ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​មហាផ្ទៃ៖ ​ពលករខ្មែរ​ជាង​៨​ម៉ឺន​នាក់​មិន​មាន​សញ្ញា​វីរុស​កូរ៉ូណា តែ​រដ្ឋាភិបាល​បារម្ភ​អំពី​ជីវភាព​របស់​ពួកគេ


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះពីការរលំអគារនៅខេត្តកែប កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង ​បាន​ថ្លែង​ថា ​ពលករ​ខ្មែរ​ប្រមាណ ​៨៦.០០០​នាក់ ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​មិន​មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​បារម្ភ​អំពី​ជីវភាព​របស់​ពួក​គេ​ដោយ​សារ​មិន​មាន​ការ​ងារ​ធ្វើ។

លោក​ ស ខេង ​បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រយៈ​ពេល​ខ្លី​មធ្យម​ និង​វែង​របស់​ពលករ​ចំណាក​ស្រុក ​ក្នុង​ស្ថាន​ភាព​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ពុធ។​

លោក ​ស ខេង​ បាន​ថ្លែង​ថា ​តាម​របាយ​ការណ៍​ដែល​លោក​ប្រមូល​បាន​ ​ពលករ​ខ្មែរ​ប្រមាណ ​៨៦.០០០​នាក់​ បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​ក្នុង​មួយ​ថ្ងៃៗ ​ពួកគេ​ប្រមាណ​ ១៥០​ទៅ​២០០​នាក់​បន្ត​វិល​ត្រឡប់​មក​កម្ពុជា។​ លោក​បន្ត​ថា ​ពលករ​ជាង ​៨​ម៉ឺន​នាក់​ នោះ​មិន​មាន​រោគសញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ១៩​នោះ​ទេ​ ក្រោយ​ពួកគេ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​ ១៤​ថ្ងៃ។

លោក ​ស ខេង​ មាន​ប្រសាសន៍​ថា៖ ​«តាម​លទ្ធភាព​របស់​យើង​ យើង​ឃើញ​ថា​ អ្នក​ហ្នឹង​ដាក់​នៅ ​១៤​ថ្ងៃ​ជំងឺ​ហ្នឹង​ វា​អត់​ចេញ ​បើ​វា​អត់​ចេញ ​វា​អត់​ឲ្យ​រោគ​សញ្ញា​ហ្នឹង​ទេ​ ប្រែ​មក​ថា ​អ្នក​ហ្នឹង​អត់​មាន​ជំងឺ​ហ្នឹង​ទេ»។

បើ​តាម​លោក ​ស ខេង ​នៅ​សល់​ពលករ​ខ្មែរ​ប្រមាណ ​៦០០​នាក់ ​ទៀត​ដែល​កំពុង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

កន្លង​ទៅ​លោក ស ខេង​ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​លើ​ពលករ​ទាំង​អស់​នោះ​ទេ។​ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​បាន ​គឺ​ការ​ពិនិត្យ​សុខភាព​ទូទៅ​របស់​ពួក​គេ​ ដូច​ជា​កំដៅ​ និង​រោគសញ្ញា​មួយ​ចំនួន​ តែ​មិន​មែន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ច័ន្ទ ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោក លី សូវ៉ាន់ ​មាន​ប្រសាសន៍​ថា​ ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ប្រមាណ​ ៤១០​នាក់ ​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា ​ហើយ​ពួក​គេ​មិន​មាន​វីរុស​នោះ​ទេ។​

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ​ស ខេង​ កាល​ពី​ថ្ងៃ​ពុធ ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​លំបាក​របស់​ពលករ​ទាំង​នោះ​ ដោយសារ​ពួក​គេ​មិន​មាន​ការ​ងារ​ធ្វើ​ ដែល​នឹង​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ពលករ​ដែល​វិល​ត្រឡប់​ទាំង​នោះ​មួយ​ចំនួន​ មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​រយៈ​ពេល​វែង​នោះ​ទេ។​ ប៉ុន្តែ​មួយ​ចំនួន​ក៏​គេ​មាន​លទ្ធភាព។​ ជា​ទូទៅ ​ពួក​គាត់​តែង​តែ​រំពឹង​ចង់​ទៅ​វិញ ​ដើម្បី​ធ្វើ​ការងារ​និង​បាន​ប្រាក់​ចំណូល​សម្រាប់​បន្ទុក​គ្រួសារ។ តែ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន​បាន​ឡើយ»។​

ប៉ុន្តែ​ លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ​ពួកគេ​ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បាន​លឿន​នោះ​ទេ​ ដោយសារ​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​អាច​វាយ​តម្លៃ​ដែរ​ថា ​ក្រុមនេះ​ក៏​នឹង​មិន​ងាយ​បាន​វិល​ត្រឡប់​ទៅ​វិញ​ឆាប់ៗ​ទេ។​ ហើយ​យើង​មិន​ដឹង​ថា​ពេល​ណា​ដែល​អាច​ទៅ​វិញ​បាន។​ អ៊ីចឹង​ទេ​គឺ​ថាក្នុង​ករណី​ដែល​ពួក​គាត់​ទៅ​មិន​បាន​វិញ​ តើ​ជីវភាព​របស់​ពួក​គាត់​យ៉ាង​ម៉េច?»

ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​មួយ​លាន ​២០​ម៉ឺន​នាក់ ​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ​ពួកគេ​ច្រើន​គួរ​សម​គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ ​(IOM) ​ឆ្នាំ​២០១៩ ​មួយ​ភាគ​បី​នៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​សាកសួរ​ព័ត៌មាន​ ពុំ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​ មុន​ពេល​ពួក​គេ​ចេញ​ពី​កម្ពុជា​ ហើយ​ជិត​ពាក់​កណ្តាល​គឺ​គ្មាន​ចំណូល ​និង​ប្រហែល​ពីរ​ភាគ​បី ​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ ​ស្វែង​រក​ការងារ​ដោយ​សារ​ពុំ​មាន​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក ​និង​ដោយ​សារ​ចង់​បាន​ចំណូល​ប្រសើរ​ជាង​មុន។​

របាយ​ការណ៍​បង្ហាញ​ថា​ ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​បាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅ​ស្រុក​កំណើត​ប្រមាណ ​១២២៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ថា​ប្រាក់​ទាំង​នេះ ​គឺ​ជា​ប្រាក់​ចំណូល​ចម្បង​សម្រាប់​ទំនុក​បម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ឬ​ក៏​ដើម្បី​ប្រើប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង។

លោក​ ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់ ​(Central)​ មាន​ប្រសាសន៍​ថា ​ពលករ​ទាំង​នោះ​មិន​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​នៅ​ពេល​នេះ​នោះ​ទេ​ ហើយ​ក៏​មិន​មាន​ការងារ​ធ្វើ​សម្រាប់​ពួក​គេ​នៅ​ប្រទេស​ថៃ​ដែរ។ ​លោក​បន្ត​ថា ​ ផ្នែក​កសិកម្ម​នៅ​កម្ពុជា​ក៏​ពួកគេ​មិន​អាច​ធ្វើ​បាន​ដែរ ​ដោយសារ​ពួកគេ​មិន​មាន​ដី​អ្វី​ធំ​ដុំ​ដើម្បី​ធ្វើ​ស្រែ​ចម្ការ​។

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា ​គ្មាន​ការងារ​ក្នុង​ស្រុក​ណា​នៅ​មាន​សម្រាប់​ពួក​គាត់​ដែរ។ ​ប្រសិន​បើ​យើង​មើល​វិស័យ​សំណង់​ ទេសចរណ៍ ​សេវាកម្ម​ ភោជនីយដ្ឋាន​គឺ​មិន​មាន​ការងារ​អី សម​ស្រប​សម្រាប់​ពួក​គាត់​ដែរ»។​

លោក ​ថារ៉ូ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​សាច់​ប្រាក់​បម្រុង ​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ក្នុង​នោះ​មាន​ការ​ផ្តល់​ជា​អាហារ​គ្រឿង​បរិភោគ ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ពួកគេ។​

មន្រ្តី​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ​បន្ថែម​ថា៖​ «គ្មាន​អី​ក្រៅ​ពី​រដ្ឋ​ទេ ដែល​អាច​ជួយ​គាំពារ​គាត់ព្រោះ​កូវីដ​នេះ​ជា​ជំងឺ​សាកល​ ហើយ​អាហ្នឹង​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ ហើយ​សម្រាប់​គាំពារ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ពលករ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ហ្នឹង»។​

ពលករ​ម្នាក់​ដែល​មក​ពី​ប្រទេស​ថៃ​អ្នកនាង​ អាន់ ស្រីលីស ​អាយុ​២៦​ឆ្នាំ ​បាន​ថ្លែង​ប្រាប់​ VOA​ថា​ អ្នកនាង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​ ៥​ឆ្នាំ​មក​ហើយ ​ហើយ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក្នុង​ខេត្ត​តាកែវ ​ជាមួយ​ស្វាមី ​កូនស្រី​ម្នាក់​និង​ក្មួយ​ប្រុស​ម្នាក់​ កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​មីនា។ ​អ្នកនាង​បន្ត​ថា ​អ្នកនាង​ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឲ្យ​រក្សា​អនាម័យ ​និង​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

អ្នកនាង​ដែល​រស់​នៅ​ក្នុង​ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ​ខេត្ត​តាកែវ ​មាន​ប្រសាសន៍​ថា ​អ្នក​នាង​មិន​មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា​នោះ​ទេ។

អ្នក​នាង​មាន​ប្រសាសន៍​ថា៖ ​«ព្រោះ​អី​អត់​មាន​អី​ពិបាក​ក្នុង​ខ្លួន​ផង​ព្រោះ​អី​ឡើង​ចូល​មួយ​ខែ​ហើយ ​ព្រោះ​អី​មាន​ពេទ្យ​មក​ពិនិត្យ​ដល់​ផ្ទះ។ ​បើ​ខ្ញុំ ពិនិត្យ​បី​ដង​ហើយ»។​

អ្នកនាង​កំពុង​ព្រួយ​បារម្ភ​អំពី​ជីវភាព​ដែល​អ្នកនាង​ថា ​បច្ចុប្បន្ន​នៅ​សល់​ថវិកា​ប្រមាណ ​៥​ម៉ឺន​រៀល​ដែល​សល់​ពី​ប្រទេស​ថៃ​ ហើយ​ជីវភាព​ពឹង​ផ្អែក​លើ​ម្តាយ​ដែល​បេះ​ផ្លែ​ព្រីង​លក់​ជា​ប្រចាំ​ថ្ងៃ។​ ​ជាង​នេះ​ទៅ​ទៀត ​អ្នកនាង​ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​សង​បំណុល​គេ​ដែល​ត្រូវ​បង់​មួយ​ខែ​ប្រមាណ ​១២០​ដុល្លារ​ហើយ​ត្រូវ​បង់ ​៦​ខែ​ទៀត។​

អ្នកនាង​បញ្ជាក់​ថា ​អ្នកស្រី​ចង់​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​មួយ​រយៈ​ ខណៈ​រង់​ចាំ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ឡើង​វិញ។​

អ្នកនាង​បញ្ជាក់​ថា៖​ «ចង់​ថា​ចូល​រោងចក្រ​សិន។​ បើ​អត់​រក​ការងារ​ធ្វើ​ អត់​អី​ចាយ​ អត់​មាន​លុយ​ចាយ»។​

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ​ស ខេង​ បាន​បញ្ជាក់​ថា​ ដោយសារ​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​អាច​កើន​ឡើង ​ក្រោយ​ជំងឺ​ដែល​កំពុង​រាត​ត្បាត​ជា​សាកល​នេះ​បាត់​ទៅ​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​កូវីដ​វា​រាលដាល​នេះ​ប្រហែល​ជា​អាច​វា​មាន​ផល​ប៉ះពាល់​បាន​ន័យ​ថា ​វា​ធ្វើ​ឲ្យ​ចំនួន​អ្នក​ក្រ​ហ្នឹង​[កើន​ឡើង]​ដែល​ចុង​ក្រោយ​យើង​ថា​ នៅ​សល់​ប៉ុន្មាន ​៩​ភាគ​រយ។​ ប៉ុន្តែ​ដល់​តែ​កូវីដ​ទៅ​ តើ​វា​ឡើង ​១០​ភាគ​រយ ​ឬ​វា​នៅ ​៩​ភាគ​រយ?»

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ថវិកា​ចែក​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG