នៅពេលដែលលោក Buth Chhon (ប៊ុត ឈុន) រៀបអីវ៉ាន់ដាក់លើទូករបស់លោកនៅផែចតទូកនៃឆ្នេរកោះតូចក្នុងខេត្តព្រះសីហនុ លោកពិនិត្យមើលដោយប្រុងប្រយ័ត្នលើបញ្ជីទំនិញដែលគេបញ្ជាទិញ ដែលរួមមានដូចជា ត្រី អាល់កុល សាច់ និងបន្លែ ដើម្បីដឹកទៅកាន់សណ្ឋាគារ ផ្ទះសំណាក់ និងភូមិនានានៅលើកោះជុំវិញនោះដូចជាកោះរ៉ុងជាដើម។
បុរសវ័យ ៤៥ ឆ្នាំ និងមានកូន ៥ នាក់រូបនេះ ធ្លាប់ដឹកទំនិញដូចនេះ ទៅមកប្រចាំថ្ងៃ ហើយដើម្បីបានចំណេញពីការធ្វើដំណើរទាំងទៅទាំងមក លោកបានដឹកសំរាមតាមទូកមួយក្នុងចំណោមទូកទាំងពីរគ្រឿងរបស់លោកនៅពេលធ្វើដំណើរទៅកាន់ទីក្រុង។
លោក Buth Chhon បានបញ្ជាក់ថា នៅពេលនេះ លោកបានដឹកទំនិញដូចនេះបានតែ ២ ឬ ៣ ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។
លោកបានប៉ាន់ស្មានថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះទៅដល់ប្រមាណ ៣៥% ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ។
ក្នុងអំឡុងពេលឆ្នាំដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ ជាសាកល សេដ្ឋកិច្ចទេសចរណ៍ក្នុងខេត្តព្រះសីហនុនៅតែមានចរន្តធម្មតា ដោយសារតែមានការឆ្លងរាលដាលជំងឺនេះតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជានៅពេលនោះ។ ប៉ុន្តែ បន្ទាប់ពីមានការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក ភ្ញៀវទេសចរនៅខេត្តព្រះសីហនុបានធ្លាក់ចុះយ៉ាងច្រើនដែលធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនានានៅទីនោះ។
ប្រទេសជិតខាងកម្ពុជាបានសាកល្បងគម្រោង Sandbox ដែលតម្រូវឱ្យភ្ញៀវទេសចរស្នាក់នៅលើកោះមួយក្នុងរយៈពេលណាមួយជាក់លាក់មុនអនុញ្ញាតឱ្យចាកចេញទៅកាន់ទីតាំងផ្សេងៗដែលអាជ្ញាធរបានកំណត់ ក្រោយពីធ្វើតេស្តជំងឺកូវីដ១៩ ឃើញអវិជ្ជមាន។ ការសាកល្បងនេះបានធ្វើឡើងនៅកោះ Phuket ក្នុងប្រទេសថៃ និងកោះ Phu Quoc ក្នុងប្រទេសវៀតណាម។
ខណៈពេលដែលប្រទេសជិតខាងកម្ពុជាសាកល្បងកម្មវិធី Sandbox នេះ ខេត្តព្រះសីហនុដែលធ្លាប់តែជាទីក្រុងកំពង់ផែដែលមានភាពមមាញឹកមួយនេះ និងកោះនានាដែលនៅក្បែរនោះ នៅពេលនេះមានភ្ញៀវទេសចរក្នុងប្រទេសនិងភ្ញៀវទេសចរបរទេសតិចតួចប៉ុណ្ណោះ ដោយសារផ្ទះសំណាក់និងភោជនីយដ្ឋានភាគច្រើននៅទីនោះត្រូវបិទទ្វារ។
ឥឡូវនេះ តើតំបន់សេដ្ឋកិច្ចទេសចរណ៍ដ៏ល្អមួយនេះដែលហាក់ដូចជាអភិវឌ្ឍទៅមុខឥតឈប់ឈរកន្លងមក អាចត្រឡប់មករកប្រក្រតីភាព និងរីកចម្រើនសារជាថ្មីម្តងទៀតបានដែរឬទេ?
វិស័យទេសចរណ៍កម្ពុជាបានរីកចម្រើនលូតលាស់ទៅមុខជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៥ មក ដោយភ្ញៀវទេសចរបានកើនឡើងពីចំនួនតែប៉ុន្មានសែននាក់ប៉ុណ្ណោះនៅក្នុងពាក់កណ្តាលទសវត្សរ៍ ១៩៩០ រហូតដល់ប្រហែល ៦ លាន ៦ សែននាក់នៅក្នុងឆ្នាំ ២០១៩។ ភ្ញៀវទេសចរម្នាក់ៗចំណាយជាមធ្យមចំនួន ៨០០ ដុល្លារអាមេរិកក្នុងរយៈពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០១៨ និង ២០១៩ វិស័យទេសចរណ៍រួមចំណែកជិត ២០% នៃចំនួនផលិតផលជាតិសរុប (GNP) របស់ប្រទេសកម្ពុជា។
កោះរ៉ុងនិងកោះរ៉ុងសន្លឹមដែលជាកោះទេសចរណ៍ធំៗបំផុតរបស់កម្ពុជា និងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីមាត់សមុទ្រនៃខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ២៦៦.០០០ នាក់នៅក្នុងឆ្នាំ ២០១៩ ដែលក្នុងចំណោមនោះ ៧១% គឺជាភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចទេសចរណ៍នៅក្នុងខេត្តព្រះសីហនុមានទឹកប្រាក់ចំនួន ៣៦ លាន ៦ សែនដុល្លារអាមេរិក។
ប៉ុន្តែនៅក្នុងឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរដែលទៅលេងកោះទាំងពីរនេះបានធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹមប្រមាណ ១៣០.០០០ នាក់ ហើយភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ ៦៥%។ នេះបើយោងតាមការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹមចំនួន ១៦ លាន ៦ សែនដុល្លារអាមេរិក។
លោក សុចិត្តគ្រឹស្នា បានប៉ាន់ស្មានថា អាជីវកម្មប្រមាណ ៦០០ កន្លែងត្រូវបានបិទទ្វារនៅទូទាំងខេត្ត ដែលក្នុងនោះរួមមានទាំងកន្លែងទាក់ទាញភ្ញៀវទេសចរនៅតាមឆ្នេរជាច្រើនផងដែរ។ ប៉ុន្តែលោកថា អាជីវកម្មចំនួន ១០០ កន្លែងបានបើកដំណើរការឡើងវិញហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលអាជីវកម្មជាច្រើនក្នុងចំណោមនោះហាក់ដូចជាមានដំណើរការកាន់តែល្អជារៀងរាល់ថ្ងៃ។ អាជីវកម្មផ្សេងទៀតបានបិទទ្វារជាបណ្តោះអាសន្ន ហើយឥឡូវនេះកំពុងមានគម្រោងបើកសាកល្បងឡើងវិញ។
លោក សុចិត្តគ្រឹស្នា មានសង្ឃឹមថា តំបន់នេះនឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានលឿន ដោយសារតែភាពជោគជ័យនាពេលថ្មីៗនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ របស់ប្រទេសកម្ពុជា និងការកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី ១៤ ថ្ងៃមកនៅត្រឹម ៧ ថ្ងៃ សម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញរួចហើយ អាស្រ័យទៅតាមប្រទេសដែលអ្នកទេសចរទាំងនោះធ្វើដំណើរមក។ ប្រជាពលរដ្ឋកម្ពុជាជិត ៨២% ត្រូវបានគេរាយការណ៍ថា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទីមួយរួចហើយ ហើយប្រជាពលរដ្ឋជាង ៧៧% បានចាក់វ៉ាក់សាំងនេះពេញលេញរួចហើយ។
ទោះបីជាភ្ញៀវទេសចរនៅតែតម្រូវឱ្យតម្កល់ប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកសម្រាប់ការធ្វើចត្តាឡីស័ករបស់ពួកគេក៏ដោយ ក៏ការចាប់ផ្ដើមដំណើរការឡើងវិញកាលពីពេលថ្មីៗនេះនូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកប្រភេទទេសចរណ៍ដល់ភ្ញៀវទេសចរពេលធ្វើដំណើរមកដល់ សម្រាប់ប្រទេសមួយចំនួន បានធ្វើឱ្យអាជីវកម្មនានាដែលពឹងផ្អែកលើភ្ញៀវទេសចរសង្ឃឹមថា កម្ពុជានឹងបើកប្រទេសឡើងវិញស្របពេលជាមួយនឹងប្រទេសជិតខាង។
លោក សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ដោយសារខេត្តព្រះសីហនុមានការចាត់ចែងបានល្អ ហើយប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ខេត្តនេះអាចបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ បាន។
លោកបានយល់ស្របចំពោះការស្កេនកូដ QR ដែលតម្រូវនៅគ្រប់ទីកន្លែងចំពោះការចូលក្នុងកន្លែងអាជីវកម្មនានា និងការបាញ់អាល់កុលលើច្រកទ្វារចូលក្នុងកន្លែងភាគច្រើន។
ខេត្តព្រះសីហនុបានកំណត់អនុវត្តគម្រោង Sandbox ដែលស្រដៀងទៅនឹងគម្រោងនេះដែរដែលប្រទេសថៃបានអនុវត្តនៅលើកោះ Phuket។ សម្រាប់គម្រោងនេះ អ្នកទេសចរដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសេរីនៅក្នុងប្រទេស បន្ទាប់ពីបានចំណាយពេលជាក់លាក់ណាមួយធ្វើចត្តាឡីស័កនៅក្នុងតំបន់ឬរមណីយដ្ឋានកម្សាន្តណាមួយដែលអាជ្ញាធរបានកំណត់។
ប៉ុន្តែ លោក សុចិត្តគ្រឹស្នា បានថ្លែងថា ខេត្តព្រះសីហនុមិនអាចអនុវត្តគម្រោងនេះដោយមិនមានការយល់ព្រមពីរាជរដ្ឋាភិបាលបាននោះទេ ហើយមកទល់នឹងពេលនេះ ខេត្តព្រះសីហនុមិនទាន់ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលឬក្រសួងទេសចរណ៍នៅឡើយទេ។ ដោយសារតែនៅពេលនេះ រយៈពេលធ្វើចត្តាឡីស័កនៅកម្ពុជាត្រូវបានកាត់បន្ថយ គម្រោង Sandbox នេះអាចនឹងមិនចាំបាច់នោះទេ។
ជីវិតរស់នៅលើកោះ
នៅលើកោះក្របី រមណីយដ្ឋានកម្សាន្តលំដាប់ផ្កាយប្រាំឈ្មោះ Six Senses បានបិទទ្វារភ្លាមៗនៅក្នុងខែមីនា ឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក គម្រោងបើកសាកល្បងឡើងវិញជាច្រើនដងរបស់រមណីយដ្ឋានមួយនេះមិនទទួលបានជោគជ័យនោះទេ។ នេះបើតាមការបញ្ជាក់របស់បុគ្គលិកម្នាក់នៃសណ្ឋាគារនេះ ដែលស្នើសុំមិនបញ្ចេញឈ្មោះដោយសារបុគ្គលិករូបនេះមិនទទួលបានការអនុញ្ញាតពីម្ចាស់សណ្ឋាគារនៅក្នុងថ្លែងដូចនេះ។
បុគ្គលិកសណ្ឋាគាររូបនេះបាននិយាយថា សណ្ឋាគារនេះបានគ្រោងបើកឡើងវិញប៉ុន្មានដងរួចមកហើយ គឺក្នុងខែតុលា ឆ្នាំ ២០២០ ម្ដង ខែធ្នូ ឆ្នាំ ២០២០ ម្ដង និងខែតុលា ឆ្នាំ ២០២១ ម្ដងទៀត ប៉ុន្តែនៅទីបំផុតគឺបានពន្យារពេល ដោយសារមិនមានភ្ញៀវទេសចរគ្រប់គ្រាន់មកកម្សាន្ត។
ដូចខេត្តព្រះសីហនុដែរ នៅកោះចំនួន ៣២ ផ្សេងទៀតនៅកម្ពុជា គេឃើញមានការអភិវឌ្ឍដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ក្រុមហ៊ុនទេសចរណ៍នៅលើកោះទាំងនោះបានបញ្ជាក់ថា ពួកគេមានការភ្ញាក់ផ្អើលដោយសារការរាតត្បាតជំងឺកូវីដ១៩ ដែលមិនរំពឹងទុកជាមុននេះ។ ក្រុមហ៊ុនទាំងនេះបានបន្ថែមថា អាជីវកម្មដែលរកចំណូលបានភាគច្រើនពីភ្ញៀវទេសចរអន្តរជាតិបានរងផលប៉ះពាល់ខ្លាំងក្លាបំផុត។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានលើកឡើងថា ការរាតត្បាតជំងឺកូវីដ១៩ កំពុងបំផ្លាញការអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ម្ចាស់អាជីវកម្មទេសចរណ៍ និងបុគ្គលិករបស់ពួកគេ ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានដែលបង្កើតផលិតផលនានាដើម្បីលក់ឱ្យភ្ញៀវទេសចរផងដែរ។
លោក ហូ វណ្ឌី បានថ្លែងថា មិនមានកន្លែងណាដែលរងផលប៉ះពាល់ខ្លាំងជាងកោះរ៉ុងនិងកោះរ៉ុងសន្លឹមនោះទេ ដែលក្នុងនោះរួមទាំងម្ចាស់អាជីវកម្មទូកកម្សាន្តនិងទូកចម្លងនានាផងដែរ ដែលពួកគេបានបាត់បង់ប្រាក់ចំណូលជាង ៩០% ក្នុងរយៈពេល ២០ ខែចុងក្រោយនេះ។
ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត ពួកគេមិនអាចធ្វើអ្វីបានច្រើននោះទេ គឺមានតែរង់ចាំតែប៉ុណ្ណោះ។ លោក Robert Hughes ម្ចាស់ហាង Khmer Dive ដែលជាអាជីវកម្មផ្ដល់សេវាជ្រមុជទឹក បាននិយាយថា ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ លោកមិនមានប្រាក់ចំណូលនោះទេ ដោយសារលោកមានភ្ញៀវតែ ៦ នាក់ប៉ុណ្ណោះពីខែមីនាដល់ខែសីហា។
លោកបានថ្លែងដូច្នេះថា៖ «ជាទូទៅមានមនុស្សតិចជាងមុនដែលធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាក ដូច្នេះមានមនុស្សតិចតួចប៉ុណ្ណោះដែលដើរកាត់ហាងរបស់ខ្ញុំ និងចាប់អារម្មណ៍នៅក្នុងការជ្រមុជទឹកលេងកម្សាន្ត»។
ទោះបីជាលោក Hughes បានប្តូរការផ្ដោតរបស់អាជីវកម្មរបស់លោកទៅរកទីផ្សារទេសចរណ៍ក្នុងស្រុកក៏ដោយ ក៏លោកបានលើកឡើងថា ប្រជាពលរដ្ឋនៅតែមានការស្ទាក់ស្ទើរក្នុងការធ្វើដំណើរកម្សាន្ត ដោយសារពួកគេនៅរង់ចាំឱ្យស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ មានភាពល្អប្រសើរឡើង។
លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា បញ្ហាចម្បងនៃការប្រកបអាជីវកម្មនៅលើកោះគឺទំនុកចិត្តរបស់អតិថិជន។ យើងដឹងថា មនុស្សជាច្រើនបានចាប់ផ្តើមរៀនជ្រមុជទឹក ប៉ុន្តែមិនបានទៅកាន់កោះណាមួយដើម្បីអនុវត្តការជ្រមុជទឹកនោះទេ»។
បើយោងតាមការបញ្ជាក់របស់លោក ហូ វណ្ឌី រដ្ឋាភិបាលបានផ្តល់ជំនួយមួយចំនួន។ បុគ្គលិកក្នុងវិស័យទេសចរណ៍មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣៩ ដុល្លារអាមេរិកក្នុងមួយខែដើម្បីចិញ្ចឹមជីវិត ហើយអាជ្ញាបណ្ណទេសចរណ៍ត្រូវបានបន្តដោយស្វ័យប្រវត្តិសម្រាប់ភ្នាក់ងារទេសចរណ៍ មគ្គទេសក៏ទេសចរណ៍ សណ្ឋាគារ និងអាជីវកម្មផ្ដល់សេវាពាក់ព័ន្ធផ្សេងៗទៀត។
ប៉ុន្តែមនុស្សជាច្រើននៅលើកោះដូចជាលោក Mann Sokhonat ដែលជាម្ចាស់ហាងទំនិញតូចមួយជាដើម បាននិយាយថា ពួកគេមិនទទួលបានជំនួយណាមួយនោះទេ បើទោះបីជាពួកគេកំពុងជួបការលំបាកក៏ដោយ។
ហាងរបស់លោកនៅលើកោះរ៉ុងសន្លឹមបានបើកដំណើរការបានប្រមាណ ២ ឆ្នាំ មុនពេលមានការរាតត្បាតជំងឺកូវីដ១៩ ហើយនៅពេលនោះ លោកអាចរកចំណូលបានរហូតដល់ ៣.០០០ ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែលោកថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ មក លោកបានបាត់បង់ប្រាក់ចំណូលជាង ១០០.០០០ ដុល្លារអាមេរិក នៃអាជីវកម្មហាងទំនិញតូចរបស់លោកនេះនិងអាជីវកម្មផ្ទះសំណាក់របស់លោក។
លោក Mann Sokhonat បានបញ្ជាក់ថា លោកមិនចង់បិទទ្វារអាជីវកម្មរបស់លោកនោះទេ ប៉ុន្តែលោកមិនអាចធ្វើអ្វីបានច្រើននោះឡើយ គឺមានតែរង់ចាំតែប៉ុណ្ណោះ។
លោកបានលើកឡើងថា វិបត្តិជំងឺកូវីដ១៩ បានប៉ះពាល់ផ្នែកហិរញ្ញវត្ថុដល់លោកនិងគ្រួសាររបស់លោក ដោយសារលោកមិនអាចរកចំណូលពីប្រភពផ្សេងបាន។ លោកបានបន្តថា លោកត្រូវបង់ថ្លៃជួលទីតាំងអាជីវកម្មរបស់លោក និងបង់ថ្លៃសាលាសម្រាប់កូនៗ ក៏ដូចជាថ្លៃចំណាយផ្សេងៗទៀតផងដែរ។
លោកបានបន្ថែមថា លោកចង់ឃើញរដ្ឋាភិបាលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។
សម្រាប់លោក Buth Chhon ដែលជាអ្នកបើកទូកវិញ លោកក៏មិនទទួលបានប្រាក់ឧបត្ថម្ភដែរ។ លោកសប្បាយចិត្តនិងមានក្ដីសង្ឃឹម ពេលឃើញភ្ញៀវទេសចរជាច្រើនបានធ្វើដំណើរកម្សាន្តក្នុងថ្ងៃឈប់សម្រាកនាពេលថ្មីៗនេះ។ អាជ្ញាធរបានបញ្ជាក់ថា មនុស្សចំនួនប្រហែល ៨០.០០០ នាក់បានទៅលេងខេត្តព្រះសីហនុក្នុងថ្ងៃចុងសប្តាហ៍រយៈពេលវែងកាលពីពេលថ្មីៗនេះ។
ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ នេះ បានធ្វើឱ្យអ្នកបើកទូកតាមរដូវរូបនេះមានការព្រួយបារម្ភ ដោយលោកបាននិយាយថា ចំនួនភ្ញៀវទេសចរមានការឡើងចុះគឺគ្មានអ្វីជាប់លាប់នោះទេ៕