ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រី​បបែល​យក្ស​រក​ឃើញ​នៅ​កម្ពុជា ​បំបែក​កំណត់​ត្រា​ត្រី​ទឹក​សាប​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក


ក្នុង​រូបថត​កាល​ពី​​ថ្ងៃ​ទៅ​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​អង្គការ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​និង​អាមេរិក និង​មន្ត្រី​ជលផល​កម្ពុជា​ រៀប​នឹង​លែង​ប្រលែង​ត្រី​បបែល​យក្ស​​ចូល​ក្នុង​ទន្លេ​វិញ​នៅ​ខេត្ត​ស្ទឹងត្រែង។ (AP)
ក្នុង​រូបថត​កាល​ពី​​ថ្ងៃ​ទៅ​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​អង្គការ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​និង​អាមេរិក និង​មន្ត្រី​ជលផល​កម្ពុជា​ រៀប​នឹង​លែង​ប្រលែង​ត្រី​បបែល​យក្ស​​ចូល​ក្នុង​ទន្លេ​វិញ​នៅ​ខេត្ត​ស្ទឹងត្រែង។ (AP)

កម្ពុជា​រក​ឃើញ​ត្រី​បបែល​យក្ស​មួយ​ប្រភេទ ទម្ងន់​ប្រមាណ​៣០០​គីឡូក្រាម ក្នុង​ដែន​ទឹក​ទន្លេ​មេគង្គ​នៃ​ខេត្ត​ស្ទឹងត្រែង ហើយ​ត្រី​បបែល​យក្ស​នេះ​បាន​បំបែក​កំណត់ត្រា​ពិភព​លោក​សម្រាប់​ត្រី​ទឹក​សាប​ធំ​បំផុត។

ត្រី​បបែល​យក្ស​ទឹក​សាប​នេះ​ត្រូវ​ចាប់​បាន​ដោយ​អ្នក​នេសាទ​ ក្នុង​ភូមិ​កោះព្រះ ឃុំ​កោះព្រះ ​ស្រុក​សៀមបូក​ ខេត្ត​ស្ទឹងត្រែង​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ហើយ​អ្នក​នេសាទ​បាន​រាយការណ៍​ជូន​អង្គការ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ និង​មន្រ្តី​ពាក់ព័ន្ធ។

អ្នក​គ្រប់គ្រង​ និង​សម្របសម្រួល​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ អ្នកស្រី​ ជា សីលា បាន​ឱ្យ​ដឹង​ថា ត្រី​បបែល​យក្ស​នេះ​មាន​ទម្ងន់ប្រមាណ​៣០០​គីឡូក្រាម ទទឹង​២​ម៉ែត្រ និង​ប្រវែង​ពី​ក្បាល​ដល់​ចុង​កន្ទុយ​ជិត​៤​ម៉ែត្រ។ អ្នកស្រី​បន្ត​ថា ​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ចាត់​ទុក​ថា​ ត្រី​បបែល​យក្ស​នេះ ជា​ប្រភេទ​ត្រី​ទឹក​សាប​ធំ​បំផុត​ដែល​ត្រូវចាប់​បាន​ក្នុង​កំណត់ត្រា​ពិភព​លោកគិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥។

នៅ​ក្នុង​វីដេអូ​ស្តីពី​ការ​ប្រលែង​ត្រី​បបែល​យក្ស​នេះ​ចូល​ក្នុង​ទន្លេ​វិញ ដែល​ត្រូវ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ Zeb Hogan ដែល​បាន​ចូលរួម​ បាន​និយាយក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ដែល​ឃើញ​អ្វី​ដូច​នេះ​នោះ​ទេ។ នេះ​ជា​ត្រី​ធំ​បំផុត​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​រយៈ​ពេល​ជា​យូរ​មក​នេះ។ វា​ពិត​ជា​សត្វ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​គិត​ថា ​វា​បង្ហាញ​ពី​ភាព​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​គម្រោង​ផ្សេងៗ​ស្តី​ពី​ទន្លេ​មេគង្គ»។

លោក​ Zeb Hogan ​ជា​ជីវវិទូ​នៅ​សកល​វិទ្យាល័យ​ Nevada ​ទីក្រុង​ Reno ​សហរដ្ឋ​អាមេរិក​ដែល​សិក្សា​អំពី​ត្រី​ និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​ «Monster Fish»​ ​ផ្សាយ​ក្នុង​កម្មវិធី​ឯកសារ​សត្វ​ NatGeo Wild។

ក្រុម​ការងារគម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ បាន​បំពាក់​ឧបករណ៍​តាមដាន​លើ​ត្រី​បបែល​យក្ស​ទន្លេ​មេគង្គ​ញី​នេះ​ ដែល​បាន​បំបែក​កំណត់ត្រា​ធំ​ជាង​គេ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ និង​ថា នៅ​ពេល​ត្រី​បបែល​យក្ស​នេះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្តាញ​ទទួល​សូរស័ព្ទ​សំឡេង​ ដែល​មាន​ឧបករណ៍​ទទួល​សញ្ញា​សរុប​ចំនួន​៣៦ ដែល​ក្រុម​ការងារ​អាច​ប្រមូល​ទិន្នន័យ​ស្តី​ពី​ការ​ធ្វើ​ចរាចរ​ផ្លាស់​ទី និង​អាកប្បកិរិយា​របស់​វា​ជា​លើកដំបូង។ ​នេះ​បើយោង​តាម​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រោយ​ពី​ការ​រក​ឃើញ​ត្រី​បបែល​យក្សខាង​លើ​នេះ អ្នក​គ្រប់គ្រង​ និង​សម្រប​សម្រួល​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ អ្នកស្រី​ ជា សីលា បាន​និយាយ​ថា គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​រំពឹង​ថា តាម​រយៈ​ការ​សហការ​ជាមួយ​អ្នកនេសាទ​ ការណ៍​នេះ​នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​តាមដាន​និង​អភិរក្ស​ប្រភេទ​ត្រី​ទឹក​សាប​ធំៗ​នៅ​កម្ពុជា​នា​ពេល​អនាគត។

អ្នកស្រី​ថ្លែង​ថា៖ «យើង​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អ្នក​នេសាទ។ ពួក​យើង​បាន​កសាង​ទំនាក់ទំនង​ហ្នឹង​ហើយ ពួក​យើង​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​នេសាទ​ទូទាំង​ប្រទេស​កម្ពុជា។ បើ​សិន​ជា​គាត់​ចាប់​បាន​ប្រភេទ​ត្រី​ធំៗ​ ឬ​ក៏​បបែល​យក្ស​ហ្នឹង​ត​ទៅ​ទៀត គាត់​ធ្វើ​ការ​រាយការណ៍​មក​ក្រុម​ការងារ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ រដ្ឋបាល​ជលផល ហើយ​យើង​នឹង​ធ្វើ​ការ​បំពាក់​ស្លាក និង​ដោះ​លែង​ចូល​ក្នុង​ទន្លេ​មេគង្គ​វិញ»។

កន្លង​មក​នេះ គម្រោងអច្ឆរិយភាពនៃ​ទន្លេ​មេគង្គ​ បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា ​ដោយ​បង្កើត​ជា​បណ្តាញ​អ្នក​នេសាទ​ ដែល​យល់​ព្រម​រាយការណ៍​អំពី​ការ​ចាប់​បាន​ប្រភេទ​ត្រី​ធំៗ និង​ជិត​ផុត​ពូជ។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​ក្រសួង​កសិកម្ម​លោក អ៊ុក វិបុល បាន​សាទរ និង​បង្ហាញ​អំណរគុណ​ចំពោះ​អ្នក​នេសាទ​ដែល​បាន​រាយ​ការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ពេល​ចាប់​បាន​ត្រី​បបែល​យក្ស​ទឹក​សាប​នេះ ដើម្បី​អាច​ឱ្យ​មាន​ការ​ប្រលែង​ត្រឡប់​ចូល​ទន្លេ​វិញ។

លោកបន្ត​ថា​ជា​ផ្នែក​ក្នុង​ការ​កិច្ច​អភិរក្ស​ប្រភេទ​ត្រី​ទឹក​សាប និង​ធនធាន​ជល​ផល​នានាដែល​កំពុង​រង​ការ​គំរាម​កំហែង​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​វិធានការ​ការពារ​ក្នុង​ទម្រង់​ជា​អនុក្រឹត្យ​ផ្សេងៗ​កាល​ពី​ពេល​កន្លង​មក​ផង​ដែរ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យោង​ទៅ​លើ​ការ​អនុវត្ត​ជាក់ស្តែង យោង​ទៅ​លើ​ការ​គាំទ្រពី​បទដ្ឋាន​ច្បាប់​ផង យើង​ប្រឹងប្រែង​ស្តារ​ប្រភេទ​ មិន​ទាំង​អស់​ទេ ប៉ុន្តែ​បាន​ច្រើន​ មួយ​ចំនួន​កំពុង​តែ​ឱ្យ​កើត​ឡើង​វិញ»។

បើ​តាម​គម្រោងអច្ឆរិយភាព​នៃ​ទន្លេ​មេគង្គ​ ត្រី​បបែល​យក្សខាង​លើ​នេះ​គឺ​ជា​ត្រី​បបែល​យក្ស​ធំ​ជាង​គេ​បង្អស់​ដែល​ត្រូវ​បាន​រក​ឃើញ​ បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ត្រី​បបែល​ទឹក​សាប​មួយ​ផ្សេង​ទៀត​កាល​ពី​ពេល​មុន​នេះ ដែល​មាន​ទម្ងន់​១៨០​គីឡូក្រាម ទទឹង​១,៨៥​ម៉ែត្រ និង​ប្រវែង​ពី​ក្បាល​ដល់​កន្ទុយ​៣,៩៣​ម៉ែត្រ ដែល​ត្រូវ​អ្នក​នេសាទ​ចាប់​បាន​ដោយ​ចៃដន្យ​នៅ​ទន្លេ​មេគង្គ ក្នុង​ភូមិ​កោះព្រះ ឃុំ​កោះព្រះ ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​ដូចគ្នា៕

XS
SM
MD
LG