ការលើកឡើងខាងក្រោមនេះរបស់លោកស្រី Charity Charamba ដែលជាអ្នកនាំពាក្យប៉ូលិសគួរតែធ្វើឲ្យប្រជាពលរដ្ឋស៊ីមបាវ៉េមានការស្ងប់ចិត្ត។
លោកស្រី CHARAMBA បានថ្លែងថា៖
«ស្ថានភាពរបស់ប្រទេសយើងត្រឡប់ទៅរកភាពធម្មតាវិញហើយ។ យើងខ្ញុំចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋទូទៅថា ប៉ូលិសនឹងត្រឡប់ទៅបំពេញតួនាទីរបស់ខ្លួនវិញ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសស៊ីមបាវ៉េនៅក្រោមមាត្រាទី២១៩»។
លោកស្រី Charity Charamba បានប្រកាសថាប៉ូលិសនឹងត្រឡប់ទៅបំពេញការងាររបស់ពួកគេវិញ ហើយដើរល្បាតរួមគ្នាជាមួយនឹងទាហាននៅកណ្តាលរដ្ឋធានី Harare ដែលការប្រកាសនេះបានធ្វើឡើងក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីទាហានបានធ្វើប្រតិបត្តិការក្នុងអំឡុងពេលចលាចលនយោបាយដែលបានបង្ខំឲ្យលោកប្រធានាធិបតី Robert Mugabe ចុះចេញពីតំណែង។
ប៉ុន្តែនៅក្នុងប្រទេសស៊ីមបាវ៉េ ដែលជាប្រទេសដែលអង្គការសិទ្ធិមនុស្សបានចោទប្រកាន់ប៉ូលិសថា បានប្រព្រឹត្តិអំពើហិង្សាយ៉ាងឃោរឃៅ ធ្វើការចាប់ឃុំខ្លួនមនុស្សតាមទំនើងចិត្ត និងការចាប់ជំរិតទារប្រាក់ជាដើមនោះ ពាក្យទាំងនោះមិនបានធ្វើឲ្យប្រជាពលរដ្ឋស្ងប់ចិត្តឡើយ។
ប្រជាពលរដ្ឋស៊ីមបាវ៉េមិនពេញចិត្តប៉ូលិសនោះទេ ដោយមនុស្សច្រើនជាង៦ម៉ឺននាក់នៅពហុកីឡាដ្ឋានមួយកន្លែងបានស្រែកមិនពេញចិត្តខ្លាំងៗ នៅពេលដែលស្នងការប៉ូលិសជាតិសច្ចាបង្ហាញពីភាពស្មោះស្ម័គ្ររបស់ខ្លួនចំពោះប្រធានាធិបតីថ្មី គឺលោក Emmerson Mnangagwa ក្នុងអំឡុងពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី។
សកម្មជន លោក Promise Mkwananzi បានថ្លែងថា លោកមិនចាំពីចំនួនដែលលោកត្រូវបានគេចាប់ខ្លួននោះទេ ដោយលោកនិយាយថាប្រហែលជា២០ដង។ ការចាប់ខ្លួនលោកជាច្រើនលើកគឺ ដោយសារការធ្វើបាតុកម្មប្រឆាំងនឹងលោក Mugabe ប៉ុន្តែដូចអ្នករស់នៅក្នុងទីក្រុង Hararian ជាច្រើនទៀតដែរ លោកបានជួបប្រទះការស្ទាក់ផ្លូវខុសច្បាប់ដោយប៉ូលិសជាច្រើនដង។ លោករៀបរាប់ដំណើររឿងមួយកាលពីឆ្នាំមុនថា៖
«ភ្លាមៗនោះ ស្រាប់តែលេចមុខប៉ូលិសចេញមកហើយចាប់ទាញខ្ញុំទៅកន្លែងដែលដាច់ពីគេ ហើយពួកគេព្យាយាមនិយាយថា អ្នកឯងអាចសូកលុយខ្ញុំបាន ហើយខ្ញុំនឹងដោះលែងអ្នកឯង។ ខ្ញុំបដិសេធយ៉ាងគួរសមដោយឆ្លើយថា ទេ ខ្ញុំមិនចង់ធ្វើបែបនេះទេ អ្នកឯងអាចយកខ្ញុំទៅប៉ុស្តិ៍ប៉ូលិសបាន បើសិនជាខ្ញុំកំពុងត្រូវអ្នកចាប់ខ្លួនមែន ដូច្នេះហើយ ពួកគេក៏បាននាំខ្ញុំទៅប៉ុស្តិ៍ប៉ូលិស គឺស្នាក់ការកណ្តាលរបស់ប៉ូលិសក្នុងរដ្ឋធានី Harare»។
នៅទីនោះ លោកត្រូវបានគេដាក់ទោសពីបទល្មើសមួយចំនួន ចាប់តាំងពីការជំទាស់នឹងការចាប់ខ្លួន រហូតដល់ការប្រមាថលោកប្រធានាធិបតី ដែលនេះជាអំពើខុសច្បាប់នៅក្នុងប្រទេសស៊ីមបាវ៉េ។ រឿងក្តីនេះនៅទីបំផុតត្រូវបានលុបចោល។
លោក Jacob Mafume មកពីគណបក្សប្រជាមានិតប្រជាធិបតេយ្យ បានប្រាប់ VOA ថា ទង្វើរបស់កងកម្លាំងប៉ូលិសនៅថ្ងៃមុខគឺអាចជួយ ឬក៏ធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី។
លោក MAFUME បាននិយាយថា៖
«ប៉ូលិសក្នុងប្រទេសស៊ីមបាវ៉េប្រព្រឹត្តិក្រៅរង្វង់ច្បាប់។ យើងត្រូវការការផ្លាស់ប្តូរ ការផ្លាស់ប្តូរចំពោះអ្នកអង្កេតច្បាប់ ដោយប្រព្រឹត្តចំពោះពលរដ្ឋដោយសេចក្តីថ្លៃថ្នូរ បំពេញតួនាទីពួកគេដោយមិនមានអំពើពុករលួយ មិនទាមទារប្រាក់ពីអ្វីដែលជាការងាររបស់ពួកគេ និងប្រព្រឹត្តឲ្យដូចអ្វីយើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យដូច្នេះដែរ»។
នៅពេល VOA សួរថា តើប៉ូលិសនឹងព្យាយាមធ្វើឲ្យពលរដ្ឋស៊ីមបាវ៉េជឿទុកចិត្តឡើងវិញដោយរបៀបណា លោកស្រី Charity Charamba គ្រាន់តែញញឹម ហើយមិនបានផ្តល់នូវចម្លើយអ្វីឡើយ៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង