ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះ​រាំងស្ងួត​នៅ​តំបន់​មេគង្គ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៤ ដែល​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល​​៦០​ឆ្នាំ


រូប​ឯកសារ៖ រូបថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩​នេះ បង្ហាញ​​ស្ត្រី​អ្នក​នេសាទ​ម្នាក់​ដើរ​តាម​ច្រាំង​ទន្លេ​មេគង្គ​ដ៏​ស្ងួត​ហួតហែង​ នៅ​ស្រុក Pak Chom នៅ​ខេត្ត Loei ភាគ​ឦសាន​ប្រទេស​ថៃ។ (AFP)
រូប​ឯកសារ៖ រូបថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩​នេះ បង្ហាញ​​ស្ត្រី​អ្នក​នេសាទ​ម្នាក់​ដើរ​តាម​ច្រាំង​ទន្លេ​មេគង្គ​ដ៏​ស្ងួត​ហួតហែង​ នៅ​ស្រុក Pak Chom នៅ​ខេត្ត Loei ភាគ​ឦសាន​ប្រទេស​ថៃ។ (AFP)

នេះជា​ឆ្នាំទី៤​ហើយ​ដែល​តំបន់​អាស៊ីអាគ្នេយ៍​ជួប​ប្រទះ​នឹង​គ្រោះ​រាំងស្ងួត​ ខណៈ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនីបង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទន្លេ​មេគង្គ និង​មនុស្ស​៦៥លាន​នាក់​ដែល​អាស្រ័យ​លើ​ផ្លូវ​ទឹក​នេះ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួក​គេ។

នៅ​ប្រទេស​កម្ពុជា គ្រោះ​រាំង​ស្ងួត​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ​ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល ​ដោយ​រដ្ឋាភិបាល​និយាយ​ថា កម្រិត​ភ្លៀង​ធ្លាក់​នៅ​រដូវ​វស្សា​កន្លង​ទៅ​មិន​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ចាំ​បាច់​នោះ​ទេ។ របាយការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ក៏​បាន​បង្ហាញ​ដែរ​ថា សមត្ថភាព​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រដំណើរការ​បាន​តែ ២០ ភាគរយ​ប៉ុណ្ណោះ។

ក្រសួង​ធនធាន​ទឹក​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្រិត​ទឹក​ភ្លៀង​ទាប​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បន្ត​កើត​មាន បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​តិច​តួច​មិនធ្លាប់​មាន​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ ដែល​បណ្ដាល​ឲ្យ​ស្ថានភាព​ទន្លេ​មេគង្គ​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល ៦០ ឆ្នាំ​ ហើយ​វា​បាន​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ផលិតផល​កសិកម្ម​និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​រាំង​ស្ងួត​នេះ គណៈកម្មការ​ទន្លេមេគង្គ​ MRCបាន​អំពាវនាវ​ឲ្យ​មាន​ផែនការ​សកម្មភាព​ដ៏​មោះមុត​ពី​សំណាក់​ប្រទេស​សមាជិក​ទាំង​ ៦ ដែល​រួម​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និង ចិន ដើម្បី​ដោះស្រាយ​បញ្ហា​ផ្លូវទឹកដែល​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ប្រឈម​នេះ។

គណៈកម្មការ​នេះ​ក៏​ទទូច​ចង់​ឃើញ​វិធានការ​បន្ទាន់​ដើម្បី​«បន្ធូរ​បន្ថយ​វិបត្តិ​នេះ»។ វិធានការ​ទាំង​នោះ​រួម​មាន​ការ​បង្កើត​យន្តការ​រួម​សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ស្ថានភាព​ឡើង​ចុះ​មិន​ប្រក្រតី​នៃ​កម្រិត​ទឹក​ ​និង​ប្រតិបត្តិការ​និង​ការ​គ្រប់គ្រង​អាង​ស្តុក​ទឹក​ទន្លេ​និងទំនប់​វារី​អគ្គិសនី​ប្រកប​ដោយ​ការ​សម្របសម្រួល ​នា​ពេល​អនាគត។

លោក អានពេជ្រ ហត្ថដា ​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​ទើប​ចប់​អាណត្តិ​បាន​ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «បន្ថែម​ពី​លើ​នេះ បណ្តា​ប្រទេស​នានា​គួរ​តែ​ពិនិត្យ​ទៅ​លើ​ជម្រើស​ក្នុង​ការ​សាង​សង់​អាង​ស្តុក​ទឹក​បន្ថែម​ទៀត​ ដើម្បី​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​ និង​ស្ថានភាព​ទឹក​ជំនន់ ក៏​ដូចជា​ គំរូ​សម្រាប់​ប្រតិបត្តិការ​អាង​ទឹក​ទន្លេ​មេគង្គ​ទាំង​មូល»។

