំ។

គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក​នៃ​អង្គការ​យូណេស្កូ សម្រេច​ចុះ «តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក» ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤១ នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​ កាល​ទី​ថ្ងៃ​សៅរ៍ ទី០៨ ខែ​កក្កដា ឆ្នាំ​ ២០១៧។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចុះ​នៅ​ថ្ងៃអាទិត្យ ​ទី០៩ ខែ​កក្កដា ឆ្នាំ​២០១៧។

សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក បានសម្រេច​ដូច្នេះ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិភាក្សា ពិនិត្យ​មើល​ និង​វាយ​តម្លៃ​ថា ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​គុណ​តម្លៃ​ជា​សកល។

ប្រាសាទ​សំបូរ​ព្រៃ​គុក គឺ​ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​មាន​ចម្ងាយ ​៣៧គ.ម ពី​ទី​រួម​ខេត្ត​កំពង់​ធំ។ ​ប្រាសាទ​នេះ សង់​លើ​ដី​រាប​ស្មើ​មាន​ទំហំ​ប្រមាណ ៣ពាន់​ហិតា។ ប្រាសាទ នេះ​កសាង​ឡើង​ដោយ​ព្រះបាទ​ឥសាន​វរ្ម័ន​ទី១​ នា​ពាក់​កណ្ដាលសតវត្ស​ទី​៧ ​( ៦១៥-៦៥០)​ នៃ​គ្រិស្តសករាជ។

បន្ទាប់​ពី​ប្រាសាទ​អង្គ​វត្ត ត្រូវ​បាន​ដាក់បញ្ចូល​នៅ​ក្នុង​បញ្ជី​នៅ​ឆ្នាំ​ ១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​ ២០០៨ ​ប្រាសាទ​សំបូរ​ព្រៃ​គុក បាន​ក្លាយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទី​៣ របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ក្នុង​ឆ្នាំ ២០១៧ នេះ៕

XS
SM
MD
LG