បរិមាណទឹកច្រើនលើសលុបចេញពីទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គលើ ភាគច្រើននៅក្នុងប្រទេសចិន កំពុងបណ្ដាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ និងបំផ្លាញដើមឈើកម្រមួយចំនួនក្នុងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ក្បែរព្រំដែនប្រទេសឡាវ។ នេះយោងតាមក្រុមអ្នកជំនាញ។
យ៉ាងហោចណាស់មានដើមឈើធំៗពីរប្រភេទ រួមមានដើមជ្រៃ និងដើមអញ្ចែងដែលមានស្រាប់នៅតំបន់រ៉ាមសារ តាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា កំពុងងាប់ និងមានហានិភ័យខ្ពស់នៃការបាត់បង់ផុតពូជ ដោយសារកម្រិតទឹកទន្លេ«ខ្ពស់ខុសធម្មតា» ក្នុងរដូវប្រាំង និងនៅដើមរដូវវស្សា។នេះបើផ្អែកតាមក្រុមអ្នកជំនាញដែលបានលើកឡើងក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណិតអំពីប្រធានបទ«តើទឹកនៅឯណា? រដូវវស្សាមេគង្គឆ្នាំ២០២២” កាលពីខែមិថុនា។
លោក Ian Baird សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Wisconsin-Madison ក្នុងសហរដ្ឋអាមេរិក បានប្រាប់វេទិកាដែលរៀបចំដោយមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖«ប្រជាជនក្នុងស្រុករាយការណ៍ថាដើមឈើរហូតដល់៩៥ភាគរយ បានងាប់ ហើយជិត៥០ភាគរយ នៃដើមឈើធំៗបានងាប់» ។
លោកបន្តថា មូលហេតុដែលដើមឈើទាំងនោះងាប់ គឺដោយសារពួកវាមិនអាចស្ថិតនៅក្នុងទឹកបានពេញមួយឆ្នាំ។ ដើមឈើទាំងនោះត្រូវតែងើបចេញពីទឹកលិចក្នុងរយៈពេលណាមួយក្នុងមួយឆ្នាំ ដើម្បីរស់រានមានជីវិតបាន។
ដើមឈើប្រភេទនេះ មានទីតាំងនៅតំបន់រ៉ាមសារ ដែលមានប្រវែង៤១គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយតែ៤គីឡូម៉ែត្រពីព្រំដែនភាគខាងត្បូងនៃប្រទេសឡាវ ដែលជាជម្រកដ៏សំខាន់សម្រាប់ប្រភេទត្រីផ្សេងៗនៅក្នុងប្រព័ន្ធទន្លេមេគង្គ តភ្ជាប់ដោយផ្ទាល់ជាមួយបឹងទន្លេសាប ជាបឹងទឹកសាបដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។ ទន្លេនេះ អាចផ្ដល់ឱ្យមនុស្សរាប់លាននាក់នៅក្នុងតំបន់នោះនូវប្រូតេអ៊ីន និងអាហារ។
លោក Ian ដែលធ្លាប់រស់នៅភាគខាងត្បូងប្រទេសឡាវ ជាប់ព្រំដែនខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៩ ហើយបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយនៅក្នុងតំបន់នោះបាននិយាយថា៖ «ឥឡូវនេះ កម្រិតទឹកឡើងខ្ពស់ជាងអ្វីដែលកម្រិតទឹកធ្លាប់បានកើតឡើង។ ទឹកមានកម្រិតខ្ពស់ជាងអ្វីដែលធ្លាប់មានកន្លងមក មួយ ឬពីរម៉ែត្រ អាស្រ័យទៅលើទីតាំងផ្សេងៗ»។
ដោយរដូវប្រាំងឆ្នាំនេះទើបតែបានបញ្ចប់ បទពិសោធន៍ដែលទន្លេមេគង្គក្រោមទទួលរងបរិមាណទឹកច្រើនលើសនេះគឺដោយសារតែមានភ្លៀងធ្លាក់ច្រើនជាងធម្មតានៅរដូវប្រាំងនិងការបញ្ចេញទឹកច្រើនហួសពីទំនប់វារីអគ្គិសនី ដែលភាគច្រើននៅក្នុងប្រទេសចិន។ នេះបើយោងតាមអ្នកជំនាញនៅក្នុងកិច្ចពិភាក្សានេះ។
លោក Ian និយាយថា៖ «យើងកំពុងតែមើលឃើញការណ៍ពិត។ យើងកំពុងមើលឃើញប្រភពនៃផលប៉ះពាល់ដែលកើតចេញពីការកើនឡើងនៃបរិមាណទឹកលើសកម្រិតមធ្យម»។
