ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាត​ត្បាត​ដោយ​ជំងឺ​កូវីដ​១៩ នឹងនាំ​ឲ្យការ​​ផ្ញើប្រាក់​ទៅ​ឲ្យ​គ្រួសារ​នៅ​ឯ​ប្រទេស​កំណើត​​ធ្លាក់​ចុះ​២០%​ នៅ​ទូទាំង​ពិភពលោក


រូបឯកសារ៖ ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​វ៉េណេស៊ុយអេឡា កំពុង​រង់ចាំ​កន្លែង​ដាក់​ឯកសារ​នៅ​ព្រំដែន​ប្រទេស​អេក្វាទ័រ និង​ប្រទេស​ប៉េរូ កាល​ពី​ឆ្នាំ ២០១៩។
រូបឯកសារ៖ ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​វ៉េណេស៊ុយអេឡា កំពុង​រង់ចាំ​កន្លែង​ដាក់​ឯកសារ​នៅ​ព្រំដែន​ប្រទេស​អេក្វាទ័រ និង​ប្រទេស​ប៉េរូ កាល​ពី​ឆ្នាំ ២០១៩។

របាយការណ៍​ពិសេស​មួយ​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ការបិទ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​នៃ​ធនាគារ និង​គ្រឹះស្ថាន​មួយ​ចំនួន ដែល​ផ្តល់​សេវាកម្ម​ផ្ញើ​ប្រាក់​នោះ​បន្ទុច​បង្អាក់​ជនអន្តោប្រវេសន៍ មិន​អាច​ឲ្យ​ពួកគផ្ញើ​ប្រាក់​ទៅ​ប្រទេស​កំណើត​បាន។

របាយការណ៍​ពិសេស​មួយ​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​តាមរយៈ​ការមិន​ចេញ​ពី​ផ្ទះ និង​ការបិទ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​នៃ​ធនាគារ និង​គ្រឹះស្ថាន​មួយ​ចំនួន ដែល​ផ្តល់​សេវាកម្ម​ផ្ញើ​ប្រាក់​នោះ កំពុង​បន្ទុច​បង្អាក់​ជនអន្តោប្រវេសន៍ មិន​អាច​ឲ្យ​ពួកគេ ផ្ញើ​ប្រាក់​ទៅ​ប្រទេស​កំណើត​បាន។

ដោយសារ​មូលហេតុ​ខាងលើ​នេះ ប្រាក់​បញ្ញើ​នៅ​ទូទាំង​ពិភពលោក ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ ២០ ភាគរយ​នៅ​ឆ្នាំ២០២០ នេះ។ របាយការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​ បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​របស់​ពលករ​ចំណាកស្រុក​ធ្លាក់​ចុះ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​នៃ​ការផ្ញើ​ប្រាក់។

លោក David Malpass ប្រធានWorld Bank Groupនៃ​ធនាគារ​ពិភពលោក បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ការផ្ញើ​ប្រាក់ គឺ​ជាប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អនុសាសន៍​របស់​ធនាគារ​ពិភពលោក គឺ​ធ្វើ​ឲ្យ​ការបង់​ថ្លៃ​សេវាកម្ម​ផ្ញើ​ប្រាក់​មាន​តម្លៃ​ទាប និង​បែងចែក​សេវាកម្ម​ទៅ​តាម​ប្រភេទ​ដូចជា​ការផ្ញើ​ប្រាក់«ចាំបាច់»ជាដើម ដើម្បី​បញ្ចៀស​ក្រុមគ្រួសារ​នានា មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាពក្រីក្រ​ធ្ងន់ធ្ងរ។ លោក David Malpass បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការផ្ញើប្រាក់ ជួយ​គ្រួសារ​ឲ្យ​មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ ចំណាយ​លើ​ការថែទាំ​សុខភាព និង​តម្រូវការ​មូលដ្ឋាន។ នៅពេលដែលWorld Bank Group អនុវត្ត​យ៉ាងឆាប់រហ័ស​នូវ​វិធានការ​ទូលំទូលាយ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​នានា​នោះ យើង​ក៏​កំពុង​ធ្វើការ​ដើម្បី​ឲ្យ​បណ្តាញ​ផ្ញើ​ប្រាក់​មាន​ដំណើរការ​ជា​បន្ត និង​ការពារ​សហគមន៍​ដែល​ក្រីក្រ​បំផុត ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​តម្រូវការ​មូលដ្ឋាន​ទាំងនេះ ផងដែរ»។

នៅ​ឆ្នាំ ២០១៩ ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ទទួល​ប្រាក់​ដែល​ផ្ញើ​មក​ពី​ខាងក្រៅ​ទៅ​ឲ្យ​គ្រួសារ​នៅ​ក្នុង​ប្រទេស​ ចំនួន ៥៥៤ ពាន់​លាន​ដុល្លារ។ នៅក្នុង​ប្រទេស​ប្រមាណជា ៦៦ ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងនោះ ប្រាក់​បញ្ញើ​មាន​ចំនួន​ច្រើនជាង​៥ភាគរយនៃ​ផលិតផល​សរុប​ក្នុង​ស្រុករបស់​ពួកគេ ។ នៅ​បណ្តា​ប្រទេស​ដូចជា ហៃទី ហុងឌូរ៉ាស និង​នេប៉ាល់ ប្រាក់បញ្ញើ​មាន​ច្រើន​ជាង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពួកគេ ជាង ២០ភាគរយ។

ការផ្ទេរប្រាក់​ឆ្លងកាត់​ប្រទេស

សម្រាប់​ក្រុមហ៊ុន Remitly ក្នុង​ទីក្រុង Seattle ដែល​ផ្តល់​សេវាកម្ម​ផ្ញើ​ប្រាក់​ទៅ​បរទេស ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​ផ្លាស់ប្តូរ​ពី​ការ​ផ្ទេរ​ប្រាក់​ដោយ​មក​ដល់​កន្លែង​ដោយ​ផ្ទាល់ ទៅ​ជា​ការ​ផ្ទេរ​ប្រាក់​តាម​អនឡាញ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Remitly លោក Matt Oppenheimer បាន​និយាយ​ថា ក្រុមហ៊ុន​លោក មាន​អតិថិជន​ប្រមាណ​ជាង ២ លាន​នាក់ ហើយ​ការផ្ទេរប្រាក់ ផ្តល់​«ប្រាក់​ចំណូល​ចម្បង»ដល់​ក្រុមហ៊ុន​របស់​លោក អស់​រយៈពេល ៩ ឆ្នាំ​មក​ហើយ។ លោក Matt Oppenheimer បាន​ថ្លែង​ប្រាប់ VOA ក្នុង​សម្តី​ដើម​ថា៖

«ការផ្ញើ​ប្រាក់ គឺជា​រឿង​សំខាន់​មួយ ពីព្រោះ​យើង​ត្រូវ​ប្រមូល​ព័ត៌មាន​ពី​អតិថិជន​របស់​យើង​ដើម្បី​អនុលោម​ទៅ​តាម​ច្បាប់ និង​ដើម្បី​សុវត្ថិភាព។ បន្ទាប់មក អតិថិជន មាន​ការជឿជាក់​លើ​យើង ក្នុងការ​ផ្ញើ​ប្រាក់​ដែល​ពួកគេ​រក​បាន​ដោយ​លំបាក»។

ការផ្ទេរប្រាក់​តាមអនឡាញ ជាញឹកញាប់ មាន​ន័យ​ថា ថ្លៃ​សេវា​ទាប​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ដំណើរការ​នៃ​ការផ្ញើ និង​ទទួល​ប្រាក់ មាន​ភាពងាយស្រួល​ជាង​ការទៅ​សាខា​ធនាគារ​ដោយ​ផ្ទាល់។

លោក Oppenheimer បាន​ថ្លែង​បន្ត​ថា ដោយសារតែ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩​នេះ អតិថិជន​មិន​អាច​ទៅ​ផ្ញើ​ប្រាក់​នៅ​កន្លែង​ផ្ញើរ​ដោយ​ផ្ទាល់​បាន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី តម្រូវការ​ប្រាក់​ពី​ក្រុមគ្រួសារ​នៅ​ឯ​ប្រទេស​កំណើត​មិន​ថយ​ចុះទេ ឬ អាច​ថា​ច្រើន​ជាងមុន​ផង ដោយសារ​វិបត្តិ​សុខភាព​ដែល​កំពុង​កើត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ លោក Matt Oppenheimer បាន​ថ្លែង​បន្ថែម ក្នុង​សម្តី​ដើម​ថា៖

«យើង​ឃើញ​មាន​អតិថិជន​ជាច្រើន បាន​ផ្លាស់ប្តូរ​មក​ប្រើប្រាស់​សេវាកម្ម​របស់​យើង និង​សេវាកម្ម​អនឡាញ​ផ្សេងៗ​ទៀត​ផងដែរ។ ដូច្នេះ​ហើយ ប្រសិនបើ​លោកអ្នក​មើល​ទៅ​ខែកុម្ភៈ រហូត​ដល់​ខែមីនា ជា​ឧទាហរណ៍​នោះ ចំនួន​អតិថិជន​ថ្មី​របស់​យើង​បាន​កើន​ឡើង​ ១០០​ភាគរយ។ នោះ ជា​ចំនួន​ទ្វេដង ហើយ​នោះ គឺ​ពិតជា​អស្ចារ្យ​ណាស់»។

ការសិក្សា​អំពី​ការផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​ដោយ​សមាគម GSMA ដែល​ជា​សមាគម​ពាណិជ្ជកម្ម​នៃ​ប្រតិបត្តិករ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត បាន​រក​ឃើញ​ថា បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត បាន​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ផ្ទេរប្រាក់​ពាក់កណ្តាល ហើយ​ដំណើរការ​នោះ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ១ពាន់ ៣ រយ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ នៅ​ឆ្នាំ ២០១៨ ឧស្សាហកម្ម​ផ្ទេរ​ប្រាក់​តាម​ទូរស័ព្ទ មាន​អតិថិជន ១៤៣ លាន​នាក់​បន្ថែម​ទៀត។

នៅក្នុង​ឆ្នាំ ២០១៨ លំហូរ​ផ្ទេរប្រាក់​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត គឺ​មាន​ចំនួន ៥២៩ ពាន់​លាន​ដុល្លារ។ ការផ្ទេរ​ប្រាក់​ជា​សកល ដែល​រួមបញ្ចូល​ទាំង​លំហូរ​ទៅ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់ បាន​កើន​ដល់ ៦៨៩ ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ ២០១៧ មាន​ចំនួន ៦៣៣ ពាន់​លាន​ដុល្លារ។

បន្ទាប់ពី​ការធ្លាក់​ចុះ ២០ ភាគរយ​នៅ​ឆ្នាំ ២០២០ នេះ ធនាគារ​ពិភពលោក​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ ២០២១ ការផ្ញើ​ប្រាក់​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ នឹង​កើន​ឡើង​វិញ ប្រមាណជា ៥ កន្តក់​សញ្ញា ៦ ភាគរយ ដែល​បើ​គិត​ជា​ទឹកប្រាក់​មានចំនួន​ប្រមាណ​ជា ៤៧០ ពាន់​លាន​ដុល្លារ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី របាយការណ៍​ចុងក្រោយ​នេះ បង្ហាញ​ពី​ការមន្ទិល​សង្ស័យ គ្រាដែល​នៅក្នុង​របាយការណ៍​នោះ បង្ហាញ​ថា​ផលប៉ះពាល់​ពេញលេញ​ទៅ​លើ​ការផ្ទេរ​ប្រាក់ នៅតែ​មិន​ទាន់​មាន​ភាពប្រាកដ​ប្រជា​នៅ​ឡើយ ក្នុង​ពេល​ដែល​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ​១៩ នៅ​មាន​ជា​បន្ត​នេះ។

របាយការណ៍​ពិសេស​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «ការផ្ញើ​ប្រាក់ នៅ​ពេលមុន​និង​ពេល​ឥឡូវ​នេះ ខុសគ្នា​នៅ​ត្រង់​ថា ពេល​មុន​ពលករ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ​ច្រើន នៅ​ពេល​ដែលមាន​វិបត្តិ​និង​ការលំបាក​នៅឯ​ស្រុកកំណើត។ តែ​ឥឡូវ​នេះ រោគ​រាតត្បាត​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​គ្រប់​ប្រទេស​ទាំងអស់ ដែល​វា​បង្កើត​នូវ​ភាពមិន​ច្បាស់លាស់​បន្ថែម​ទៀត»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

អត្ថបទ​ទាក់ទង

XS
SM
MD
LG