ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូសិល្បៈ​ល្ខោន​ខោល​ប្រឹង​ប្រែង​ផ្ទេរ​ចំណេះ​ដឹង​​សិល្បៈ​បុរាណ​នេះ​ទៅ​ក្មេង​ជំនាន់​ក្រោយ


សិល្បករល្ខោនខោលរៀបចំខ្លួនដើម្បីធ្វើការសំដែងនាល្ងាចសៅរ៍នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

នៅ​លើ​ឆាក​ពិសេស​មួយ​នៅ​ខេត្ត​កណ្តាល​គ្រូ​របាំ​ដែល​ពាក់​ខ្មុក​បាន​សម្តែង​សិល្បៈ​បុរាណ​មួយ​គឺ​ល្ខោន​ខោល។​

នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​គ្រូ​របាំ​ល្ខោន​ខោល​សល់​ពី​សម័យ​ ប៉ុល ពត​ តែប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ព្យាយាម​ផ្ទេរ​ចំណេះ​ដឹង​ខាងរបាំ​ល្ខោន​ខោល​ដល់​ក្មេង​ជំនាន់​ក្រោយ ​បន្ទាប់​ពី​របាំ​នេះ​ត្រូវ​បាន​លុប​បំបាត់​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ទសវត្សរ៍​១៩៧០។ ​

គ្រូរបាំ​នេះ​នៅ​ក្នុង​ក្រុម​សិល្បៈ​ល្ខោន​ខោល​វត្ដ​ស្វាយអណ្តែត។ ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ល្ខោន​ខោល​ត្រូវ​បាន​បញ្ចូល​ជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​តម្រូវ​ឲ្យ​មានការការពារ​ជា​បន្ទាន់។

សិល្បៈ​ល្ខោន​ខោល​ខ្មែរ​ចំណាស់​ច្រើន​សតវត្សរ៍​មក​ហើយ​នេះ​ ​មាន​ចារ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ។ ​អ្នករាំ​ល្ខោន​ខោល​ច្រើន​ជា​បុរស ​ទាំង​តួ​ប្រុស ​ទាំង​តួស្រី។​ ចំណេះ​ដឹង​អំពី​សិល្បៈ​ល្ខោន​ខោលត្រូវ​បាន​បង្រៀន​តៗ​គ្នា​ពី​ឪពុក​ទៅ​កូន​ដោយ​ការ​និយាយ​ប្រាប់។

កំឡុង​របប​ខ្មែរ​ក្រហម​ពីឆ្នាំ​១៩៧៥​ដល់​១៩៧៩​ សិល្បករ ​សិល្បការិនី ​តន្ត្រីករ​ និង​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​សម្លាប់​ក្នុង​ចំណោម​រងគ្រោះ​រវាង​ពី​១​លាន​៧សែន​នាក់​ទៅ​២លាន​២​សែន​នាក់​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍។​

ក្នុង​ចំណោម​សិល្បៈ​ល្ខោន​ខោល​៨​ក្រុម​ មាន​តែ​ក្រុម​សិល្បៈ​ល្ខោន​ខោល​វត្តស្វាយ​អណ្តែត​មួយ​ទេ​ដែល​នៅ​សល់​ក្រោយ​សម័យ​ខ្មែរ​ក្រហម។​

លោក​ ស៊ុន រិទ្ធី​ អាយុ​៤៨​ឆ្នាំ​ឆ្នាំ​ជា​គ្រូ​បង្ហាត់​និង​ជាអ្នក​សម្តែង​ម្នាក់​នៅ​ក្រុម​សិល្បៈ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត។​ លោកកំពុង​ព្យាយាម​ផ្ទេរ​ចំណេះ​ដឹង​ឲ្យ​ទៅ​ក្មេង​ជំនាន់​ក្រោយ។

លោក​និយាយ​ថា៖ « ជីដូន​ជីតា​របស់​ខ្ញុំ​បាន​ថែ​រក្សា​ល្ខោន​ខោល​បន្ត​ពី​ជីតា​របស់​គាត់។ ​ឥឡូវ​នេះ​ដល់​វេន​ខ្ញុំ​ត្រូវ​ខំ​បង្រៀន​កូន​សិស្ស​ដើម្បី​កុំ​ឲ្យ​សិល្បៈ​នេះ​បាត់បង់»។

លោក​បន្ថែម​ថា​ ជីតា​និង​ឪពុក​របស់​លោក​ជាអ្នក​រាំល្ខោន​ខោល​នៃ​ក្រុម​សិល្បៈ​ដែល​មាន​សមាជិក​ជាង​២០​នាក់​ ដែល​មាន​អ្នករាំ​និង​ក្មេងៗ​អាយុ​រវាង​ពី៦​ឆ្នាំ​ទៅ​១៥​ឆ្នាំ។

លោក​ ស៊ុន រិទ្ធី ​ដែល​បានរៀន​រាំ​ល្ខោន​ខោល​តាំងពី​អាយុ​១៤​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ «នៅ​សម័យ​ខ្មែរក្រហម​ ខ្ញុំ​នៅក្មេង។​ គេមិន​ឲ្យរៀន​រាំង​ទេ ​ដូន​នេះល្ខោន​ខោល​ត្រូវ​សាប​សូន្យ»។ ​

លោក​ ស៊ុន រិទ្ធី និង​គ្រូរបាំ​បួន​នាក់​ទៀត​មាន​ភារ​កិច្ច​សំខាន់​មួយ​គឺ​បង្រៀន​កូន​សិស្ស​វ័យ​ក្មេង​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃពីរ​ថ្ងៃក្នុង​មួយ​សប្តាហ៍​ដោយ​សង្ឃឹម​ថា ​ពួក​គេ​នឹង​បន្ត​ថែ​រក្សា​កេរ​តំណែល​ល្ខោន​ខោល​ត​ទៅ​ទៀត។​

កូន​សិស្ស​ម្នាក់​ឈ្មោះ ពុម មេត្តា​ អាយុ​១១​ឆ្នាំ​បាន​និយាយ​ររៀប​រាប់ដោយ​រំភើព​អំពី​ចលនា​ក្បាច់រាំ​ល្ខោន​ខោល ដោយ​និយាយ​ថា «ដំបូង​ខ្ញុំរៀន​ពត់​ដៃ​និង​ជើង​របស់​ខ្ញុំ​ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​រៀន​ក្បាច់​រាំ​ជា​តួ​យក្ស​កាន់​ដំបង»។

គ្រូ​បង្ហាត់​និង​កូន​សិស្ស​កំពុង​ខិតខ​ំប្រឹង​ប្រែង​ត្រៀម​ទៅ​សម្តែង​នៅ​តាម​ទីក្រុង​ផ្សេងៗ រួម​មាន​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប។

ក្រុម​សិល្បៈ​ល្ខោន​ខោល​ថ្មី​ក្រុម​ពីរ​ទៀត​ក៏ត្រូវបាន​បង្កើត​ឡើងផង​ដែរ​នៅ​ខេត្ត​កំពង់ធំ​និង​នៅ​សាល​មហោ​ស្រព​ជាតិ ​ខណៈ​របាំនេះ​ត្រូវបាន​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG