ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កូរ៉េ​ខាងត្បូង​យល់ព្រម​ឱ្យ​ចាប់ខ្លួន​ប្រធានាធិបតី​ទម្លាក់​ពី​តំណែង​លោក Yoon Suk Yeol


រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិពីការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិពីការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។

តុលាការ​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​អនុញ្ញាត​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ប្រធានាធិបតី​ដែល​ត្រូវបាន​ទម្លាក់​ពី​តំណែង​លោក Yoon Suk Yeol នៅ​ក្នុង​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​លើ​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​របស់​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ (CIO) របស់​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​តុលាការ​មណ្ឌល​ខាង​លិច​រដ្ឋធានី​សេអ៊ូល​បាន​យល់ព្រម​ឲ្យ​មាន​ដីកា​ចាប់ខ្លួន​នេះ ដែល​ដីកា​នេះ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​លើ​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​រយៈពេល​ខ្លី​របស់​លោក Yoon។

លោក Yoon កំពុង​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​លើ​បទចោទ​ប្រកាន់​ថា​លោក​ជា​មេដឹកនាំ​នៃ​ការ​បះបោរ ដែល​ជា​បទចោទ​ព្រហ្មទណ្ឌ​មួយ​នៃ​បទ​ចោទ​ព្រហ្មទណ្ឌ​មួយ​ចំនួន​តូច​ដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​មិន​មាន​អភ័យ​ឯកសិទ្ធិ​ការពារ។

ដីកា​ចាប់ខ្លួន​នៅពេល​បច្ចុប្បន្ន​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​មករា និង​ទុក​ពេល​ឲ្យ​ក្រុម​អ្នក​ស៊ើបអង្កេត​តែ ៤៨ ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ឃុំ​ខ្លួន​លោក Yoon បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន។ បន្ទាប់មក ក្រុម​អ្នក​ស៊ើបអង្កេត​ត្រូវតែ​សម្រេច​ថាតើ​ត្រូវ​ស្នើ​សុំ​ដីកា​ឃុំឃាំង​ឬ​ក៏​ត្រូវ​ដោះលែង​លោក។

នៅពេល​ត្រូវបាន​ចាប់​ខ្លួន លោក Yoon ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ឃុំខ្លួន​នៅ​ឯ​មណ្ឌល​ឃុំឃាំង​ក្រុង​សេអ៊ូល (Seoul Detention Center)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap ដែល​បាន​យោង​លើ​ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់។

លោក Yoon Kab-keun ដែល​ជា​មេធាវី​របស់​លោក Yoon បាន​និយាយ​ថា​ដីកា​ចាប់ខ្លួន​នេះ​គឺ​ខុសច្បាប់​និង​គ្មាន​សុពលភាព ដោយ​ហេតុ​ថា​ការិយាល័យ​ស៊ើបអង្កេត​អំពើ​ពុករលួយ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​មិន​មាន​អំណាច​នៅ​ក្រោម​ច្បាប់​កូរ៉េ​ខាងត្បូង​ដើម្បី​ស្នើសុំ​ដីកា​នេះ​ទេ៕

XS
SM
MD
LG