ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីបញ្ចប់​ដែល​មិន​នឹក​ស្មាន​ដល់​​សម្រាប់​លោក​ម៉ូហ្កាបេ


រូបឯកសារ៖ លោក រ៉ូប៊ឺត ម៉ូហ្កាបេ ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​នៅក្នុង​វិមាន​ប្រធានាធិបតី​នៅ​រដ្ឋធានី ហារ៉ារ៉េ នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ កាលពី ខែមិថុនា ឆ្នាំ ២០០៨។
រូបឯកសារ៖ លោក រ៉ូប៊ឺត ម៉ូហ្កាបេ ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់តំណែង​នៅក្នុង​វិមាន​ប្រធានាធិបតី​នៅ​រដ្ឋធានី ហារ៉ារ៉េ នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ កាលពី ខែមិថុនា ឆ្នាំ ២០០៨។

កំណត់និពន្ធ៖លោក​រ៉ូប៊ឺត ម៉ូហ្កាបេ​បានលាលែង​ចេញ​ពី​តំណែង​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ​បន្ទាប់​ពី​កាន់​អំណាច​ផ្តាច់ការ​រយៈពេល​៣៧ឆ្នាំ។ ការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​យោធា​ដែល​ជា​សមាជិក​គណបក្ស​ Zanu-PF​របស់​លោក​បាន​ធ្វើ​រដ្ឋប្រហារ​ហើយ​គណបក្ស​បាន​បណ្តេញ​លោក​ចេញ។ លោកម៉ែន គឹមសេង​នៃ VOA សន្ទនា​គ្នា​ជាមួយ​នឹង​លោក​រ៉េយ ឆូតូ និពន្ធ​ជាន់​ខ្ពស់​នៃ​ VOA ​សេវា​ហ្ស៊ីមបាវ៉េ​។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


VOA៖ សូមជម្រាប​សួរ​លោករ៉េយ!

រ៉េយ ឆូតូ៖ សូមជម្រាបសួរ​លោក​គឹមសេង!

VOA៖ ក្រុមយោធា​បាន​ចូលមកគ្រប់គ្រងវិថីនានា​ក្នុងទីក្រុង​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ​។ ឥឡូវនេះ​ពលរដ្ឋ​រាំលេង​សប្បាយ​នៅ​តាម​វិថីអបអរ​នឹង​ការ​ចុះចេញពីតំណែង​នៃ​លោក​ប្រធានាធិបតី​រ៉ូប៊ឺត ម៉ូហ្កាបេ។ តើ​លោក​អាច​បញ្ជាក់​ប្រាប់​ខ្ញុំ​បាន​ទេ​ថា​ហេតុអ្វី​បាន​ជា​សភាពការណ៍​វិវត្ត​មក​ដល់​ចំណុចនេះ​ពីព្រោះ​រយៈពេល​៣៧ឆ្នាំ​នៃការ​ក្តាប់​អំណាច​របស់​លោក​ម៉ូហ្កាបេគឺ​គេ​ហាក់​ដូច​ជា​មិន​ដឹង​ថា​ត្រូវ​ចប់ដោយ​របៀបនេះទេ?

រ៉េយ ឆូតូ៖ សភាព​ការណ៍​មាន​លក្ខណៈ​ស្មុគស្មាញ​ហើយពិបាកគិត​ឃើញ​ខ្លាំងសម្រាប់ពលរដ្ឋ​ហ្ស៊ីមបាវ៉េផងដែរ។ ប៉ុន្តែ​ក្រុមយោធា​ដែល​ជាផ្នែក​មួយ​នៃ​គណបក្ស ​Zanu-PF​ បាន​ដឹង​ថា​មាន​អំពើពុករលួយ​នៅក្នុងបក្ស មាន​ការមិនគោរព​មន្ត្រីចាស់ៗនៅក្នុងបក្ស​ និង​មានអ្នក​កេងប្រវ័ញ្ច​ពីវ័យចាស់ជរារបស់​លោក​អតីតប្រធានាធិបតី​ក្នុងនោះ​មានទាំង​ប្រពន្ធ​របស់​លោក​ផងដែរ។ ក្រុមទាហាន​មើលឃើញ​ថា​ដោយសារ​តែ​មានព័ត៌មាន​មិនត្រឹមត្រូវគឺ​លោក​ម៉ូហ្កាបេ​បាន​បណ្តេញ​លោកស្រី​អនុប្រធានាធិបតី​ ចយ មូជូរូ ក្នុង​ឆ្នាំ​២០១៤​ហើយ​ពួកគេ​ឃើញ​ជាថ្មី​ម្តងទៀត​គឺ​ការ​បណ្តេញ​អនុប្រធានាធិបតី​អេមឺសុន ណាំ​ង​ហ្កាហ្គ័រនាពេលថ្មីៗនេះ​ ដោយសារតែ​លោកស្រី​ក្រេសស៊ី​ប្រពន្ធ​របស់​លោក​ម៉ូហ្កាបេ​បាន​វាយប្រហារ​លើអ្នកទាំងពីរ​និង​មន្ត្រី​មួយ​ចំនួន​។ អីចឹង​ហើយ​បានជា​ពួកយោធា​ត្រូវ​លូកដៃ​ចូល​ដើម្បី​បញ្ឈប់​រឿងហ្នឹង។

VOA៖ ​អីចឹង​បើសិនជា​លោក​ម៉ូហ្កាបេ​មិនព្យាយាម​រៀបចំប្រពន្ធគាត់​ឱ្យ​បន្តតំណែងនៅក្នុង​បក្ស​និង​ក្នុង​រដ្ឋាភិបាល​ទេប្រហែល​ជា​គាត់​អាច​នឹង​នៅ​កាន់អំណាច​រហូតដល់ពេលនេះ។ តើ​មែនទេ?

រ៉េយ ឆូតូ៖ លទ្ធភាព​គឺ មាន​ខ្ពស់ណាស់​ប្រសិន​បើ​មិន​មាន​ការចូលពាក់​ព័ន្ធ​ពី​មនុស្ស​ដែល​មិន​មាន​កិត្តិយស​ក្នុងពេល​សង្គ្រាមនៅហ៊ុំព័ទ្ធ​លោក​ហើយ​លូកដៃចូលក្នុង​ការសម្រេច​ចិត្តទេ​គឺ​លោក​នៅមានការគោរព​ក្នុងបក្ស​និង​រដ្ឋាភិបាល​យ៉ាង​ខ្លាំង។

VOA៖ ​លោក​អេមឺសុន ណាំ​ងហ្កាហ្គ័រ​ ក៏មិនមានប្រវត្តិ​ខាងផ្នែកសិទ្ធិ​មនុស្ស​ល្អប៉ុន្មានដែរ។ តើ​លោក​គិត​ថា​ប្រទេស​ហ្ស៊ីមបាវ៉េ​នឹង​ប្រសើរឡើង​ទេ​បន្ទាប់​ពី​អត់​លោក​ម៉ូហ្កាបេទៅ?

រ៉េយ ឆូតូ៖ ខ្ញុំមិនឃើញ​មានអ្វី​ខុស​គ្នា​រវាង​លោក​ម៉ូហ្កាបេ​និង​លោក​ណាំង​ហ្កាហ្គ័រទេ​ព្រោះជា​បក្ស​ពួក​តែមួយ។ លោក​ណាំងហ្កាហ្គ័រ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ទទួល​តំណែង​ថា​គាត់​ចាត់​ទុក​លោក​ម៉ូហ្កាបេ​គឺ​ជា​គ្រូ។ អីចឹង​តើ​យើង​រំពឹង​ថា​នឹង​មាន​អ្វី​ខុស​ប្លែក​ប្រសិនបើ​គាត់​ចាត់​ទុក​លោក​ម៉ូហ្កាបេ​ដូចជា​គ្រូ​។ គាត់​ធ្លាប់​ជា​មនុស្ស​ដៃ​ស្តាំ​របស់​លោក​ម៉ូហ្កាបេ​និង​ទទួល​បន្ទុក​សន្តិសុខ​ក្នុង​អំឡុង​ពេល​សង្គ្រាម​រំដោះ​ហើយ​ក្រោយ​រំដោះគាត់​ទទួល​បន្ទុក​សន្តិសុខ​ដែល​មាន​ការបង្ក្រាប​សម្លាប់​មនុស្ស​អស់​ជាង​២ម៉ឺននាក់​ដោយសារតែ​ជំនឿនយោបាយ​របស់​ពួកគេ។

VOA៖ លោកបាន​និយាយ​ពី​ជម្លោះនៅក្នុង​បក្ស​ចុះកត្តា​សេដ្ឋកិច្ច​វិញ​យ៉ាង​ម៉េច​ដែរ​ព្រោះ មាន​មនុស្ស​ជាច្រើនលាននាក់​បាន​រត់ចេញ​ពីប្រទេស​ទៅរកការងារនៅក្នុងប្រទេស​ជិតខាង?

រ៉េយ ឆូតូ៖ ដំបូង​គឺចាប់ផ្តើម​ពី​ទំនាស់​ផ្ទៃក្នុងថា​តើ​អ្នកណាគេ​នឹង​ឡើង​កាន់​អំណាច​ជំនួស​នៅ​ពេល​ដែល​លោក​ម៉ូហ្កាបេ​ចុះចេញ​ពី​អំណាច​ដូច្នេះ​ហើយ​គ្មាន​អ្នក​ណា​គិត​ខ្លាំង​ពីសេដ្ឋកិច្ច​ទេ​អីចឹង​ហើយ​បាន​ជា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាងខ្លាំង។ ជាការពិត​ហើយ​បញ្ហា​ដែល​ពលរដ្ឋ​ហ្ស៊ីមបាវ៉េ​ចាកចេញ​ពី​ប្រទេស​គឺចាប់ផ្តើម​ពី​រដ្ឋាភិបាល​លោក​ម៉ូហ្កាបេ​មិន​គោរពច្បាប់​ដោយ​ខ្លួន​ឯង ការធ្វើ​បាប​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក​ម៉ូហ្កាបេនិង​ការរំលោភសិទ្ធិ​មនុស្ស​នានា។ ទីពីរ​គឺ​កត្តា​សេដ្ឋកិច្ច​ដែល​បង្ខំពួកគេ​ឱ្យ​ចេញពីប្រទេស​។ ជនជាតិ​ហ្ស៊ីមបាវ៉េនិយាយ​ថា​ពួកគេ​សុខ​ចិត្ត​ប្រយុទ្ធ​នឹង​សត្វក្រពើ​ជាជាង​ប្រយុទ្ធ​នឹង​លោក​ម៉ូហ្កាបេ​ព្រោះផ្លូវ​ដែល​គេ​ធ្វើ​ដំណើររត់​គេចគឺ​ត្រូវ​ឆ្លង​ទន្លេ​ដែល​សំបូរ​ដោយ​សត្វក្រពើ។

VOA៖ ​ប្រធានាធិបតី​ថ្មី​ទើបតែ​បាន​លើកឡើងពីការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រស់​ឡើងវិញ​។ តើ​លោក​គិត​ថា​អាច​នឹង​ធ្វើ​បានទេ?

រ៉េយ ឆូតូ៖ ក្នុងនាមជាអ្នកដឹកនាំ​ថ្មី​គាត់និយាយកិច្ចការជាច្រើន​ដើម្បី ធ្វើ​ឱ្យ​មនុស្ស​ស្ងើចសរសើរ​ហើយ​គិត​ថា​មានការផ្លាស់ប្តូរ។ ប៉ុន្តែ​គាត់​មាន​ភារកិច្ច​ច្រើន​ណាស់ដូចជា​ត្រូវ​កសាង​កិត្តិស័ព្ទ​និង​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​បស្ចិមប្រទេស​និង​ស្ទើរតែ​ប្រទេស​គ្រប់ទាំងអស់​នៅលើពិភព​លោក។ ទណ្ឌកម្ម​គឺ​ស្ទើរតែ​មិន​អាច​ឱ្យ​ប្រទេស​ហ្ស៊ីមបាវ៉េ​ទាក់​ទង​ការងារ​ជាមួយ​នឹង​ប្រទេស​នានា​សូម្បី​តែ​លោក​ណាំង​ហ្កាហ្គ័រ​ក៏​រងទណ្ឌកម្មពី​សហរដ្ឋ​អាមេរិក​ដែរ។ គាត់​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ និង​រៀបចំ​ការបោះឆ្នោត​ជាដើម​ដើម្បី​អាច​ចូល​ក្នុង​ក្រុមប្រទេស​កុម្មង់វែលវិញ​ហើយ​អាច​ទទួល​ផល​ពី​ក្រុម​ប្រទេស​កុម្មង់វែលនោះ។

VOA៖ ចុះតើប្រទេស​ចិន​មាន​ពាក់ព័ន្ធ​អ្វី​នឹង​រដ្ឋប្រហារ​នេះ​ទេ? មានសេចក្តី​រាយការណ៍​ខ្លះ​ចង្អុល​ថា​ចិន​មាន​ចំណែក​ដែរ​។ តើ​លោក​បាន​ដឹង​អ្វីទេ?

រ៉េយ ឆូតូ៖ ខ្ញុំ​មិនចង់​ធ្វើការ​ប៉ាន់ស្មានទេ​ប៉ុន្តែអ្វីដែល​ខ្ញុំ​អាច​និយាយ​បាន​គឺ​ថា​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្ស៊ីមបាវ៉េ​គឺ​ចិន​បាន​ផ្តល់​សម្ភារៈយោធា​ច្រើន​ណាស់​ដល់ប្រទេស​ហ្ស៊ីមបាវ៉េនិង​ជំនួយ​មួយ​ចំនួន​ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ហ្ស៊ីមបាវ៉េ​អាក្រក់ខ្លាំង​ពេក។ ខ្ញុំ​ក៏​មិន​ច្រានចោល​នូវ​ទំនាក់​ទំនង​នេះ​ដែរ​ព្រោះ​រយៈ​ពេល​ប៉ុន្មានថ្ងៃ​មុន​ពេល​លោក​ឧត្តមសេនីយ៍​ក្តាប់​អំណាច​គឺ​គាត់​បាន​ស្ថិតនៅក្នុង​ប្រទេស​ចិន​។ គេថា​គាត់មានកិច្ចការ​ជំនួញប៉ុន្តែ​មិន​ច្បាស់​លាស់​ថា​គាត់​ធ្វើ​អ្វីទេ​ហើយពេល​មកដល់​វិញ​ស្រាប់​តែ​ប្រកាស​ធ្វើ​«ប្រតិបត្តិការ​ស្តារ​កេរដំណែល‍»។

VOA៖ ​ ​ហើយ​តុលាការ​ក៏ផ្តល់​ភាព​ស្របច្បាប់ដល់​រដ្ឋប្រហារនេះ។ តើ​លោក​គិត​ថា​ការផ្តល់​ភាព​ស្រប​ច្បាប់​នឹង​ជាគំរូ​អាក្រក់​មួយ​សម្រាប់​អនាគត​ប្រទេស​ហ្ស៊ីមបាវ៉េទេ?

រ៉េយ ឆូតូ៖ សម្រាប់​ខ្ញុំ​គឺ​មិន​ភ្ញាក់ផ្អើលទេ​ព្រោះ​ការសម្រេច​នោះ​ធ្វើ​ឡើង​ដោយ​ចៅក្រម​ដែល​ជា​អតីតទាហាន​អីចឹង​ហើយ​គាត់​គ្មានអ្វីត្រូវរិះគន់​ក្រុមយោធាទេ​។ ក្នុងនាម​ជាពលរដ្ឋ​ហ្ស៊ីមបាវ៉េ​ខ្ញុំ​គិត​ថា​នោះ​គឺជា​រដ្ឋប្រហារព្រោះការចាប់​ប្រធានាធិបតី​ដែល​ស្របច្បាប់​មិន​ឱ្យ​បំពេញ​ការងារ​បាន​គឺ​ខុស​ច្បាប់​ហើយ​។ ប៉ុន្តែ​ចៅក្រម​នោះធ្វើ​ម៉េច​នឹង​ហ៊ាន​សម្រេច​ក្តី​ប្រឆាំង​នឹងអតីត​មេរបស់​គាត់?

VOA៖ ​ រហូតមកទល់នឹងពេលនេះ​មានមនុស្ស​ពីរនាក់​ត្រូវ​បាន​ចាប់​ខ្លួន​គឺ​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ​Ignatius Chombo និង​លោក​ Kudzanai Chipanga ប្រធាន​យុវជន​នៃ​គណបក្ស​ Zanu-PF។ តើ​នេះ​ជាសញ្ញា​អ្វី​សម្រាប់​រដ្ឋាភិបាលថ្មី? តើ​លោក​គិត​ថា​នឹង​មាន​ការ​ចាប់​មនុស្ស​ជាច្រើនទៀត​ទេ?

រ៉េយ ឆូតូ៖ ជាការពិត​ហើយ​គឺ​នឹង​មាន​ការចាប់​ខ្លួន​មនុស្ស​ជាច្រើន​ទៀត​ពីព្រោះពួកគេ​និយាយ​ថា​បោស​សម្អាត​សមាសធាតុ​ដែល​ធ្វើ​ឱ្យ​អស្ថិរភាព​ដល់​សេដ្ឋកិច្ច។ បើមើលការចាប់​ខ្លួន​គឺ​យើង​ដឹង​ថា​លោក​ឧត្តមសេនីយ៍​មិន​សូវ​ជាឆ្លាតប៉ុន្មានទេព្រោះ​មានសំណួរ​ជាច្រើន​បាន​លើកឡើង​ថា​ហេតុអ្វី​បានជា​ការចាប់​ខ្លួន​នេះ​មិន​ទូលំទូលាយ​ពីព្រោះ​រដ្ឋមន្ត្រី​ទាំងអស់​សុទ្ធ​តែ មាន​រឿង​អាស្រូវ​។ ជាការពិត​គឺ​ដំបូងត្រូវ​ចាប់ផ្តើមពីមនុស្ស​ពីរនាក់​។ ជន​ដែល​អាច​នឹង​ជាមុខសញ្ញា​បន្ទាប់​គឺ​រដ្ឋ​មន្ត្រី​ក្រសួង​ឧត្តម​សិក្សា​ និង​រដ្ឋមន្ត្រី​រដ្ឋបាលមូលដ្ឋាន។ យើង​រង់ចាំ​មើល​ការវិវត្ត​នេះ។

VOA៖ ​តើ​លោក​មានបាន​ដឹង​អ្វីពីសេចក្តី​រាយការណ៍​នានា​ថា​គេ​ប្រគល់ប្រាក់​ចូលនិវត្តន៍​១០​លាន​ដុល្លារ​ឱ្យ​លោក​ម៉ូហ្កាបេ​ជាថ្នូរនឹង​ការ​ព្រមចុះចេញ​ពី​អំណាចទេ?

រ៉េយ ឆូតូ៖ អ្នក​រាយការណ៍​ព័ត៌មាន​របស់​យើង​បាន​សម្ភាស​ប្រធាន​ក្រុម​ចរចា​ក្នុងពេល​មាន​ការ​ប្រឈម​មុខ​គ្នា​រវាង​លោក​ម៉ូហ្កាបេ​និង​ពួកយោធាគឺ​លោក​ឱពុក​Fidelis Mukonori។ គាត់បដិសេធ​ថា​មិន​មាន​ពិភាក្សា​ពី​បញ្ហា​នេះ​ទេ​។ ខ្ញុំ​មិនដឹង​ថា​គេ​បាន​ព័ត៌មាន​នោះ​តាម​ប្រភព​ណាទេ​ប្រហែលជាស្ថិតនៅ​ជា​ការ​ប៉ាន់ស្មាន​ប៉ុន្តែ​អ្វី​ជាផ្លូវការ​គឺ​គាត់​នៅ​ទទួល​បាន​ការការពារ​ពីរដ្ឋ​ ទទួល​បាន​ប្រាក់​ខែ​ដូច​អតីត​ប្រធានាធិបតី​និង​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​។

VOA៖ តាមធម្មតា​គឺ​យើងគាំទ្រ​ការផ្លាស់ប្តូរ​តាម​លទ្ធិប្រជាធិបតេយ្យ។ តើ​លោក​ព្រួយបារម្ភ​ទេ​ថា​ការ​ធ្វើ​អន្តរាគមន៍​យោធា​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ហ្ស៊ីមបាវ៉េ​ប្តូរ​ពី​មេដឹកនាំ​ផ្តាច់ការ​មួយ​ទៅ​មេដឹកនាំ​ផ្តាច់ការ​មួយទៀត?

