ទឹកប្រាក់៥លានដុល្លារគឺជាទឹកប្រាក់ដែលត្រូវផ្តល់ឱ្យជនភៀសខ្លួនចំនួនមួយសែននាក់នៅក្នុងប្រទេសអ៊ូហ្គាន់ដាសម្រាប់រយៈពេល៤ឆ្នាំ។
ជាមួយនឹងគម្រោងសាកល្បងដែលត្រូវប្រតិបត្តិនៅក្នុងជំរំជនភៀសខ្លួននៅក្នុងភាគខាងជើងនៃប្រទេសអ៊ូហ្គាន់ដា សេវាហិរញ្ញវត្ថុត្រូវបានគេផ្តល់ឱ្យជនភៀសខ្លួន ដើម្បីពួកគេអាចចាប់ផ្តើមបង្កើត និងពង្រីកសហគ្រាសនានា ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ និងអាចពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំង។
លោក Ola Hallgreen ប្រធានផ្នែកកិច្ចសហការសម្រាប់ការអភិវឌ្ឍនៃស្ថានទូតស៊ុយអែតប្រចាំប្រទេសអ៊ូហ្គាន់ដា បានកត់សម្គាល់ថា កម្មវិធីនេះផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុឯកជនឱ្យវិនិយោគទៅកាន់ក្រុមគោលដៅដែលពួកគេមានការស្ទាក់ស្ទើរក្នុងការវិនិយោគកាលពីពេលមុន។
លោក Ola Hallgreen បាននិយាយថា៖ «ធនធានធ្វើជំនួញជាច្រើនដែលមិនត្រូវបានប្រើប្រាស់នឹងលេចឡើងតាមរយៈកម្មវិធី ដោយជួយជនភៀសខ្លួនអាចទទួលបានឥណទានសម្រាប់ការធ្វើអាជីវកម្ម គាំទ្រដល់ការបង្កើតក្រុមហ៊ុនថ្មី start-up និងជួយសម្រួលឱ្យមានការងារកាន់តែច្រើន។ និយាយឱ្យខ្លី វានឹងជួយវិនិយោគលើអនាគតរបស់ពួកគេផ្ទាល់តែម្តង»។
ប្រទេសអ៊ូហ្គាន់ដាមានជនភៀសខ្លួនចំនួន១លាន៣សែននាក់ ដែលពួកគេភាគច្រើនមកពីប្រទេសស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀត ដូចជាសូម៉ាលី ប៊ូរុនឌី សាធារណរដ្ឋប្រជាមានិតកុងហ្គោ កេនយ៉ា និងរវ៉ាន់ដា។
អ្នកស្រី Mahoua Parums អ្នកតំណាងរងនៃទីភ្នាក់ងារ UNHCR បានអះអាងពីការ
ប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារនេះក្នុងការបន្តតស៊ូមតិជាមួយនឹងម្ចាស់ជំនួយ និងដៃគូនានាក្នុងការគាំទ្រដល់ជនភៀសខ្លួន។
ទោះជាយ៉ាងនេះក្តី អ្នកស្រីបានកត់សម្កាល់ថា ស្ថាប័នហិរញ្ញវត្ថុជាច្រើននៅតែស្ទាក់ស្ទើរមិនចង់ផ្តល់ប្រាក់កម្ចីដល់ជនភៀសខ្លួន ដោយសារតែពួកគេយល់ថា វាមិនមានស្ថេរភាព។
អ្នកស្រី Mahoua Parums បាននិយាយថា៖ «យើងបង្កើតកម្មវិធីនេះ ដើម្បីឱ្យស្ថាប័នទាំងនោះជឿជាក់ដល់ជនភៀសខ្លួន និងជឿជាក់ថា ជនភៀសខ្លួនជាអ្នករងគ្រោះ។ ជាមួយនឹងប្រាក់កម្ចី ពួកគេនឹងអាចមានជីវិតថ្លៃថ្នូរ ដោយសារតែពួកគេអាចបង្កើតអាជីវកម្មតូចៗខ្លួនឯង ហើយពួកគេនឹងមិនចាំបាច់សុំស្បៀងអាហារពីម្ចាស់ជំនួយទៀតទេ»។
គម្រោងនេះនឹងត្រូវអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុ រួមទាំងទីភ្នាក់ងារអ៊ូហ្គាន់ដាសម្រាប់មីក្រូហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ។
លោក Hannington Thenge ប្រធានអភិវឌ្ឍន៍ និងកំណើនអាជីវកម្មរបស់ទីភ្នាក់ងារអ៊ូហ្គាន់ដាសម្រាប់មីក្រូហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនិយាយថា ជនភៀសខ្លួនមិនគួរយល់ច្រឡំអំពីគម្រោងនេះ ដោយយល់ថា ពួកគេនឹងទទួលបានប្រាក់ដោយឥតគិតថ្លៃនោះទេ។
លោក Hannington Thenge និយាយថា៖ «យើងរំពឹងថា ពួកគេនឹងយល់ថា វាជាអាជីវកម្មមួយប្រភេទ ដូច្នេះពួកគេត្រូវឆ្លងកាត់លក្ខខណ្ឌឥណទានធម្មតា។ យើងនឹងជួយឱ្យពួកគេអាចសិក្សារៀនសូត្រ តាមរយៈជំនាញអាជីវកម្ម។ អ្នកដែលមានតម្លៃផ្នែកអាជីវកម្មនឹងទទួលបានការគាំទ្រ។ យើងរំពឹងឱ្យពួកគេសងប្រាក់នេះមកវិញ ដើម្បីឱ្យវាមានចិរភាព»។
ជនភៀសខ្លួន៨០%នៅក្នុងប្រទេសអ៊ូហ្គាន់ដាជាស្ត្រី ហើយនៅក្នុងការទទួលបានសេវាហិរញ្ញវត្ថុនេះ គេរំពឹងថា ផលប្រយោជន៍៧០%នៃកម្មវិធីនេះនឹងទៅដល់ស្ត្រីៗក្នុងវិស័យកសិកម្ម សិប្បកម្ម សេវាផ្គត់ផ្គង់ម្ហូបអាហារ និងពាណិជ្ជកម្ម៕