សហជីពមួយចំនួនដែលធ្វើការការពារប្រយោជន៍កម្មករនិយោជិតក្នុងវិស័យទេសចរណ៍កំពុងស្វែងរកជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីពិគ្រោះយោបល់រកច្រកដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការព្យួរការងារការទូទាត់ប្រាក់អតីតភាពការងារនិងជម្លោះការងារមួយចំនួនដែលមិនទាន់ដោះស្រាយរួចរាល់នៅឡើយក្នុងវិស័យទេសចរណ៍។
នៅក្នុងលិខិតដែលបានដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិតសំហេង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មដែលជាសមាជិករបស់សហភាពការងារកម្ពុជាបានកត់សម្គាល់បញ្ហាជាច្រើនដែលមិនទាន់ដោះស្រាយរួចនៅក្នុងវិស័យទេសចរណ៍ក្នុងនោះ ប្រាក់ធានានុគ្រោះប្រាក់អតីតភាពការងារការមិនធ្វើរបាយការណ៍ជូនក្រសួងការងារនៅពេលក្រុមហ៊ុនព្យួរការងារ ហើយវិវាទមួយចំនួនមិនទាន់ត្រូវបានដោះស្រាយឲ្យបានយុត្តិធម៌ដល់កម្មករនិយោជិត។
សហជីពលើកឡើងទៀតថា មិនទាន់មានការកំណត់ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យទេសចរណ៍ហើយទំនាក់ទំនងការងាររវាងក្រសួងមន្ទីរ និងតំណាងកម្មករក្នុងវិស័យនេះក៏នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។
លិខិតរបស់សហជីពថ្លែងក្នុងន័យដើមថា៖«ដោយសារកត្តានេះហើយសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មបានធ្វើការជួបជុំប្រជុំជាច្រើនដងជាមួយសហភាពការងារកម្ពុជាជាពិសេសកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅពួកគេបានប្រជុំគ្នា ហើយបានសម្រេចឲ្យសហភាពការងារកម្ពុជាធ្វើសំណើសុំជួបឯកឧត្តមរដ្ឋមន្ត្រីដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារផងដែរ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ធន់ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាបញ្ហាជាច្រើនពាក់ព័ន្ធនឹងការងារក្នុងវិស័យទេសចរណ៍នេះបានកើតឡើងនៅខេត្តទេសចរណ៍សំខាន់ពីរគឺខេត្តព្រះសីហនុនិង ខេត្តសៀមរាបដែលម្ចាស់ក្រុមហ៊ុនរាប់រយបានប្រឹងប្រែងគេចពីការទទួលខុសត្រូវចំពោះការទូទាត់សំណងផ្សេងៗដល់កម្មករនិយោជិតដែលបម្រើការងារតាមភោជនីយដ្ឋានសណ្ឋាគារ និងព្រលានយន្តហោះជាដើម។
លោកបញ្ជាក់ទៀតថាក្រុមសហជីពអាចនឹងមានការជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេងនៅចុងខែវិច្ឆិកានេះដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងការលំបាករបស់បុគ្គលិកនិយោជិតក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩កន្លងមក។
លោកថ្លែងថា៖«កុំឲ្យនៅពេលដែលវិបត្តិហ្នឹងវាកើតឡើងហើយហើយក្រុមហ៊ុនគាត់គេចពីការទទួលខុសត្រូវធ្វើឲ្យបុគ្គលិកកាន់តែពិបាក។ ហើយអ្វីដែលរដ្ឋហ្នឹងជួយហើយ មានន័យថាកម្មករគាត់[អត់ ]បានដែរបើក្រុមហ៊ុនគេអត់រាយការណ៍ ព្រោះលក្ខខណ្ឌរបស់ក្រសួងបញ្ជាក់ហើយទាល់តែរាយការណ៍។ បើអត់រាយការណ៍គឺអត់ឲ្យទេ។ ហើយបើអត់ឲ្យមានន័យថាទោះបីគាត់ធ្វើវិស័យហ្នឹងក៏ដោយតែគាត់អត់បានទេ»។
លោកបន្ថែមថា៖ «អីចឹងយើងចង់ជជែកចំណុចហ្នឹងដើម្បីឲ្យឯកឧត្តមរដ្ឋមន្ត្រីហ្នឹងគាត់ដឹងចំណុចហ្នឹងហើយគាត់រកវិធីដោះស្រាយបញ្ហាហ្នឹង»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោក ឃុនថារ៉ូ យល់ថាការជួបពិភ្សាជាមួយថ្នាក់ដឹកនាំក្រសួងការងារនោះមិនគ្រប់គ្រាន់ទេ។ លោកថាអាជ្ញាធរពាក់ព័ន្ធគួរពង្រឹងការអនុវត្តច្បាប់ការងារឲ្យហ្មត់ចត់ដែលជាផ្នែកមួយនៃការការពារអត្ថប្រយោជន៍របស់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ដែលធ្លាក់ដាំក្បាលចុះខ្លាំងក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។
«ការដាក់លិខិតទៅជួបរដ្ឋមន្ត្រីនេះខ្ញុំគិតថាវាមិនមែនជាដំណោះស្រាយមួយទេ។ រឿងដែលសំខាន់គឺស្ថាប័នដែលទទួលបន្ទុកនៅក្នុងការអនុវត្តច្បាប់ហ្នឹងទាំងក្រសួងការងារហ្នឹងតាមរយៈអធិការកិច្ចត្រូវតែធ្វើយ៉ាងណាពង្រឹងនូវប្រសិទ្ធភាពដោះស្រាយយន្តការនៃការដោះស្រាយវិវាទនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹង»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារលោក ហេងសួរបានប្រាប់វីអូអេនៅថ្ងៃអង្គារនេះតាមសារឆ្លើយឆ្លងWhatsApp ថាលោកមិនបានដឹងអំពីសំណើសុំជួបរដ្ឋមន្ត្រីក្រសួងការងារពីភាគីសហជីពនៅឡើយទេ។
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបានរងការបក់បោកយ៉ាងខ្លាំងពីវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ដោយភ្ញៀវទេសចរបរទេសបានថយចុះយ៉ាងគំហុកគិតចាប់តាំងពីចុងឆ្នាំ២០១៩មក។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍នៅឆ្នាំ២០១៩ មុនពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩កម្ពុជាទទួលបានភ្ញៀវបរទេសចំនួនប្រមាណ៦,៦ លាននាក់ដែលបានផ្តល់ចំណូលដល់វិស័យទេសចរណ៍ជិត ៥ ពាន់ លានដុល្លារអាមេរិក។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០២០ចំនួនអ្នកមកទស្សនាប្រទេសកម្ពុជាបានធ្លាក់ចុះខ្លាំងដល់១,៣លាននាក់ និងការចំណូលពីវិស័យនេះបានធ្លាក់ចុះដល់ប្រមាណ១ពាន់លានដុល្លារអាមេរិក៕