ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ អំពាវនាវ​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​ត្រឡប់​មក​របប​គ្រប់​គ្រង​​បែប​ស៊ីវិល​វិញ


មនុស្ស​ម្នា​ដក​រូប​របស់​លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ពី​មជ្ឈមណ្ឌល International Conference កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ក្រុង Harare។
មនុស្ស​ម្នា​ដក​រូប​របស់​លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ពី​មជ្ឈមណ្ឌល International Conference កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ក្រុង Harare។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​គាំ​ទ្រ​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​ឲ្យ​​ត្រឡប់​មក​របប​គ្រប់​គ្រង​បែប​​ស៊ីវិល​វិញ​ មុន​ពេល​លោក​ Robert Mugabe​ ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​ជិត​៤០ឆ្នាំ បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​ថ្លែង​ថា​ពលរដ្ឋ​ស៊ីមបាវ៉េ​ ជា​ចុង​ក្រោយ​ត្រូវ​តែ​ជ្រើស​រើស​រដ្ឋាភិបាល​របស់​ពួក​គេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​មាន​ប្រសាសន៍ថា៖

«យើង​ទាំង​អស់​គ្នា​គួរ​តែ​សហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នោះត្រឡប់​មក​រករបប​គ្រប់​គ្រងបែប​ស៊ីវិល​វិញ​ឲ្យ​បានលឿន​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ពួក​គេ។ ប្រទេស​ស៊ីមបាវ៉េ​មាន​ឱកាស​សម្រាប់​កំណត់​យក​ផ្លូវ​ថ្មី​មួយ​ គឺ​ផ្លូវ​ដែល​ត្រូវ​មាន​ការ​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ​ និង​ ការ​គោរព​សិទ្ធិ​មនុស្ស»។

លោក​ Tillerson​ បាន​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ទាំង​នេះ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទៅ​កាន់​ក្រុម​រដ្ឋមន្ត្រី​ និង​អ្នក​ការទូត​អាហ្វ្រិក​ មុន​ពេល​មាន​កិច្ច​ប្រជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន​ ដើម្បី​ពិភាក្សា​អំពី​ ពាណិជ្ជកម្ម​ សន្តិសុខ​ និង​ អភិបាលកិច្ច។

លោក​ TILLERSON​ បាន​ថ្លែង​ថា៖

«នៅ​ក្នុង​កិច្ច​ពិភាក្សា​យើង​នៅ​ថ្ងៃ​នេះ​ យើង​មាន​ឱកាស​ដើម្បី​ពិភាក្សា​ពី​វិធានការ​ជាក់​លាក់​នានា​ដែល​យើង​អាច​ជួយ​ពល​រដ្ឋ​ស៊ីមបាវ៉េ​បាន​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​នេះ»។

លោក​ Robert Mugabe​ ប្រធានាធិបតី​ដែល​ទើប​តែ​លាលែង​ពី​តំណែង​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ដំបូង​នៅ​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​សាកល​វិទ្យាល័យ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​យោធា​ ដែល​មិន​ហៅ​សកម្មភាព​របស់​ខ្លួន​ថា​ជា​រដ្ឋប្រហារ​នោះ​ បាន​គ្រប់​គ្រង​លើ​ប្រទេស​ស៊ីមបាវ៉េ​កាល​ពី​សប្តាហ៍​មុន។

អ្នក​ស្រី​ JENNIFER COOKE ​ នាយក​ទទួល​បន្ទុក​កិច្ចការ​អាហ្វ្រិក​នៅ​មជ្ឈមណ្ឌល CSIS​ បាន​ថ្លែង​ថា៖

«វា​សុទ្ធ​តែ​ទាក់​ទិន​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ។ នៅ​ពេល​ដែល​អ្នក​ណា​ម្នាក់​បាន​ឡើង​មក​លើ​ទូរទស្សន៍​ជាតិ​នៅ​ក្នុង​ឯក​សណ្ឋាន​យោធា​ ហើយ​និយាយ​ថា​ លោក​ប្រធានាធិបតី​មាន​សុវត្ថិភាព​ទេ​ ហើយ​បាន​កាន់​កាប់​ស្ថាន​ភាព​នយោបាយ​នោះ។ នេះ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ»។

អ្នក​ស្រី​ Jennifer Cooke​ បាន​ថ្លែង​ថា​ ខណៈ​ដែល​យោធា​បាន​សម្រេច​គោលដៅ​ទី​មួយ​របស់​ពួក​គេ​ គឺ​បញ្ចប់​ការ​ជម្រុះ​ចោល​មេ​ដឹកនាំ​យោធា​ជាន់​ខ្ពស់​ពី​គណបក្ស​របស់​លោក​ Mugabe​ គឺ​ គណបក្ស​ Zanu PF​ ហើយ​បាន​រារាំង​អ្នក​ស្រី​ Grace Mugabe​ ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​មិន​ឲ្យ​ឡើង​កាន់​តំណែង​ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​យើង​មិន​ច្បាស់​ថា​ពួក​គេ​មាន​គម្រោង​អ្វី​នោះ​ទេ។

អ្នក​ស្រី​ Jennifer Cooke​ បាន​បន្ត​ថា៖

«ខ្ញុំ​គិត​ថា​អ្វី​ដែល​មិន​ច្បាស់​លាស់​ដ៏​ធំ​ជាង​គេ​សម្រាប់​បច្ចុប្បន្ន​នេះ​ ទោះជា​ខ្ញុំ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​កំពុង​ត្រេកអរ​ ប៉ុន្តែ​វា​អាច​នឹង​ឆាប់​រហ័ស​ពេក​ហើយ​ ព្រោះ​ថា​ការ​មិនច្បាស់​លាស់​នោះ​គឺ ​ថា​តើគេនឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​របៀប​ណា​ដើម្បី​ឈាន​ទៅ​ដល់​ការ​បោះ​ឆ្នោត​មួយ»។

លោក​ Robert Mugabe​ បាន​ធ្វើ​ជា​ប្រធានា​ធិបតី​របស់​ប្រទេស​ស៊ីមបាវ៉េ​ជិត​៤​ទសវត្សរ៍​មក​ហើយ។ លោក​សាស្ត្រាចារ្យ​ Kwaku Nuamah​ នៃ​សកលវិទ្យាល័យ​ American University​ បាន​និយាយ​ថា​ លោក​ Mugabe​ នៅ​តែ​មាន​តួនាទី​មួយ​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​តំណែង​នេះ។

លោក​សាស្ត្រាចារ្យ​ Kwaku Nuamah​ បាន​ថ្លែង​ថា៖

«អ្នក​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​លោក​ គួរ​តែរំឭក​លោក​ថា​កេរ្តិ៍​ឈ្មោះ​របស់​លោក​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ហើយ។​ លោក​គួរតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ដំណើរការ​នឹង​ប្រកប​ទៅ​យ៉ាង​រលូន​ ដោយ​មិន​មាន​អំពើ​ហិង្សា​ ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស»។

លោក​សាស្ត្រាចារ្យ​ Nuamah​ បាន​និយាយ​ថា​ដំណើរការ​នេះ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​មនុស្ស​គ្រប់​រូប។

លោក​សាស្ត្រាចារ្យ​ Kwaku Nuamah​ បាន​បន្តថា៖

«អង្គការ​សង្គម​ស៊ី​វិល​ បក្ស​ប្រឆាំង​ ក្រុម​សាសនា​ និង​ យុវជន​ ជារួម​គឺ​ប្រជាជន​ទាំង​អស់​ត្រូវ​តែ​បាន​ចូលរួម។ បណ្តា​ប្រទេស​លោក​ខាង​លិច​ ដែល​បាន​ដាក់​ទណ្ឌកម្ម​នា​នា​ត្រូវ​តែ​ចូលរួម​វិញ​ ពី​ព្រោះ​នៅ​ពេល​អ្នក​ដាក់​ទណ្ឌកម្ម​ អ្នក​បាន​បាត់​បង់​ឥទ្ធិពល»។

ក៏ប៉ុន្តែ​ លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​ អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​លោក​ Robert Mugabe​ ចាំ​បាច់​នឹង​ត្រូវ​ជួយ​ណែនាំ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ស៊ីមបាវ៉េ​ថ្មី ដែល​ លោក​ Nuamah​ ថ្លែង​ថា​នេះ​នឹង​ក្លាយ​ជា​កេរដំណែល​មួយ​របស់​លោក៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG