ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ បញ្ហា​មេគង្គ​ត្រូវ​តែ​ជា​របៀប​វារៈ​ស្នូល​របស់​អាស៊ាន​និង​អាមេរិក


រូបឯកសារ៖ ទិដ្ឋភាពទន្លេមេគង្គរវាងព្រំដែនប្រទេសថៃនិងប្រទេសឡាវ ថតពីប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ ទិដ្ឋភាពទន្លេមេគង្គរវាងព្រំដែនប្រទេសថៃនិងប្រទេសឡាវ ថតពីប្រទេសថៃ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩។

នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ វា​ដល់​ពេល​ហើយ​ដែល​ទាំង​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​ ផ្ដល់​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​មេគង្គ​ ជា​របៀប​វារៈ​ស្នូល​របស់​ខ្លួន។

ក្នុង​សិក្ខា​សាលា​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល Stimson មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្រុម​វាគ្មិន​ទាំង​នោះ​បាន​លើក​ឡើង​ថា​បញ្ហា​មេគង្គ​ដែល​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ ៥ ​ជា​ប្រទេស​តាម​ដង​ទន្លេ​នោះ​មាន​គុណតម្លៃ​ជា​អនេក​ផ្នែក​យុទ្ធសាស្ត្រ។

អ្នកស្រី Kate Rebholz ភារធារី​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​សមាគម​អាស៊ាន​ បាន​លើក​ឡើង​ថា រដ្ឋាភិបាលអាមេរិក​មាន​ការ​តាំង​ចិត្ត​ជា​ខ្លាំង​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​និង​ភាពធន់​របស់​បណ្ដា​ប្រទេស​មេគង្គ​នីមួយៗ។

«ក្នុង​កិច្ចការងារ​របស់​ខ្លួន​ជាមួយ​អាស៊ាន​ ខ្ញុំ​បាន​ឃើញ​ជា​ប្រចាំ​ថ្ងៃ​នូវ​ឥទ្ធិពល​របស់​តំបន់​មេគង្គ ទៅ​លើ​បរិបទ​តំបន់​ដែល​នៅ​ជុំវិញ។ ដូច​គ្នា​នឹង​ការណ៍​ដែល​អាស៊ាន​ចូល​រួម​ជា​វិភាគ​ទាន​ដល់​ ការ​រួបរួម​ វិបុលភាព​ សន្ដិសុខ​របស់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក តំបន់​មេគង្គ​ដើរ​តួនាទី​ដ៏​សំខាន់​បំផុត​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​អាស៊ាន»។

មន្ត្រី​អាមេរិក​រូប​នេះ​បន្ថែម​ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ​ក្នុង​សប្ដាហ៍​នេះ នឹង​មាន​ការ​ប្រកាស​កម្រិត​កំពូល​នៃ​សេចក្ដី​ថ្លែងការណ៍​អំពី​ចក្ខុវិស័យ​រួម​អាមេរិក-អាស៊ាន​ «ដែល​ប្រកប​ដោយ​មហិច្ឆតា​និង​ក្រសែ​ទស្សនវិស័យ​វែង​ឆ្ងាយ»​ លើ​វិស័យ​នានា​ រួម​មាន​សុខភាព​សាធារណៈ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ កំណើន​សេដ្ឋកិច្ច​ជា​ដើម។

លោក Bilahari Kausikan អតីត​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការ​បរទេស​សិង្ហបុរី បាន​ចោទ​សួរ​អំពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ព្រោះ​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​ដាក់​ចេញ​ដោយ​រដ្ឋបាល​លោក ចូ បៃដិន (Joe Biden) មិន​មាន​និយាយ​ពាក្យ​ថា​ «មេគង្គ»​ សូម្បី​តែ​មួយ​ម៉ាត់។

«ជា​អកុសល​ ខ្ញុំ​គិត​ថា​ វា​ជា​ទស្សន៍ទាយ​ដ៏​វិយោគ​មួយ​ថា ក្នុង​ចំណោម​បញ្ហា​នានា​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​[កំពូល​អាមេរិក-​អាស៊ាន] បញ្ហា​មេគង្គ​ មិន​ទំនង​ជា​ត្រូវ​បាន​យក​ជា​ត្រី​មុខ​នោះ​ឡើយ»។

អតីត​អ្នក​ការ​ទូត​សិង្ហបុរី​រូប​នេះ​បាន​លើក​ឡើង​ថា រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​បង្កើត​គំនិត​ផ្ដួច​ផ្ដើម​ទន្លេ​មេគង្គ​ក្រោម (Lower Mekong Initiative) នៅ​ឆ្នាំ​ ២០០៩ តែ​ក្រោយ​មក​ហាក់​លែង​ចាប់​អារម្មណ៍​នឹង​គម្រោង​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ទៅ​វិញ ហើយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ​(Donald Trump) បាន​តម្លើង​ការ​ទាក់​ទង​ជាមួយ​តំបន់​មេគង្គ​ទៅ​ជា​ភាព​ជា​ដៃ​គូ​មេគង្គ-សហរដ្ឋ​អាមេរិក (Mekong-US Partnership) នៅ​ឆ្នាំ​ ២០២០ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នៃ​អណត្តិ​របស់​ខ្លួន​ទៅហើយ។