​រូប​ឯកសារ៖ រូបថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩​នេះ បង្ហាញអ្នក​នេសាទ​ម្នាក់នៅ​លើ​ទូកក្នុងទន្លេ​មេគង្គ​ដ៏​ស្ងួត​ហួតហែង​ នៅ​ស្រុក Pak Chom នៅ​ខេត្ត Loei ភាគ​ឦសាន​ប្រទេស​ថៃ។ (AFP)
​រូប​ឯកសារ៖ រូបថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩​នេះ បង្ហាញអ្នក​នេសាទ​ម្នាក់នៅ​លើ​ទូកក្នុងទន្លេ​មេគង្គ​ដ៏​ស្ងួត​ហួតហែង​ នៅ​ស្រុក Pak Chom នៅ​ខេត្ត Loei ភាគ​ឦសាន​ប្រទេស​ថៃ។ (AFP)

យ៉ាងណា​ក៏ដោយ ក្រុម​អ្នកវិភាគ​និយាយ​ថា បញ្ហា​នានា​ដែល​កើត​មាន​ជាយូរ​មក​ហើយក្នុង​រយៈ​ពេល ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ទន្លេ​នេះ​នា​ពេលបច្ចុប្បន្ន​ ស្រប​ពេល​ដែល​កើត​មាន​គ្រោះ​រាំង​ស្ងួត​បង្ក​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​បរាជ័យ​ក្នុង​ការ​ធ្វើការ​សម្រប​សម្រួល។

លោក Milton Osborne ​គឺជា​ប្រវត្តិ​វិទូដែល​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​ទៅ​លើ​ប្រព័ន្ធ​ទន្លេ​នេះ​អស់​រយៈ​ពេល​ជាង ២០ឆ្នាំ​មក​ហើយ។ លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «បច្ចុប្បន្ន​នេះ មាន​ការ​ពិបាក​ក្នុង​ការ​មើល​ទៅ​លើ​រូបភាព​រួម​នៃ​អ្វី​ដែល​កំពុង​កើត​ឡើង។ អ្វីៗ​ដែល​កើត​មាន​ឡើង​ពាក់​ព័ន្ធ​នឹង​ទន្លេ​មេគង្គ​គឺ​ជា​រឿង​មិន​ច្បាស់លាស់​មួយ»។

លោក​បន្ត​ថា៖ «បច្ចុប្បន្ន​នេះ​ មាន​ទំនប់​មិន​តិច​ជាង​ ១១ទេ​នៅ​ប្រទេស​ចិន និង​មាន​ទំនប់​ដែល​កំពុង​ស្ថិតក្រោម​ការ​សាង​សង់​នៅ​ប្រទេស​ឡាវ​មួយ​ចំនួន​ ហើយ​ក៏​មាន​ការ​ពិភាក្សា​នានា​អស់​រយៈ​ពេល ១០ឆ្នាំ​មក​ហើយ​ ថា​តើ​ទំនប់​ទាំង​នេះ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដូចម្ដេច​ខ្លះ​ទៅ​លើ​ទន្លេ​នេះ ប៉ុន្តែ​ហាក់​ដូចជា​គ្មាន​អ្វី​ត្រូវ​បាន​ដោះ​ស្រាយ​ទៅ​តាម​វិធានការ​ដែល​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ដាក់​ចេញ​នោះ​ទេ»។

យោង​តាម​មជ្ឈមណ្ឌល Stimson ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ទំនប់​ចំនួន ១១ ដែល​បង្ក​ការ​រាំង​ស្ទះ​ដល់​លំហូរ​ទឹក​ទន្លេ​មេគង្គ​ត្រូវ​បាន​សាង​សង់​រួច​រាល់​នៅ​ក្នុង​ប្រទេស​ចិន និង​ឡាវ។ ក្រៅ​ពី​នេះ​មាន​ទំនប់​ចំនួន ១១៨ ផ្សេង​ទៀត​ត្រូវ​បាន​សាង​សង់​នៅ​តាម​ដៃ​ទន្លេ​នេះ។

លើស​ពី​នេះ​ទៀត​ មាន​ទំនប់​តូចៗ​ចំនួន​រាប់​រយ​ដែល​សាង​សង់​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ ការ​ស្រោច​ស្រព​ដំណាំ ការ​ចិញ្ចឹម​ត្រី ​និង​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​តាម​បណ្តា​ប្រទេស​មេគង្គ​ក្រោម។

ទំនប់​ទាំង​នោះ​បាន​ទប់ ៥០ ភាគរយនៃ​ដីល្បាប់ ដែល​រួម​ផ្សំ​ជាមួយ​នឹង​ការ​បូម​ខ្សាច់ និង​កង្វះ​កម្រិត​ទឹក​ដែល​ចាំ​បាច់​សម្រាប់​ហូរ​សម្អាត​ទន្លេ​ បាន​ធ្វើ​ឲ្យ​មាន​កំណើន​កម្រិត​ជាតិ​ប្រៃ​នៃ​ទឹក។

រូប​ឯកសារ៖ ទន្លេ​មេគង្គ​ដែល​ធ្លាប់​តែមាន​អនុភាព បាន​ថមថយ​មក​ត្រឹម​ជាផ្ទៃ​ទឹក​ដ៏​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដូចមាន​បង្ហាញ​នៅ​ក្នុង​រូបថត​ថត​ឆ្នាំ​២០១៩​នេះ។
រូប​ឯកសារ៖ ទន្លេ​មេគង្គ​ដែល​ធ្លាប់​តែមាន​អនុភាព បាន​ថមថយ​មក​ត្រឹម​ជាផ្ទៃ​ទឹក​ដ៏​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ដូចមាន​បង្ហាញ​នៅ​ក្នុង​រូបថត​ថត​ឆ្នាំ​២០១៩​នេះ។

កសិករ​នៅ​ក្នុង​ខេត្ត Ben Tre ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​និយាយ​ថា ដីសណ្ត​ទន្លេ​មេគង្គ​ក្រោម​បច្ចុប្បន្ន​នេះ​មាន​រសជាតិ​ប្រៃ​រយៈ​ពេល​រហូត​ដល់​ទៅ ៤ ខែ​ក្នុង​មួយ​ឆ្នាំ​ ខុស​ពី​ពេល​មុន​ដែល​ជាតិ​ប្រៃ​នេះ​មាន​រយៈ​ពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ។ ទឹក​មាន​រសជាតិ​ប្រៃ​នេះ​បាន​ធ្វើឲ្យ​ដើម​ឈើ​ងាប់។

លោក Brian Eyler នាយក​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson បាន​ថ្លែង​ថា៖ «ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​យើង​គិត​ឃើញ​ថា ទន្លេ​មេគង្គ​បាន​ឆ្លង​ផុត​បន្ទាត់​មួយ​ដែល​មិន​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​បាន។ មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទំនប់​នានា​នៅ​តាម​ដៃ​ទន្លេ និង​ផល​ប៉ះពាល់​របស់​ពួក​វាទៅ​លើ​ទន្លេ​នេះ​ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ទំនប់​ទាំង​នោះ​មាន​ច្រើន​ហួស​ហេតុ»។

គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​មួយ​មាន​ចំណង​ជើង​ថា «លំហូរ​ទឹក​ទន្លេ​មេគង្គ​ទាប និង​ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ពី​ឆ្នាំ ២០១៩​ ដល់​ឆ្នាំ​២០២១» ដែល​របាយការណ៍​នេះ​បាន​រក​ឃើញ​ថា «របប​ប្រព័ន្ធ​ធារាសាស្ត្រ»​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក ដោយសារ​តែ​មាន​កម្រិត​ទឹក​ហូរ​ច្រើននៅ​រដូវ​ប្រាំង ហើយ​វា​បែរ​ជា​ហូរ​តិច​វិញ​នៅ​រដូវ​វស្សា ដែល​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​ស្តុក​ទឹក​មាន​ការ​កើន​ឡើង។

ជាពិសេស​ទៅ​ទៀត​នោះ របាយការណ៍​ដែល​មាន​កម្រាស់​ ១០០ ទំព័រ​នេះ​បានលើក​ឡើង​ពី​ស្ថានភាព​បឹង​ទន្លេសាប ដែល​ជា​ដៃ​ទន្លេ​មេគង្គ​ ដែល​មានទឹក​ហូរ​ចូល​ពេញ​នៅ​រដូវ​វស្សា ហើយ​នៅ​ពេល​បឹង​ទន្លេសាបពេញ វា​ហូរ​ត្រឡប់​ទៅ​ទន្លេ​មេគង្គ​វិញ ហើយ​ហូរ​បន្ត​រហូត​ទៅ​ដល់​សមុទ្រ​ចិន​ខាង​ត្បូង។

របាយការណ៍​ដដែល​បាន​សរសេរ​ថា កម្រិត​ទឹក​ទន្លេ​សាប​ដែល​ជា​អាង​ទឹក​ធារាសាស្ត្រ​ដ៏​ធំ បាន​ឡើងជិត​ដល់​កម្រិត​មធ្យម​កាល​ពី​ឆ្នាំ ២០១៩។ ប៉ុន្តែ​កម្រិត​ទឹក​ទន្លេ​នេះ​បាន​ធ្លាក់​ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​ឆ្នាំ ២០២០ និង​ ២០២១។

