អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រំពឹងថា ការបើកតំបន់ខ្លះក្នុងប្រទេសទទួលយកក្រុមទេសចរចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់នោះ អាចនឹងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះ មានសន្ទុះឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបានធ្លាក់ដាំក្បាលចុះរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។
ការបើកទទួលយកទេសចរចាក់វ៉ាក់សាំងរួចនេះ នឹងចាប់ផ្តើមនៅចុងខែវិច្ឆិកាខាងមុខ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២។ នេះ បើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន កត់សម្គាល់ថាការសម្រេចរបស់រដ្ឋាភិបាល ដែលនឹងផ្តល់ឱកាសឲ្យភ្ញៀវទេចរចាក់វ៉ាក់សាំងកូវីដ១៩រួចចូលមកក្នុងប្រទេស គឺជាដំណឹងល្អមួយសម្រាប់ការដំណើរការឡើងវិញនូវអាជីកម្មក្នុងវិស័យទេសចរណ៍ បើទោះបីជា តំបន់ដែលភ្ញៀវអាចទៅទស្សនាបាន មិនទាន់ត្រូវបានបើកឲ្យទូលំទូលាយបាននៅឡើយក្តី។ អ្នកស្រីប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖
«បើទោះជាការបើកនេះ វាបើកជាជំហានៗ ដែលមិនអាចបើកទាំងស្រុងបាន បើកជំហានៗដូចជាបើកខេត្តព្រះសីហនុ ហើយនឹងខេត្តកោះកុង កោះស្តេចនេះ ឡើងហ្នឹងវាដូចរៀងកំណត់បន្តិច។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏ជាសញ្ញាល្អនៅក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យការបើកទទួលភ្ញៀវនេះ ឲ្យមានបទពិសោធន៍នៅក្នុងការបើកទៅ បើមិនមានហានិភ័យធំទេ ការបើកបន្តបន្ទាប់ហ្នឹងមាន»។
អ្នកស្រីបន្តថា ប្រសិនបើការបើកទទួលយកភ្ញៀវអន្តរជាតិ ជាជំហានៗនេះ មិនបង្កហានិភ័យដល់សុវត្ថិភាពសុខភាពសាធារណៈធំដុំទេ នោះរដ្ឋាភិបាលនឹងពិចារណាបើកទីតាំងផ្សេងៗទៀតនៅក្នុងប្រទេស។ អ្នកស្រីបានមានប្រសាសន៍ថា៖
«ខ្ញុំជឿជាក់ថា រដ្ឋាភិបាលពិតជាចង់បើកបន្តបន្ទាប់ទៀត។ ក៏ប៉ុន្តែយើងមើលឃើញថា ខេត្តទាំងពីរនេះ គាត់មានប្រជាពលរដ្ឋគាត់រៀងតិចដែរ ហើយការពន្លឿននូវការចាក់វ៉ាក់សាំង ក៏បានលឿនជាងគេ បើប្រៀបធៀបជាមួយនឹងខេត្តដទៃទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរបាន»។
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា បានរងការបក់បោកយ៉ាងខ្លាំងពីវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដោយភ្ញៀវទេសចរបរទេសបានថយចុះយ៉ាងគំហុក គិតចាប់តាំងពីចុងឆ្នាំ២០១៩មក។
បើតាមលិខិតស្តីពីផែនការទទួលយកទេសចរវ៉ាក់សាំងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី២៣ ខែតុលា ការបើកទទួលទេសចរអន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព និងផ្អែកតាមអត្រានៃការចាក់វ៉ាក់សាំង អត្រាអ្នកជំងកូវីដ១៩ សមត្ថភាពឆ្លើយតប និងគ្រប់គ្រងហានិភ័យដែលអាចកើតមានវីរុសបំប្លែងថ្មី។
លិខិតរបស់លោកនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងន័យដើមថា៖ «ភាពចាំបាច់ក្នុងការបើកដំណើរសកម្មភាពសេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាម គន្លងប្រក្រតីភាពថ្មី ដោយហេតុថាស្ថានភាពទីផ្សារ ទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយការប្រកួតប្រជែងកាន់តែខ្ពស់»។
អ្នកស្រី ឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឲ្យដឹងទៀតថា អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរនឹងពិភាក្សាគ្នា លើតម្លៃនៃកញ្ចប់សេវាកម្មទេសចរណ៍ ដែលនឹងត្រូវរៀបចំជូនសម្រាប់ក្រុមគោលដៅចម្បង គឺទេសចរមកជាក្រុមគ្រួសារតូចៗ។ អ្នកស្រីថ្លែងថា៖
«យើងព្យាយាមជជែកជាមួយនឹងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើម៉េចឲ្យកញ្ចប់របស់យើងហ្នឹង ឲ្យវាធូរថ្លៃផងដែរ ដើម្បីយើងធ្វើការប្រកួតប្រជែង ព្រោះថា ការប្រកាសបើកហ្នឹងមិនមែនតែកម្ពុជាទេ ទាំងប្រទេសជិតខាងក៏គេប្រកាសបើក។ ការ promotion ពិសេសៗរបស់គេ ក៏មានជាបន្តបន្ទាប់។ អ៊ីចឹងបើសិនបើយើងលក់ធម្មតា អីចឹងក៏ អ្នកទេសចរនៅក្នុងបរិបទនេះ គឺគេក៏ប្រយ័ត្នប្រយែងរឿងការចាយវាយរបស់គេដែរ អ៊ីចឹងទេ នឹងធ្វើការប្រៀបធៀប»។
បើតាមអ្នកស្រី ឆាយ ស៊ីវលីន ទេសចរចាក់វ៉ាក់សាំងរួចដែលមកជាលក្ខណៈគ្រួសារអាចទៅកម្សាន្តនៅតំបន់ទេសចរណ៍ដែលបានកំណត់ក្នុងខេត្តព្រះសីហនុ និងកោះកុងរយៈពេល៥ថ្ងៃ។ បន្ទាប់មក បើពួកគេ មិនបានបង្កហានិភ័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ទេ ពួកគេអាចបន្តទៅកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ឬខេត្តផ្សេងទៀត។
សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន លោក ហូ វណ្ណឌី យល់ថា កម្ពុជា ដែលមានកម្រិតចាក់វ៉ាក់សាំងខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីសិង្ហបុរីក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់ដូចជាដើរយឺតជាងប្រទេសក្បែរខាងបន្តិច ក្នុងការបើកឲ្យទេសចរចាក់វ៉ាក់សាំងរួចមកលេងគោលដៅទេសចរណ៍ដែលបានកំណត់ ស្របតាមគោលការណ៍របស់អង្គការទេសចរណ៍ពិភពលោក។
ទោះជាយ៉ាងណា លោកជឿថា ការអនុវត្តទទួលយកភ្ញៀវទេសចរអន្តរជាតិជាដំណាក់កាលៗនេះ ជាដំណើរទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ផង និងជាការឈានទៅជំរុញអាជីវកម្មទេសចរណ៍ឲ្យមានសន្ទុះឡើងវិញផងដែរ។ លោកបានប្រាប់វីអូអេថា៖
«នេះគឺជាការសាកល្បង បើកឡើងវិញទាំងអស់គ្នា ទន្ទឹមហ្នឹង ចំណុច យើងជឿជាក់ថា ចំណុចវិជ្ជមានតែងតែមាន ហើយពីព្រោះថា ការណ៍ដែលយើងបើកថ្ងៃទី៣០ហ្នឹងយើងក៏មានការដើរក្រោយគេបន្តិចផងដែរ ដូចជាថៃ សាំងហ្គាពួរ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម គេក៏ចាប់ផ្តើមបើកឲ្យទេសចររបស់គេដើរនៅក្នុងស្រុក។ ហើយទន្ទឹមនឹងហ្នឹងឃើញហើយ អាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសហ្នឹងក៏បានបើកឡើងវិញ បន្ទាប់ពីការបិទមួយរយៈ ដូច្នេះ យើងកម្ពុជាយើង ក៏យើងជឿជាក់ និងសង្ឃឹមថា នឹងមានផងវិជ្ជមាន»។
លោក ហូ វណ្ណឌី បានបន្ថែមថា ក្រសួងទេសចរណ៍ក៏មានគោលការណ៍ឲ្យទេសចរមកជាលក្ខណៈបុគ្គលផងដែរ ហើយចំពោះទេសចរមកជាលក្ខណៈគ្រួសារត្រូវបំពេញតាមលក្ខខណ្ឌសង្គម និងសុខាភិបាល មួយចំនួនកំណត់ដោយអាជ្ញាធរកម្ពុជាដើម្បីបានចូលមកប្រទេសកម្ពុជា។
ជាផ្នែកមួយនៃការជំរុញឲ្យមានទេសចរ និងពលរដ្ឋកម្ពុជារស់នៅក្រៅប្រទេសបានចូលមកកម្ពុជានោះ រដ្ឋាភិបាល បានកំណត់ឲ្យជនបរទេសនិងពលរដ្ឋខ្មែរដែលធ្វើដំណើរចូលមកហើយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ ត្រូវធ្វើចត្តាឡីស័កនៅកន្លែងរៀបចំដោយអាជ្ញាធរ យ៉ាងយូរត្រឹមតែ៧ថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកដំណើរតម្រូវឲ្យបង្ហាញឯកសារពាក់ព័ន្ធនិងតម្រូវឲ្យកក់សណ្ឋាគារ និងត្រៀមប្រាក់ប្រមាណ១ពាន់ដុល្លារសម្រាប់ធ្វើចត្តាឡីស័កនេះ។ នេះ បើតាមក្រសួងសុខាភិបាល។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៩ មុនពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ កម្ពុជាទទួលបានភ្ញៀវបរទេសចំនួនប្រមាណ ៦,៦ លាននាក់ ដែលបានផ្តល់ចំណូលដល់ក្នុងវិស័យទេសចរណ៍ជិត ៥ ពាន់ លានដុល្លារអាមេរិក។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០២០ ចំនួនអ្នកមកទស្សនាប្រទេសកម្ពុជា បានធ្លាក់ចុះខ្លាំងដល់ ១,៣ លាននាក់ និងការចំណេញពីវិស័យនេះ បានធ្លាក់ចុះប្រមាណ ១.០២៣ ពាន់ លានដុល្លារអាមេរិក។
ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាននៃក្រសួងទេសចរណ៍លោក គង់ សុភារក្សាបានបញ្ជាក់ថា ក្នុងការបើកឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចមកលេងគោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជាដែលកំណត់ដោយរដ្ឋាបាភិបាលនោះ ទេសចរអាចមកជាលក្ខណៈបុគ្គល និងគ្រួសារ តាមរយៈជើងហោះហើរ។ លោកបន្ថែមថា ទេសចរត្រូវបញ្ជាក់ថា បានចាក់វ៉ាក់សាំងគ្រប់ដូស និងត្រូវមានលិខិតបង្ហាញថា មិនមានជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ ម៉ោង មុនឡើងយន្តហោះមកកាន់ប្រទេសកម្ពុជា៕