ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ UNHCR សា្វគមន៍​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​សិទ្ធ​មនុស្ស​លើ​ករណី​ជនភៀស​ខ្លួន​ដោយសារ​បញ្ហា​អាកាសធាតុ


ជនភៀស​ខ្លួន​វ័យ​ក្មេង​មក​ពី​ប្រទេស​ស៊ូដង់ខាងត្បូង​ស្តាប់គ្រូបង្រៀន​Koat Reath ក្នុង​ថ្នាក់រៀននៅ​ជំរំជនភៀស​ខ្លួន​ Jewi ក្នុង​ទីក្រុង​ Gambella ប្រទេស​អេត្យូពីរ។
ជនភៀស​ខ្លួន​វ័យ​ក្មេង​មក​ពី​ប្រទេស​ស៊ូដង់ខាងត្បូង​ស្តាប់គ្រូបង្រៀន​Koat Reath ក្នុង​ថ្នាក់រៀននៅ​ជំរំជនភៀស​ខ្លួន​ Jewi ក្នុង​ទីក្រុង​ Gambella ប្រទេស​អេត្យូពីរ។

ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ស្វាគមន៍ សេចក្តី​សម្រេច​មួយ​របស់​គណៈកម្មាធិការ​សិទ្ធ​មនុស្ស អ.ស.ប. កាលពី​ពេលថ្មីៗ​នេះ ដែល​ថា ប្រជាពលរដ្ឋ​ដែល​ភៀស​ខ្លួនដោយសារ​តែ​ហេតុផល​អាកាស​ធាតុ​និង​គ្រោះធម្មជាតិ នឹង​មាន​អំណះអំណាង​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​ការពារ​ពី​អន្តរជាតិ។

ករណី​មួយ​ដែល​កំពុង​ត្រូវបាន​គេ​ពិភាក្សា គឺ​ទាក់ទង​នឹង​លោក Ioane Teitiota ដែល​ជា​បុរស​ម្នាក់​មក​ពី​ប្រទេស​គិរីបាទី ដែល​ជា​ប្រទេស​ដែន​កោះ​មួយ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ លោក​បាន​ស្នើ​សុំ​ការ​ការពារ​ដោយ​អះអាង​ថា លោក​ជា​ជនភៀស​ខ្លួន​ដោយសារ​ការបម្រែបម្រួល​អាកាសធាតុ ក៏​ប៉ុន្តែ លោក​ត្រូវ​បាន​ប្រទេស​នូវែលសេឡង់​បដិសេធការស្នើសុំ​របស់​លោក។ គណៈកម្មាធិការ​សិទ្ធ​មនុស្ស​ អ.ស.ប. ដែល​បានត្រួត​ពិនិត្យ​ករណី​នេះ យល់ស្រប​ចំពោះ​សេចក្តី​សម្រេច​របស់​ប្រទេស​នូវែលសេឡង់ ដោយសារ​លោក Teitiota មិន​ស្ថិត​នៅ​ក្នុង​ហានិភ័យ​បន្ទាន់​នោះ​ទេ។

ទោះយ៉ាង​ណា គណៈកម្មាធិការ​សិទ្ធ​មនុស្ស​ អ.ស.ប. និយាយ​ថា ប្រជាពលរដ្ឋ​មិន​គួរ​ត្រឡប់​ទៅ​កាន់​ទីតាំង​ដើម​របស់​ខ្លួន​វិញ​នោះ​ទេ បើសិនជា​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា ការ​ប្រែប្រួល​អាកាសធាតុ គឺ​ជា​ការគំរាម​កំហែង​មួយ​លើ​សិទ្ធិ​ក្នុង​ការរស់នៅ​របស់​ពួកគេ។ ទីភ្នាក់ងារ​ជនភៀស​ខ្លួន​របស់​អ.ស.ប. សាទរ​ចំពោះ​សេចក្តី​សម្រេចដ៏​សំខាន់​មួយ​នេះ។

អ្នកនាំពាក្យរបស់​ទីភ្នាក់ងារ​ UNHCR លោក Andrej Mahecic និយាយ​ថា ការ​សម្រេច​ចិត្ត​នោះ មាន​ឥទ្ធិពលសំខាន់​សម្រាប់​ការការពារ​ពី​សំណាក់​អន្តរជាតិ ទៅ​លើ​មនុស្ស​ដែល​ផ្លាស់​ទីលំនៅ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ធម្មជាតិ។​

លោក Andrej Mahecic និយាយ​ថា៖

«វា​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​វិធានការ​របស់​ប្រទេស​នានា​ក្នុង​ការ​បង្ការ​និង​កាត់​បន្ថយការប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ក្នុង​ពេល​អនាគត​អាច​បង្ខំ​ឲ្យ​មនុស្ស​ចាកចេញ ហើយ​វា​ក៏​នឹង​ក្លាយ​ទៅជា​កាតព្វកិច្ច​អន្តរជាតិ។ ទី​ពីរ សេចក្តី​សម្រេច​មួយ​នេះ ក៏​ជា​ការ​ទទួល​ស្គាល់​ថា ច្បាប់​សម្រាប់​ជនភៀស​ខ្លួន​អន្តរជាតិ អាច​អនុវត្ត​បាន​ក្នុង​បរិបទ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​បម្លាស់​ទី​ដោយសារ​គ្រោះ​មហន្តរាយ»។

លោក Andrew Harper ទីប្រឹក្សា​ពិសេស​ផ្នែក​អាកាសធាតុ​របស់​ទីភ្នាក់ងារ UNHCR និយាយ​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ផ្ទាំងទឹកកក​រលាយ ទឹកជំនន់ គ្រោះរាំងស្ងួត និង​គ្រោះ​មហន្តរាយ​ទាក់ទងនឹង​អាកាសធាតុ​ផ្សេងៗ​ទៀត គួរ​តែ​ជា​ការ​ដាស់តឿន​មួយ​ថា ត្រូវ​មាន​វិធានការណ៍។

លោក Andrew Harper ថ្លែងថា៖

«ខ្ញុំ​គិត​ថា​សេចក្តី​សម្រេច​នេះ អាច​សង្ខេប​បាន​ថា បើ​យើង​មិន​ប្រឹងប្រែង​បន្ថែម​ដើម្បី​បង្ការ​ទេ នោះ​យើង​នឹង​ចៀស​មិន​ផុត​ពី​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ទាំង​នោះ​ទេ។ បើសិន​ជា​យើង​បរាជ័យ​ក្នុង​ការ​បង្កើត​បរិស្ថានមួយ​ដែល​សហគមន៍មានលទ្ធភាព​រស់នៅ​ផុត​ពី​គ្រោះ​មហន្តរាយ​អាកាសធាតុ យើង​នឹង​ត្រូវ​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ទាំង​នោះ»។

លោក Harper និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​គិត​ទុក​ថា តើ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​អាច​នឹង​ត្រូវ​ផ្លាស់ទី​លំនៅ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​នោះ។ លោក​បាន​កត់សម្គាល់​ថា អ្នក​ដែល​ងាយ​នឹង​រងគ្រោះ​បំផុត គឺ​អ្នក​រស់នៅ​លើ​កោះ​តូចៗ និង​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា​នៅ​ទ្វីប​អាស៊ី និងអាហ្រ្វិក​ជាដើម ដែល​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចាកចេញ។

ទីភ្នាក់ងារ UNHCR កំពុង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់ ដើម្បី​ជួយ​សហគមន៍​ដែល​ងាយ​រងគ្រោះ កាត់​បន្ថយ​ហានិភ័យ និង​សម្រប​ខ្លួន​ទៅនឹង​អាកាសធាតុ​ដែល​កំពុង​ប្រែប្រួល ដូច្នេះ ​មនុស្ស​ម្នាក់​ៗ​នឹង​បាច់​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ទីលំនៅ​របស់​ពួកគេ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

XS
SM
MD
LG