រ៉េយ ឆូតូ៖ ​ក្រុមយោធា​ចេញមក​នេះ​គឺ​មិនមែន​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ទេ​គឺ​ពួកគេ​ចេញ​មក​ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុមចលនា​តស៊ូ​ក្នុង​ពេល​អតីតកាល​គឺ​គណបក្ស​ Zanu-PF​ដើម្បី​មក​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​គណបក្ស​របស់​ពួកគេ​ដោយ​សារ​មាន​ជនមួយចំនួន​បាន​លួច​បង្វែ​កេរដំណែល​របស់​គណបក្ស។ អីចឹង​ហើយ​បានជាពួកគេ​ហៅថា «ប្រតិបត្តិការ​ស្តារ​កេរដំណែល‍»។ ពួកគេ​ចង់​ស្តារ​កេរដំណែល​របស់​គណបក្ស​។ ពួកគេ​ចង់​ស្តារកេរដំណែល​របស់​លោក​ម៉ូហ្កាបេ។ ពួកគេ​ថា​បើ​មាន​ការ​ប្តូរ​ថ្នាក់ដឹកនាំបក្សគឺ​ត្រូវ​ធ្វើ​ដោយ​ត្រឹមត្រូវ​គឺ​ដោយ​គោរព​ស្មារតី​អ្នកដែល​ធ្លាប់​ចូលរួម​ចលនា​តស៊ូ​រំដោះ​ជាតិ។ ដូច្នេះ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ហ្ស៊ីមបាវ៉េ​ប្រសិន​បើ​ប្រធានាធិបតី​លាលែង​ចេញ​ពី​តំណែង​គឺ​គណបក្ស​ត្រូវ​តែងតាំង​មនុស្សថ្មី​មក​ជំនួស​ដើម្បី​កាន់តំណែង​នោះ ឱ្យ​ផុត​អាណត្តិ​។ បន្ទាប់​ពីនោះ ទើប​មានការរៀបចំ​ការបោះឆ្នោត។សម្រាប់​ប្រទេស​ហ្ស៊ីមបាវ៉េ​គឺ​ការបោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅឆ្នាំ​ក្រោយ។ នៅពេល​នោះ​គឺ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​តាម​លទ្ធិប្រជាធិបតេយ្យ​ឬយ៉ាងណា។

ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ផងដែរ​ថា​ក្នុង​នាម​ជាជនជាតិ​ហ្ស៊ីមបាវ៉េ​គឺ​យើង​ព្រួ​យបារម្ភ​ពីព្រោះ​តែ​អន្តរាគមន៍​របស់​ក្រុមយោធា​នៅពេល​នេះ។ យើងឃើញ​ពួកយោធា​បាន​ធ្វើអន្តរាគមន៍​កាលពីឆ្នាំ​២០០៨​នៅពេល​ដែល​ចាញ់ឆ្នោត​គឺពួកគេ​បាន​ប្រាប់​លោក​ម៉ូហ្កាបេ​ថា​លោក​មិនត្រូ​វចុះចេញ​ទេ​គឺ​លោក​មិនត្រូវ​គោរព​អ្នក​ណា​ដែល​មិន​មាន​ប្រវត្តិ​តស៊ូ​យោធាឡើយ។ ដូច្នេះ​នេះ​គឺ​ជា​ដំណឹង​ដ៏ធំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ។

VOA៖ ​បាទ​សូម​អរគុណ​លោក​រ៉េយ ឆូតូ ​និពន្ធ​ជាន់ខ្ពស់​នៃ​វីអូអេ​សេវា​ហ្ស៊ីមបាវ៉េ​ដែល​បាន​ពិភាក្សា​ជាមួយ​នឹង​ខ្ញុំ។

រ៉េយ ឆូតូ៖ សូម​អរគុណ​លោក​គឹមសេង។ ខ្ញុំ​សង្ឃឹម​ថា​លោក​បាន​រីករាយ​នឹង​ទស្សនៈ​របស់​ខ្ញុំ​ពី​នយោបាយ​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ៕

XS
SM
MD
LG