«អ្វី​ដែល​គេ​ចង់​បាន​ពី​សហរដ្ឋ​អាមេរិក​នោះ​គឺ ការ​យក​ចិត្ត​ទុក​ដាក់​ជាប់​លាប់​នៅ​កម្រិត​កំពូល​ ដែល​ផ្ដល់​សញ្ញា​ថា ​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​នូវ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​តំបន់​មេគង្គ»។

លោក Kausikan បាន​បន្ត​ទៀត​ថា ការណ៍​ដែល​ចិន​បាន​សង់​ទំនប់​វារីអគ្គិសនី​នានា​នៅ​ដើម​ខាង​លើ​ទន្លេ និង​ចូល​រួម​វិនិយោគ​សង់​ទំនប់​ផ្សេងៗ ​ក្នុង​បណ្ដា​ប្រទេស​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នោះ​ អាច​នាំ​ឱ្យ​មហា​អំណាច​មួយ​នេះ​ «ត្រួត​ត្រា»​ អាស៊ីអាគ្នេយ៍​ដី​គោក​បាន​ ត្បិត​ពី​អំណឹះ​នេះ​ត​ទៅ​ «ទឹក​ជា​ធនធាន​យុទ្ធសាស្ត្រ» ហើយ​ការណ៍​នេះ​នឹង​នាំ​ឱ្យ​ចិន​ជា​អ្នក​គូស​វាស​ភូមិសាស្ត្រ​យុទ្ធសាស្រ្ត​របស់​តំបន់។

«មុន​នឹង​អាស៊ាន​ចង់​ឱ្យ​អាមេរិក​ចាត់​ទុក​បញ្ហា​មេគង្គ​ជា​បញ្ហា​ចម្បង​និង​យុទ្ធសាស្ត្រ​នោះ អាស៊ាន​ខ្លួន​ឯង​ ត្រូវ​តែ​ចាត់​ទុក​បញ្ហា​មេគង្គ​ ជា​បញ្ហា​ចម្បង​និង​យុទ្ធសាស្ត្រ​សិន។ អាស៊ាន​នៅ​មិន​ទាន់​ធ្វើ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ ក្នុង​ការ​ចាត់​វា​ជា​បញ្ហា​ចម្បង​និង​យុទ្ធសាស្ត្រ​របស់​ប្លុក​ទាំង​មូល»។

រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គក្រោម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថតរូបជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គក្រោម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៩។

បណ្ឌិត Satu Limaye អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ East-West បាន​លើក​ឡើង​ថា​ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ បញ្ហា​មេគង្គ​កាន់​តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​ មិន​គ្រាន់​តែ​ជា​ទីតាំង​ត្រូវ​ស្ដារ​និង​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស​ ដូច​ជា​ ទឹក ថាមពល និង​អេកូឡូស៊ី​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​ជា​«ទីលាន​ប្រកួត​ប្រជែង​រវាង​មហា​អំណាច» ដែល​មាន​ «គុណ​តម្លៃ​យុទ្ធសាស្ត្រ​យ៉ាង​សម្បើម»។

«បញ្ហា​នោះ​វា​ច្បាស់​នៅ​ត្រង់​ថា មាន​ប្រទេស​ធំ​មួយ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ធំធេង​ជាង​គេ​នៅ​ទី​នេះ​ ចំពោះ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​លំហូរ​ទឹក​ដ៏រអាក់​រអួល។ ខ្ញុំ​គិត​ថា​ ការ​នេះ​ទាក់​ទាញ​ ការ​អនុវត្ត​ពហុ​និយម​ឱ្យ​ភាគី​ដទៃ​ទៀត​ចូល​រួម​នឹង​យើង​ទាំង​អស់​គ្នា​ដើម្បី​ចាត់​ទុក​និង​ធ្វើការ​ដើម្បី​តំបន់​នេះ​ ក្នុង​នាម​ជាទីតាំង​ដែល​មាន​គុណ​តម្លៃ​យុទ្ធសាស្ត្រ​របស់​តំបន់​ទាំង​មូល»។

បណ្ឌិត Le Dinh Tinh នាយក​វិទ្យាស្ថាន​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​ការបរទេស​និង​កិច្ចការ​យុទ្ធសាស្ត្រ​ នៅ​បណ្ឌិត្យ​សភា​ការ​ទូត​វៀតណាម (DAV) បាន​អង្កេត​ឃើញ​និន្នាការ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន​លើ​បញ្ហា​មេគង្គ ​និង​ចំណុច​ផ្ដោត​មួយ​របស់​អាស៊ាន ទោះ​ជួប​ការ​រអាក់​រអួល​បណ្ដាល​មក​ពី​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ យ៉ាង​ណា​ក្ដី។

បណ្ឌិត Romyen Kosaikanont ឧបការីសាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Mae Fah Luang ប្រទេសថៃ បាន​លើក​ជា​យោបល់​ថា​ សហរដ្ឋ​អាមេរិក​គួរ​ពង្រីក​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ក្នុង​ក្រប​ខណ្ឌមេគង្គ​លើ​ផ្នែក​ចែក​រំលែក​បច្ចេក​វិទ្យា​ ពង្រឹង​គុណភាព​គ្រឹះស្ថាន​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ចម្បងៗ​ក្នុង​តំបន់​មេគង្គ​ និង​ជួយ​ការ​កសាង​ប្រព័ន្ធ​ចែក​រំលែក​ និង​ដោះ​ដូរ​ទិន្ន​ន័យ​ប្រកប​ដោយ​តម្លាភាព។

«ទំនុក​ចិត្ត​និង​និរន្តរភាព​មាន​សារៈសំខាន់​បំផុត​នាំ​មក​នូវ​ភាព​ជោគជ័យ​ក្នុង​កិច្ច​សហប្រតិបត្តិការ។ គំនិត​ផ្ដួច​ផ្ដើម​នានា​ត្រូវ​ប្រកាន់​យក​អភិក្រម​ដែល​បើក​ឱ្យ​មាន​ការ​ចូលរួម​ តាំង​ពី​ដំណាក់​កាល​តាក់​តែង​គម្រោង​ដល់​ការ​អនុវត្ត ដែល​មាន​ការ​គូស​បញ្ជាក់​ច្បាស់​ពី​លទ្ធផល​និង​ការ​ផ្លាស់​ប្ដូរ​ជាវិជ្ជមាន​ដែល​គ្រោង​ទុក មិន​មែន​គ្រាន់​តែ​ធ្វើ​ព្រឹត្តិការណ៍​តែ​ម្ដងៗ ​ហើយ​ចប់​គ្រាន់​តែ​បង្គ្រប់​កិច្ច​នោះ​ទេ»។

អ្នកស្រី Sera Koulabdara នាយិកា​ប្រតិបត្តិ​អង្គការ​កេរ​ដំណែល​សង្គ្រាម (Legacies of War) បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​និង​យក​ជា​សំខាន់​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​ នូវ​បញ្ហា​កាក​សំណល់​សង្គ្រាម ​គ្រាប់​មិន​ទាន់​ផ្ទុះ​បន្សល់​ទុក​ពី​សង្គ្រាម​វៀតណាម។

«​ការ​ដោះ​ស្រាយ​បញ្ហា​កេរដំណែល​និង​លទ្ធផលទាំង​នេះ​ដែល​បន្សល់​ទុក​ដោយ​សង្គ្រាម​មិន​គ្រាន់​តែ​ជា​ករណីយកិច្ច​ផ្នែក​មនុស្ស​ធម៌​ដែល​ត្រូវ​ធ្វើ​នោះ​ទេ តែ​វា​ក៏​បាន​បង្កើត​ឱកាស​ក្នុង​ការ​កសាង​ភាព​ជា​ដៃគូ​ដែល​ហុច​ផល​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​សន្ដិភាព​មាន​និរន្តរភាព​ បង្កើត​មាគ៌ា​សម្រាប់​ប្រជាជន​មូល​ដ្ឋាន​កសាង​ជីវ​ភាព​ឱ្យ​រស់​រវើក និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ការ​ទូត​និង​សេដ្ឋកិច្ច»។

ទន្លេ​មេគង្គ​មាន​ប្រភព​នៅ​ខ្ពង់​រាប​ទីបេត៍​ក្នុង​ខេត្ត​ Qinghai ប្រទេស​ចិន និង​មាន​ប្រវែង​សរុប​ជិត​ ៥ ពាន់​គីឡូម៉ែត្រ ​ហូរ​កាត់​ប្រទេស​ចំនួន​ ៦ រួម​មាន​ ចិន ដែល​ហៅ​ទន្លេ​នេះ​ថា​«ឡានឆាង» ឡាវ ភូមា ថៃ កម្ពុជា និង​វៀតណាម។ មក​ទល់​នឹង​ខែឧសភា​ឆ្នាំ ២០២២ ​នេះ មាន​ទំនប់​វារីអគ្គិសនី​ចំនួន​ ១៣ ​កាត់​ផ្ទៃ​ទន្លេ​មេគង្គ​ឡាន​ឆាង​ ដែល​កំពុង​ដំណើរ​ការ​ ក្នុង​នោះ ​១១​ ទំនប់ ​ស្ថិត​ក្នុង​ទឹកដី​ចិន និង​ ២ ទំនប់​ស្ថិត​ក្នុង​ទឹកដីឡាវ៕

XS
SM
MD
LG