បើ​តាម​របាយការណ៍​នេះ​បញ្ជាក់​ថា កម្រិត​ទឹក​ដែល​ហូរ​ត្រឡប់​ពី​បឹង​ទន្លេចូល​ទៅ​ទន្លេ​មេគង្គ​វិញ​នោះ​ មាន​តែ​ ៥៨ ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០២០ ហើយ​នៅ​ឆ្នាំ ២០២១ មាន​តែ ៥១ ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​ទៅ​នឹងបរិមាណ​នៃ​កម្រិត​មធ្យម​ដែល​បានហូរ​ត្រឡប់​ទៅ​ទន្លេ​មេគង្គ​វិញ​ក្នុងចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ២០២១។ ប្រទេស​ចិន​និង​ឡាវ​ត្រូវ​បាន​ស្តី​បន្ទោស​ដោយសារ​តែ​ទឹក​ដែល​ត្រូវ​បាន​ស្តុក​នៅ​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​ទាំងនេះ។​

លោក Eyler បាន​ថ្លែង​ថា៖ «ពួក​គេ​យក​ទឹក​ចេញ​ពី​ប្រព័ន្ធ​ទន្លេ​នៅ​រដូវ​វស្សា ហើយ​ពួក​គេ​បញ្ចេញ​ទឹក​នោះ​មក​វិញ​នា​រដូវ​ប្រាំង​ឲ្យហូរ​ទៅ​ដង​ទន្លេ​មេគង្គក្រោម និង​ហូរ​បន្ត​ចូល​ទៅ​មហា​សមុទ្រ។ ប៉ុន្តែ​ជាក់ស្ដែង ទឹក​ដែល​បញ្ចេញ​មក​នៅ​រដូវ​ប្រាំង​នេះ​មិន​សូវ​មាន​ប្រយោជន៍​ទេ ដោយសារ​តែ​កម្រិត​ទឹក​នារដូវ​ប្រាំង​ទាប​ពេក បើ​ទោះ​បី​បញ្ចេញ​ទឹក​នោះ​មក​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្រិត​ទឹក​ទន្លេ​នេះ​មាន​ប្រែ​ប្រួល​នោះទេ»។

យោង​តាម​របាយការណ៍​គណៈកម្មការ​ទន្លេ​មេគង្គ​ ឆ្នាំ​២០២០គឺ​ជា​ឆ្នាំ​ដែល​មាន​សភាព​រាំង​ស្ងួត​ខ្លាំង​បំផុត ជាមួយ​នឹង​កម្រិត​ទឹក​ភ្លៀង​ទាប​ជាង​កម្រិត​ធម្មតា​នៅ​ក្នុង​ខែ​នីមួយៗ លើក​លែង​តែ​ខែ​តុលា។ បញ្ហា​ទាំង​នេះ​ទាមទារ​ឲ្យ​មាន​វិធានការ​បន្ថែម​ទៀត៖ «មិន​ត្រឹម​តែ​វិធានការ​ពី​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិធានការ​ពី​ប្រទេស​សមាជិក​ទន្លេ​មេគង្គ​ទាំង​អស់​ដើម្បី​ដោះស្រាយ​រួម​គ្នា»។

ទស្សនៈ​វិស័យ​ក្នុង​ពេល​ឥឡូវនេះ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​សម្រាប់​តំបន់​ទន្លេ​មេគង្គ​ក្រោម ខណៈ​ដែល​សេដ្ឋកិច្ច​តំបន់​នេះ​បាន​រង​ការ​ខូច​ខាតដោយ​សារ​តែ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩។

លោក Eyler ថ្លែង​បន្ត​ដូច្នេះ​ថា៖ «នៅ​ពេលរដូវ​ប្រាំង​ខាង​មុខ​នេះ ស្ថានភាព​សម្រាប់​ផលិតកម្ម​កសិកម្ម​នឹង​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង ដោយសារ​តែ​ការ​ខ្វះ​ទឹក​សាប​នៅ​តំបន់​នានាជុំវិញ​អាង​ទន្លេ​នេះ ជាពិសេស​នៅ​តំបន់​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ»។

លោក​បន្ត​ថា៖ «ដូច្នេះ រយៈ​ពេល ៥ ខែ​ខាង​មុខ​នេះ ស្ថានភាព​រាំង​ស្ងួតបើ​មិន​អាក្រក់​ជាងមុន យ៉ាងហោចណាស់​នឹង​បន្ត​រាំងស្ងួតខ្លាំង​ដូច​រដូវប្រាំង​៣ឆ្នាំ​ចុងក្រោយ​នេះ»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG