ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​ឆ្នេរ​កម្ពុជា​ត្រៀម​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​​​ពី​ចុង​ខែ​វិច្ឆិកា​តទៅ


រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។

អាជ្ញាធរ​និង​ក្រុម​អ្នកបម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ពីរ​ជាប់​តំបន់​ឆ្នេរ​របស់កម្ពុជាគឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​លើក​ឡើង​ថា ខ្លួន​កំពុង​ត្រៀម​លក្ខណៈ​រៀបចំ​ទទួល​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់​មក​ពី​ក្រៅ​ប្រទេស ដើម្បី​មក​កម្សាន្ត​និង​ទស្សនា​ដែល​នឹង​ចាប់​ផ្ដើម​ពី​ដំណាច់​ខែ​វិច្ឆិកានេះ​ត​ទៅ។​

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​«ក្រុង​កោះរ៉ុង»​និង​«ក្រុង​ព្រះ​សីហនុ»​នៃ​ខេត្ត​ព្រះ​សីហនុ និង​តំបន់​អភិវឌ្ឍន៍​«តារាសាគរ»​របស់​ចិន​នៅ​ស្រុក​បទុមសាគរ នៃ​ខេត្ត​កោះ​កុង​សម្រាប់​សាក​ល្បងក្នុង​ការ​ទទួល​ភ្ញៀវ​ទេស​ចរ​វ៉ាក់​សាំង​នេះ​ចាប់​ពី​ថ្ងៃទី​៣០ខែ​វិច្ឆិកាឆ្នាំ​២០២១​នេះ​តទៅ។

ចំពោះ​គម្រោង​ទេសចរណ៍​វ៉ាក់សាំង​តំបន់​ឆ្នេរ​នេះ​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​បរទេស​ចូល​មក​ភូមិសាស្ត្រ​កំណត់​ខាង​លើ មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​និងអាច​ដើរ​កម្សាន្ត​បានក្នុង​តំបន់​ទាំង​នោះប៉ុន្តែត្រូវ​គោរព​តាម​លក្ខ​ខណ្ឌ​មួយ​ចំនួន។​

ដោយ​ឡែក​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា​ជាទូទៅ​តែមិន​ប្រាថ្នា​ចូលមក​តំបន់​ទាំងបី​ខាងលើគឺត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័កដូច​ដែល​ក្រសួង​សុខា​ភិបាល​បាន​កំណត់​កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​កន្លង​ទៅ​ដដែល។

​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​គម្រោង​ទេសចរណ៍​វ៉ាក់សាំង​តំបន់​ឆ្នេរ​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដើម្បី​លើក​ស្ទួយ​ជំរុញ​វិស័យ​ទេសចរណ៍​និង​វិស័យ​សេដ្ឋកិច្ច​ឡើងវិញ​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩ ខណៈ​វិសាលភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​បាន​សម្រេច​ជាង​៨៥​ភាគរយ។​

រូបឯកសារ៖ សណ្ឋាគារមួយនៅខេត្តសៀមរាបមានបិទបដាជួលនិងលក់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ (AFP)
រូបឯកសារ៖ សណ្ឋាគារមួយនៅខេត្តសៀមរាបមានបិទបដាជួលនិងលក់ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ (AFP)

​លោក សុខ​ សុទ្ធី អភិបាលរង​ខេត្ត​ខេត្តកោះ​កុង​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ខេត្ត​កោះ​កុង​ត្រៀម​លក្ខណៈរួច​រាល់​ហើយ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេស​ចរ​វ៉ាក់​សាំង​នេះ​ដែល​អាច​មក​ស្នាក់​នៅក្នុង​តំបន់​តារា​សាគរ និង​កន្លែង​ផ្សេង​ទៀត។

លោកបញ្ជាក់ថា៖ «និយាយ​រួម​បើក​នៅ​តា​រា​សាគរ កន្លែង​ផ្សេង​ៗ​[​ដែល​]ជា​កន្លែង​អេកូ​ទេស​ចរណ៍​ធម្មតា ក៏​យើង​រៀប​ចំ​ដូច​គ្នា​អញ្ចឹង​ដែរ»។

លោកបន្ថែម​ថា៖ «ខាង​យើ​ង​ឧបមា​គាត់​[​ភ្ញៀវ​ទេសចរ​វ៉ាក់សាំង​]មក​ប៉ុន្មាន​ថ្ងៃឲ្យ​គាត់​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​ដែល​គាត់​ស្នាក់​នៅ​ហ្នឹង​ហ្ហា។ បើគាត់​ចប់​មុន​ថ្ងៃ​ហ្នឹង​គាត់​ចេញ​ទៅ​ខេត្ត​ផ្សេង​វា​ជា​ស​មត្ថ​កិច្ច​របស់​ខេត្ត​ផ្សេង»។

ចំណែក​លោក​ឃាង​ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ថា​នឹង​ត្រូវ​បែង​ចែក​យ៉ាង​ដូច​ម្តេច​ចំពោះការ​មក​លេង​កម្សាន្តរបស់​ប្រជា​ពល​រដ្ឋ​ខ្មែរឬភ្ញៀវ​ទេសចរ​ទូទៅនិង​ភ្ញៀវ​ទេស​ចរវ៉ាក់​សាំង​ក្នុង​ក្រុង​ព្រះ​សីហនុនេះដោយ​លោក​ថា​កំពុង​រង់​ចាំ​ការ​ណែ​នាំ​ពី​ក្រសួង​ទេស​ចរណ៍​បន្ត​ទៀត។

លោក​ តុប​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​និយាយ​ថា រដ្ឋ​បាន​សម្រេច​យក​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​២​នេះ​ធ្វើ​ជា​កន្លែង​ទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់​សាំង​ដោយ​សារ​តែ​អត្រា​នៃ​អ្នក​ការ​ចាក់​វ៉ាក់​សាំង​បាន​ល្អ​និងងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង ប្រសិនបើ​មានហានិ​ភ័យ​ណា​មួយ​កើត​ឡើង។

លោកថ្លែង​ថា៖ «​ទី១​ទីតាំង​ជា​ទី​កន្លែង​ដែល​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ហានិ​ភ័យ ក្នុ​ង​ករណី​ប្រការ​ណា​មួយ ទី​២​...​ហេដ្ឋា​រចនា​សម្ព័ន្ឋនៅ​ខេត្ត​ព្រះ​សីហនុ​គឺអាច​និយាយ​បាន​ថា​មាន​លក្ខណៈ​ទំនើបដោយរាជរដ្ឋា​ភិបាល​បាន​ច្រើន​នៅ​តំបន់​នៅ​អញ្ចឹង​យើង​ចង់​បង្ហាញ​អន្តរជាតិ​ឲ្យ​បាន​ឃើញ​ពី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះ​សីហនុ​នោះ​ហើយ​ចំណុចទី​៣​គឺ​ពាក់ព័ន្ធ​ការ​ចាក់​វ៉ាក់​សាំង​នៅ​ខេត្ត​ព្រះសីហនុ​នេះ​គឺ​មាន​ការ​គ្រប់​គ្រង់​បាន​ល្អ ជា​ពិសេស​គឺ​មូល​ដ្ឋាន​អាជីវ​កម្មទាំង​អស់​ដែល​បម្រើ​ការ​ងា​រ​ក្នុង​វិស័យ​ទេ​ចរណ៍​គឺ​បាន​ចាក់​វ៉ាក់​សាំងគ្រប់​ចំនួន»។

រដ្ឋា​ភិបាល​បាន​អនុ​ញ្ញាត ភ្ញៀវ​ក្នុង​គម្រោង​ទេស​ចរណ៍​វ៉ាក់​សាំង​នៅខេត្ត​ទាំងពីរ​នេះ​អាច​ដើរកម្សាន្តដោយ​សេរីចំនួន​៥​ថ្ងៃ​នៅ​ពេល​ថ្ងៃ​ដំបូង​ដែលមក​ដល់​ប្រទេស​កម្ពុជា ប៉ុន្តែ​មាន​ការ​ធ្វើ​តេស្ដរហ័ស​នៅថ្ងៃ​មកដល់​ដំបូង ហើយនៅ​ថ្ងៃទី៤​ត្រូវ​ធ្វើ​តេស្ត PCR ដើម្បី​បញ្ជាក់​ថា អវិជ្ជ​មាន​កូវីដ​១៩ មុន​នឹង​អាចចេញ​ទៅ​តំបន់​ផ្សេង​ក្នុង​ប្រទេស​កម្ពុជា​។ នេះបើ​យោង​តាម​ក្រសួង​ទេសចរណ៍​ដែល​បាន​បង្ហោះ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃទី០១ ខែ​វិច្ឆិកា។

រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។

ក្រសួង​ទេស​ចរណ៍ បាន​ឲ្យ​ដឹង​ទៀត​ថា ​ភ្ញៀវ​ទេសចរ​មក​តំបន់​សុវត្ថិ​ភាព​នេះ មិន​មាន​តម្រូវ​ឱ្យ​មា​នកក់​ប្រាក់​នោះ​ទេ ដែល​ការ​ចំណាយ​ត្រូវ​ធ្វើ​កិច្ច​សន្យា​ផ្ទាល់​ជា​កញ្ចប់​ជាមួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ឬ​ជាមួយ​សណ្ឋាគារ​ក្នុង​តំបន់​សុវត្តិ​ភាព ប៉ុន្តែត្រូវបង្ហាញបណ្ណ​ចាក់​វ៉ាក់​សាំងឯក​សារ​តេស្ត​៧២​ម៉ោង​មុន​មក​ដល់​កម្ពុជា​បង់​ថ្លៃ​ធានា​រ៉ាប់​រង​ចំនួន​៩០​ដុល្លារ​ដើម្បី​ដណ្ដប់​លើការ​ចំណាយ​ព្យា​បាល​ជំងឺ​កូវីដ​១៩​ក្នុង​ករណី​រក​ឃើញ​មាន​តេស្ដ​វិជ្ជមាន។

អ្នកនាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍រូប​នេះ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ខេត្ត​សៀម​រាប​នឹង​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ២០២២​ខាង​មុខ​ហើយ​ប្រសិន​បើ​ការ​សាក​ល្បង​ក្នុង​ដំណាក់​កាល​ដំបូង​នេះ​ទទួល​ជោគ​ជ័យ នោះ​តំបន់​មួយ​ចំនួន​ទៀត​នឹង​បើក​បន្ត​បន្ទាប់​។​

​កាល​ពី​ថ្ងៃទី​១៨​ខែ​តុលា​រដ្ឋា​ភិបាល​បាន​កំណត់​ឲ្យអ្នក​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា ដែល​បានចាក់​វ៉ាក់​សាំង​ការ​ពារជំងឺ​កូវីដ​១៩រួច​រាល់ ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​កន្លែង​រៀប​ចំ​ដោយ​អាជ្ញាធរ​យ៉ាង​យូរ​ត្រឹម​តែ​៧​ថ្ងៃ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​តម្រូវ​ឲ្យអ្នក​ដំណើរជន​ជាតិ​ខ្មែរ​និ​ងជន​ជាតិ​បរទេស​កក់​សណ្ឋាគារ​សម្រាប់​ធ្វើ​ចត្តាឡី​ស័ក និង​ត្រូវ​បង្ហាញ​ឯក​សារ​ពាក់​ព័ន្ធ ដូច​ជាវិញ្ញា​បន​បត្រ​បញ្ជាក់​ថា​គ្មាន​ជំងឺ​កូវីដ​១៩ បណ្ណ​ចាក់​វ៉ាក់​សាំង ឯក​សារ​កក់​សណ្ឋាគារ​សម្រាប់​ធ្វើ​ចត្តា​ឡី​ស័ក និង​បណ្ណ​ធានា​រ៉ាប់​រង​សុខ​ភាព​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ហ្វតតេ​ជា​ដើម។

ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​អ្នកស្រី ​ឆាយ ស៊ីវលីន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់​សាំង​ពេញ​លេញឲ្យចូល​មក​កម្ពុជាជា​ការ​ប្រសើរ​ដែល​អាច​ជួយ​សង្រ្គោះ​វិស័យ​ទេស​ចរណ៍​ឡើង​វិញ​ទាន់​ពេល​វេលា​ក្រោយ​វិស័យ​នេះ​ត្រូវ​បាន​ទទួល​រង​ផល​ប៉ះពាល់​អស់​រយៈ​ពេល​២ ឆ្នាំ​មក​ហើយ។

ទន្ទឹម​នឹង​នេះ​អ្នកស្រី ​ស៊ីវលីន ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​បើក​ទូលាយ​ជើង​ហោះ​ហើរ​និង​កំណត់​បណ្ដាញហោះ​ហើរ​ឲ្យ​បាន​ច្បាស់​លាស់​ចាប់​ពី​ពេល​នេះ​ទៅ​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ភ្ញៀវ​ទេសចរ​វ៉ាក់​សាំង​ឲ្យ​អស់​ពី​លទ្ធលភាព។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​យើង​អត់​ទាន់​ទទួល​បាន​ថាតើ​ការ​ប្រកាស​របស់​ជើង​ហោះ​ហើរ​ហ្នឹង​[តើ​] គាត់​ហោះ​ហើរ​យ៉ាង​ដូច​ម្តេច​? ដើម្បី​ឲ្យ[សហ​]ការី​ទេស​ចរណ៍​យើង​អាច​Design [បង្កើត] កញ្ចប់​ខ្សែ​ទស្សនកិច្ច​នឹង​ឲ្យ​ស្រប​ទៅ​តាម​ហ្នឹង​ដែរ​ព្រោះ​ថា​គឺ​ការ​ដែល​ធ្វើ​ខ្សែ​ទស្សន​កិច្ច​ហ្នឹងគឺ​ត្រូវ​ការ​ម៉ោង​ពេល​ហោះ​ម៉ោង​ពេល​ចុះ។ អញ្ចឹងទើប​យើង​អាច​លៃ​លក​ការ​ចំណាយ​របស់​ភ្ញៀវ​ហ្នឹង​បាន​យើង​ដាក់​តម្លៃ​ទៅ​តាម​កញ្ចប់​នឹង​បាន។ ប្រសិន​បើ​គាត់​អត់​ដាក់ [ការ​កំណត់​ពេល​វេលា​ជើង​ហោះ​ហើរ]​ទេ​អ៊ីចឹងយើង​នៅ​រង​ចាំ​អ៊ីចឹង​ធ្វើ​ឲ្យ​យើង​ខាត​ពេល»។

រូប​ឯកសារ៖ ផែ​ទេសចរណ៍​នៅ​តំ​បន់​ឆ្នេរ​«តារាសាគរ»​ក្នុង​ខេត្ត​កោះកុង​កាលពីឆ្នាំ​២០១៩។ (វីអូអេ)
រូប​ឯកសារ៖ ផែ​ទេសចរណ៍​នៅ​តំ​បន់​ឆ្នេរ​«តារាសាគរ»​ក្នុង​ខេត្ត​កោះកុង​កាលពីឆ្នាំ​២០១៩។ (វីអូអេ)

លោក តុប សុភ័គ មិន​បាន​បញ្ជាក់​ច្បាស់​នោះ​ទេ ចំពោះ​សំណួរ​របស់​វីអូអេ​អំពី​ប្រភព​នៃ​ភ្ញៀវ​ទេសចរ​ដែល​អាច​នឹង​មក​ដល់​ខណៈ​ដែល​ប្រទេស​ចិន​មិន​ទាន់​បើក​ចំហ​ឱ្យ​ពលរដ្ឋ​ខ្លួន​អាច​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​បាន​ដោយ​សេរី​វិញ​នៅ​ឡើយ។​ចិន​ជា​ទីផ្សារ​ភ្ញៀវ​ទេសចរ​ធំ​ជាង​គេ​របស់​កម្ពុជា នៅ​មុន​វិបត្តិ​កូវីដ​១៩។

លោក ចិន ​ដារ៉ា​ ដែល​បា​ន​បម្រើ​ការ​ជា​បុគ្គ​លិក​ផ្នែក​ទទួលកក់​បន្ទប់របស់​ Mafiya Resort Cambodia ដែល​ស្ថិតក្នុង​កោះ​រ៉ុង​បាន​ប្រាប់​វីអូអេ​ឲ្យ​ដឹង​ថាការ​បើក​ដំណើរការ​ទេស​ចរ​ណ៍​ក្នុង​ខេត្ត​ព្រះ​សីហនុ​នេះ​ជា​ការ​ល្អ​ដើម្បី​អាច​ឲ្យ​អាជីវ​កម្មផ្ទះ​លំហែ​និង​សណ្ឋាគារ​អាច​នឹង​ទទួល​ភ្ញៀវ​បាន​មួយ​ចំនួន​ឡើង​វិញចំពោះ​ភ្ញៀវ​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ខណៈ​ដែល​អាជីវកម្ម​នេះ​បាន​រង​ផល​ប៉ះ​ពាល់​ប្រមាណ​២​ឆ្នាំ​មក​ហើយ។

លោកថ្លែង​ថា៖ «ឲ្យ​តែ​ភ្ញៀវ​គាត់​មាន​បណ្ណ​ចាក់​វ៉ាក់​សាំង​ហើយ​បើក​វិញទៅ ខ្ញុំ​គិត​ថាល្អ​ហើយ​ពីព្រោះ​យើង​មាន​បញ្ហា​ហ្នឹង​យូរ​ហើយ»។

Mafiya Resort ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ទៀ វិចិត្រ ​ក្មួយ​ប្រុស​លោក​ទៀ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​កម្ពុជា។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ប្រាប់​វីអូអេ​ថា​រដ្ឋាភិបាល​ត្រូវ​តែ​រឹត​បន្តឹង​ការ​អនុវត្ត​វិធាន​ការ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​នេះ​ឲ្យ​បាន​តឹង​រ៉ឹង​បំផុត​ជា​ពិសេស​ត្រូវ​ហ៊ានដាក់​ទោសទណ្ឌ ឬ​ដក​តួនាទី​មន្ត្រីណា​ដែល​ប្រព្រឹត្ត​នូវកំហុស ឬ​ល្មើស​នូវ​វិធានការ​ដែល​បាន​ដាក់​ចេញ​នេះ។​លោកមានការ​ព្រួយ​បារម្ភប្រសិន​បើ​ការ​គ្រប់គ្រង​វិធាន​ការ​ការ​ពារ​ជំងឺ​កូវីដ​១៩​នេះ​មិន​បាន​ល្អ នោះ​វា​នឹង​បង្ក​ជា​ហានិ​ភ័យ​ដ៏​ខ្លាំង​ខ្លា​ដល់​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិទាំង​មូល។​

លោកថ្លែង​ថា៖ «រឿង​ដែល​សំខាន់​បំផុត​បារម្ភ​ខ្លាច​ថា​តើអាច​គ្រប់គ្រង​បាន​ទេ កុំ​ឲ្យ​មាន​ការ​ចេញ​មុន​រយៈពេល​កំណត់​ទេ​...។​រឿង​វិធាន​ការ​ខ្ញុំ​ឃើញ​ការ​ដាក់ចេញ​គោលការណ៍​ល្អ​ប៉ុន្តែ​តើ​ការ​អនុវត្ត​អាច​នឹង​ធ្វើ​ទៅ​បាន​ម៉ដ្ឋ​ចត់​ទេ? ​នេះ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​គិត»។

វីអូអេ​មិនទាន់​អាចទាក់​ទង​អ្នកស្រី ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​វិធាន​ការ​សុខាភិបាល​គ្រប់គ្រង​ការចេញ​ចូល​តំបន់​ទេសចរណ៍​វ៉ាក់សាំង​តំបន់​ឆ្នេរ​នេះ។

បើ​តាម​តួលេខ​ផ្ដល់​ឱ្យ​ដោយ​នាយកដ្ឋាន​ស្ថិតិ​និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍ ពី​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំ​២០២១នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស​ប្រមាណ​១២ម៉ឺន​នាក់​ដែល​មាន​ការ​ថយ​ចុះ​៩០ ភាគ​រយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន។

នាយក​ដ្ឋាន​ស្ថិតិ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៨ខែ​ដដែល​នេះ​ដែរ ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​មានសរុប​ជាង​២​លាន​២​សែន​នាក់​ថយ​ចុះ​៥១​ភាគ​រយ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​បរ​ទេស​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​មាន​ប្រហែល​១៥ម៉ឺន​នាក់​ថយ​ចុះ​៩១ភាគរយ៕

XS
SM
MD
LG