ទន្លេក្នុងខេត្តស្ទឹងត្រែង ដែលជាកន្លែងមានដើមឈើធំៗរស់នៅ គឺជាទីតាំងដែលត្រីបបែលទឹកសាបដ៏ធំបំផុតរបស់ពិភពលោក ឈ្មោះថា បូរ៉ាមី ត្រូវបានអ្នកនេសាទម្នាក់ចាប់បានកាលពីពេលថ្មីៗនេះ។
ដើមឈើក្នុងព្រៃលិចទឹកទាំងនោះក្នុងទន្លេមេគង្គដើរតួយ៉ាងសំខាន់ក្នុងការជួយដល់បរិស្ថាន ជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនដែលពឹងផ្អែកលើទន្លេនេះ។
ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថាទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គលើក្នុងប្រទេសឡាវ និងជាពិសេសក្នុងប្រទេសចិនកំពុងគំរាមកំហែងអាយុជីវិតដើមឈើធំៗដ៏កម្រទាំងនោះ ដោយការបង្ហូរទឹកចេញច្រើនពេកនៅក្នុងរដូវប្រាំង។
លោក Alan Basist ប្រធានអង្គការ Eyes on Earth ដែលជាសហប្រធានក្រុមអ្នកឃ្លាំមើលទំនប់វារីអគ្គិសនីមេគង្គមានប្រសាសន៍ថា៖ «មិនត្រឹមតែដើមឈើធំៗងាប់ប៉ុណ្ណោះទេ ប៉ុន្តែភាពរឹងមាំនៃព្រៃឈើ និងនិរន្តរភាពសម្រាប់អនាគតក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរ ពីព្រោះមិនមានដើមឈើថ្មីដុះលូតលាស់ទេ»។
លោកបានបន្តថា៖ «ដូច្នេះវាកំពុងបំផ្លាញស្ថិរភាពបរិស្ថានទាំងមូល»។
លោកបានបន្ថែមថា រំហូរទឹកលើសនៅរដូវប្រាំងក៏ប៉ះពាល់ដល់រំហូរទឹកបញ្ច្រាសក្នុងបឹងទន្លេសាបផងដែរ ព្រោះថាបើមិនមានរំហូរទឹកគ្រប់គ្រាន់ក្នុងរដូវវស្សា ដើម្បីបំពេញកម្រិតទឹកទន្លេមេគង្គទេ នឹងមានរំហូរទឹកបញ្ច្រាស ដែលជះឥទ្ធិពលអវិជ្ជមានដល់ជីវៈចម្រុះ និងសុខភាពនៃបឹងដ៏អស្ចារ្យដែលជាជម្រករបស់ត្រីជាច្រើនប្រភេទ។
លោក Ian Baird បាននិយាយថា៖ «ខ្ញុំចង់និយាយថា អ្វីៗបានកាន់តែយ៉ាប់យ៉ឺនរួចទៅហើយ ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវយល់ថា បញ្ហានេះអាចនឹងកាន់តែអាក្រក់ទៅៗនាពេលអនាគត»។
ទោះយ៉ាងណា លោកបានបន្ថែមថា បញ្ហានេះអាចនឹងត្រូវបានសម្រាល។
លោក Ian Baird បាននិយាយថា៖ «មានវិធីមួយដើម្បីកាត់បន្ថយបញ្ហាទាំងអស់នេះ។ នោះគឺការបញ្ចេញទឹកតិចនៅរដូវប្រាំង ប៉ុន្តែ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបានច្រើននោះទេព្រោះទឹកទាំងអស់នេះមានប្រភពមកពីផ្នែកខាងលើកម្ពុជា»។
ប្រទេសជាប់ទន្លេមេគង្គលើ ជាពិសេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចាប់ផ្ដើមចែករំលែកទិន្នន័យកាន់តែច្រើនជាងមុននៃការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីរបស់ខ្លួន ក្រោយពីប្រទេសជាប់ទន្លេមេគង្គក្រោម ទាមទារឱ្យមានការចែករំលែកទិន្នន័យបន្ថែមទៀត។ នេះបើយោងតាមគណៈកម្មការទន្លេមេគង្គ ដែលសម្របសម្រួលការគ្រប់គ្រងទន្លេមេគង្គ។
ទោះជាយ៉ាងណា អ្នកស្រី ជា សិលា អ្នកសម្របសម្រួលគម្រោងអច្ឆរិយៈនៃទន្លេមេគង្គនៅកម្ពុជាបានមានប្រសាសន៍ថា មានតម្រូវការខ្លាំងសម្រាប់ការការពារប្រភេទដើមឈើកម្រសម្រាប់ទន្លេមេគង្គដែលមានសុខភាពល្អ និងដៃទន្លេដែលជាប់ពាក់ព័ន្ធ។
អ្នកស្រីបានបន្ថែមថា ដើមឈើខ្លះក្នុងព្រៃលិចទឹកទាំងនោះក៏អាចប្រើក្នុងគោលបំណងព្យាបាលជំងឺផងដែរ។
អ្នកស្រីបានបន្តថា៖ «យើងបានចងក្រងឯកសារមួយចំនួន ដោយផ្អែកលើចំណេះដឹងក្នុងមូលដ្ឋាន ដើម្បីចងក្រងឯកសារអំពីរុក្ខជាតិសម្រាប់បន្លែ និងថ្នាំផងដែរ»៕