កាលពីថ្ងៃចន្ទ សេតវិមានបានការពារចំណាត់ការនោះថាជាការចាំបាច់ដើម្បីការពារសុវត្ថិភាពពលរដ្ឋអាមេរិកាំងហើយជាការមិនសមរម្យសម្រាប់ពួកអ្នកធ្វើដំណើរមកពីប្រទេសដែលរងផលប៉ះពាល់ទាំងនោះ។ ពួកអ្នករិះគន់និយាយថា ការហាមឃាត់នេះ នឹងមិនបញ្ឈប់ភេរវជនហើយនិងមានផលវិបាកដែលមិននឹកស្មានដល់។
លោក Farhan Anshur អ្នកស្រុកក្នុងរដ្ឋ Minnesota កើតនៅប្រទេសសូម៉ាលី មានការធូ ស្រាលក្នុងចិត្តនៅពេលដែលភរិយាហើយនិងកូនរបស់គាត់នៅទីបញ្ចប់បានត្រូវគេអនុញ្ញាតឲ្យជួបជាមួយលោកបន្ទាប់ពីបានត្រូវឃុំខ្លួននៅឯចំណតអាកាសយាន្តនៅជិតរដ្ឋធានីវ៉ាស៊ីនតោន។
លោក Farhan Anshur បាននិយាយថា៖ «នៅទីបញ្ចប់ យើងបានជួបជុំគ្នានៅទីនេះ។ខ្ញុំអត់ព្រាត់សាច់ញាតិទេ។ សមាជិកគ្រួសារទាំងអស់របស់ខ្ញុំនៅជាមួយខ្ញុំនៅពេលនេះ។ ដូច្នេះ ខ្ញុំសប្បាយរីករាយណាស់»។
ការហាមឃាត់ការធ្វើដំណើររយៈពេល៩០ថ្ងៃនេះបានប៉ះពាល់ពលរដ្ឋអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ាលី និងយេម៉ែន។ អ្នកកាន់លិខិតឆ្លងដែនមកពីប្រទេស៣មិនត្រូវបានគេអនុញ្ញាតឲ្យជិះយន្តហោះមកកាន់សហរដ្ឋអាមេរិកទេបន្ទាប់ពីការហាមឃាត់នេះបានត្រូវអនុម័តកាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន ហើយអ្នកដែលបានធ្វើដំណើរហើយបានត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅពេលមកដល់។ សេតវិមានបានសុំអភ័យទោសចំពោះអ្វីដែលខ្លួនបានពណ៌នាថាជាការរអាក់រអួលបណ្តោះអាសន្ន។ ក៏ប៉ុន្តែ ការហាមឃាត់នេះ នឹងមានភាពស្មុគស្មាញផ្សេងៗទៀត នេះបើតាមការបញ្ជាក់របស់លោកស្រី Fadumo Dayib អតីតបេក្ខជនប្រធានាធិបតីប្រទេសសូម៉ាលី។
លោកស្រីថ្លែងថា៖ «ខ្ញុំត្រូវចូលរួមជាវាគ្មិនពិភាក្សានៅឯគណៈកម្មាធិការមួយនៅឯសាលាពាណិជ្ជកម្ម Harvard ហើយក៏នឹងនៅឯសាលា Kennedyនៅសាកលវិទ្យាល័យHarvardដែរ ក៏ប៉ុន្តែ ខ្ញុំមិនអាចទៅបានទេពីព្រោះតែការហាមឃាត់ការធ្វើដំណើរនេះ»។ លោកស្រី Fadumo Dayib ដែលមានសញ្ជាតិ២គឺសញ្ជាតិសូម៉ាលីនិងសញ្ជាតិផាំងឡង់ និយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជនភៀសខ្លួនសូម៉ាលីនៅក្នុងប្រទេសកេនយ៉ា ដែលត្រូវបានជ្រើសរើសមកតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក។
«មិនគួរបំផ្លាញឱកាសរបស់ពួកគេបែបនេះ ដោយសារតែពួកគេជាអ្នកកាន់សាសនាឥស្លាមឬពួកគេមកពីប្រទេសទាំងនោះទេ។ ការណ៍នេះមិនមែនជាជម្រើសរបស់ពួកគេទេ»។
ក្រុមអ្នកគាំទ្រឥស្លាមសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងប្រឆាំងបទបញ្ជានេះនៅក្នុងតុលាការ។ លោកស្រី Lena Masri នាយិការនៃអង្គការ CAIR National Litigation និយាយថា៖ «បណ្តឹងនេះជាការប្រឆាំងតាមរដ្ឋធម្មនុញ្ញហើយបណ្តឹងនេះត្រូវបានធ្វើឡើងដោយតំណាងឲ្យអ្នកកាន់សាសនាឥស្លាម២០នាក់ដែលមានទាំងពលរដ្ឋអាមេ រិកាំងនិងមិនមែនពលរដ្ឋអាមេរិកាំងដែលបានរស់នៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេ រិក»។
ការហាមឃាត់នោះបានធ្វើឲ្យតួកុនជនជាតិអ៊ីរ៉ង់ដើមកំណើតស៊ុអែតដែលបានព្រួយកង្វល់ថា លោកស្រីប្រហែលមិនអាចចូលរួមនៅក្នុងពិធីប្រគល់រង្វាន់ Academy នៅឆ្នាំនេះទេ។ លោកស្រី Bahar Pars បានសំដែងនៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា A Man Called Ove ដែលជាខ្សែភាពយន្តជ្រើសរើសប្រកួតរង្វាន់ Oscar។
អ្នកនិពន្ធបទភ្លេងជនជាតិអ៊ីរ៉ង់-អង់គ្លេសមិនប្រាកដថា តើលោកស្រីនឹងបានចូលរួមក្នុង ការសម្តែងល្ខោនអូប៉េរ៉ា របស់លោកស្រីនៅក្នុងទីក្រុង Pittsburghនៅខែមេសាដែរឬទេ។ លោកស្រី Soonsan Lolavar អ្នកនិពន្ធបទភ្លេងជនជាតិអ៊ីរ៉ង់-អង់គ្លេសនិយាយថា៖ «ការណ៍នេះបានធ្វើឲ្យខ្ញុំចោទសួរជារៀងរហូតអំពីទំនាក់ទំនងរបស់ខ្ញុំជាមួយអាមេរិក ហើយថាតើត្រូវដោះស្រាយបញ្ហានេះនៅថ្ងៃអនាគតយ៉ាងដូចម្តេច»។
ពួកអ្នករិះគន់និយាយថា ការហាមឃាត់នេះនឹងមានផលវិបាកអវិជ្ជមានកាន់តែច្រើនឡើង ហើយវាមិនជួយសន្តិសុខសហរដ្ឋអាមេរិកដូចដែលគេចង់បាននោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន