ពលរដ្ឋខ្មែរដែលបានត្រឡប់ចូលកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យចំនួន៣៥នាក់ ក្នុងចំណោមអ្នកវិលត្រឡប់ជាង ១ម៉ឺន៥ពាន់នាក់ ត្រូវបានមន្រ្តីសុខាភិបាលធ្វើតេស្តរកវីរុសកូវីដ១៩ ខណៈពួកគេសម្រុកមកកម្ពុជាវិញ នៅពេលថៃបានចាប់ផ្តើមបិទច្រកព្រំដែន។ នេះបើយោងតាមលោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃអង្គារនេះ។
លោក កែវ សុភ័ក្ត្រា បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា មនុស្សចំនួន៣៥នាក់ ក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានចូលមកកម្ពុជាវិញ កាលពីថ្ងៃច័ន្ទ ត្រូវបានយកសំណាកទៅធ្វើតេស្តរកវីរុសមួយនេះ។ លោកបន្តថា លទ្ធផលនៃការធ្វើតេស្តអាចនឹងប្រកាសនៅយប់ថ្ងៃអង្គារនេះ។
លោកមានប្រសាសន៍ថា៖ «អ្នកដែលមានកម្តៅក្នុងចំណោមដែលមកនេះ យើងឃើញមាន៣៥នាក់ហើយ ដែលយើងយកសំណាកផ្ញើទៅភ្នំពេញតាំងពីយប់មិញម៉្លេះ។ យប់នេះបែបដឹងហើយលទ្ធផល»។
មន្រ្តីសុខាភិបាលរូបនោះឲ្យដឹងថាពួកគេមានកម្តៅខ្ពស់ និងស្អកកជាដើម ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យក្រុងប៉ោយប៉ែតនិងរង់ចាំលទ្ធផលនៃការធ្វើតេស្ត។
ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានវិលត្រឡប់ចូលមកកម្ពុជាវិញពីប្រទេសថៃ តាមរយៈច្រកព្រំដែនប៉ោយប៉ែត កាលពីចុងសប្តាហ៍ បន្ទាប់ពីប្រទេសថៃបានប្រកាសបិទច្រកព្រំដែនចាប់ពីថ្ងៃច័ន្ទ ដើម្បីបង្ការការរាតត្បាតវីរុសកូវីដ១៩។ ការណ៍នេះធ្វើឲ្យមានការព្រួយបារម្ភអំពីលទ្ធភាពឆ្លងក្នុងប្រទេសកម្ពុជាកាន់តែច្រើន នៅពេលដែលពលរដ្ឋខ្មែរសម្រុកមកបែបនេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរជាង ១៥.០០០នាក់ បានត្រឡប់ចូលមកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោកបញ្ជាក់ថា នេះជាចំនួនច្រើន ដែលលោកថា មិនអាចពិនិត្យសុខភាពរបស់ពួកគេទាំងអស់ ឬក៏ដាក់ឲ្យនៅដាច់ដោយឡែកបាននោះទេ។
លោក ស ខេង បានថ្លែងថា៖ «អ៊ីចឹងបញ្ហារបស់យើង ហានិភ័យនៅត្រង់ហ្នឹង នៅត្រង់ថា ដល់ពេលគាត់មកសម្រុកទៅ និយាយតាមការជាក់ស្តែងគឺយើងអត់មានលទ្ធភាពត្រួតពិនិត្យអស់ទេ។ ហើយយើងក៏អត់មានលទ្ធភាពដើម្បីនឹងឃុំពួកគាត់១៤ថ្ងៃដែរ»។
លោកបានបញ្ជាឲ្យអាជ្ញាធរតាមខេត្តបន្តត្រួតពិនិត្យ និងស្វែងរកពលរដ្ឋដែលមានរោគសញ្ញានៃវីរុសកូរ៉ូណា។ លោកបន្តថា ប្រសិនបើរកឃើញថា មនុស្សណាមួយក្នុងភូមិមានផ្ទុកវីរុសនោះ ភូមិនោះនឹងត្រូវរឹតបន្តឹងការធ្វើដំណើរ។
លោកបញ្ជាក់ថា៖ «សុំធ្វើម៉េចពន្យល់គាត់ កុំឲ្យប៉ះ ហើយបើសិនមានកន្លែងណាមួយកើត អ្នកណាមួយកើតគឺថា ឃុំមួយផ្ទះហ្នឹង ឬមួយឃុំ មួយកំណាត់ភូមិហ្នឹង។ ឧទាហរណ៍ភូមិវាដាច់ដោយឡែកពីគេបួនប្រាំផ្ទះអ៊ីចឹង យើងអាចឃុំកន្លែងហ្នឹងមិនឲ្យគាត់ចេញទៅណា។ហើយបើថា ភូមិហ្នឹងវាជាប់គ្នា ហើយមានច្រើននាក់ ពីរបីនាក់អ៊ីចឹងទៅ គឺថា ឃុំទាំងភូមិហ្នឹងតែម្តង»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ រហូតមកដល់ល្ងាចថ្ងៃអង្គារនេះ។
ស្ថានទូតថៃប្រចាំកម្ពុជាបានឆ្លើយតបសារអេឡិកត្រូនិករបស់ VOA ថា រដ្ឋាភិបាលថៃចាត់វិធានការបិទច្រកព្រំដែននេះ គឺដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ ដោយមានការបិទជាបណ្តោះអាសន្នទីតាំងសាធារណៈមួយចំនួន និងផ្អាកការធ្វើដំណើរនានា។
ស្ថានទូតថៃបានសរសេរថា៖«ការមិននៅជុំគ្នា និងការរឹតត្បិតការធ្វើដំណើរ គឺជាវិធានការដើម្បីកុំឲ្យមានការឆ្លងនៃវីរុសនេះ។ វាជាវិធានការសម្រាប់សង្គមទាំងមូល ដែលត្រូវការសហការពីសមាជិកទាំងអស់ក្នុងសង្គម និងគ្រប់វិស័យក្នុងសេដ្ឋកិច្ច»។
លោក ប៉ក់ សំណាង ពលករខ្មែរម្នាក់ដែលធ្វើការនៅរោងចក្រធ្វើម៉ាស៊ីនដេរ ក្នុងខេត្តឈុនបូរីប្រទេសថៃ មានប្រសាសន៍ថា លោកចូលមកកម្ពុជាវិញតាមច្រកប៉ោយប៉ែត និងបានមកដល់ស្រុកកំណើតរបស់លោកក្នុងស្រុកអង្គរបុរី ខេត្តតាកែវ កាលពីព្រឹកថ្ងៃអង្គារ។ លោកបន្តថា លោកកំពុងស្នាក់នៅផ្ទះដាច់ដោយឡែកម្នាក់ឯង។
លោកមានប្រសាសន៍ថា៖ «យើងចេញមកមនុស្សវាច្រើន។ យើងជិះឡានរួមគ្នាមក មិនដឹងពីណាកើត មិនកើត។ យើងចេះការពារខ្លួនឯងដែរ។ មិនដឹងយើងអាចប៉ះពាល់អ្នកណាខ្លះ។ យើងមិនដឹងគេកើត មិនកើត។ អត់ទាន់ដឹងដែរ។ យើងអត់ហ៊ានចូលមួយគេ។ យើងនៅតែឯងសិន ខ្លាចក្រែងលោ យើងឆ្លងរោគអីមក យើងប៉ះពាល់ដល់ប្រពន្ធកូន»។
លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកបានសង្កេតឃើញការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងវីរុសកូវីដ១៩ការពិនិត្យសុខភាពរបស់ពលករខ្មែរ និងការរៀបចំសាលារៀនធ្វើជាមន្ទីរពេទ្យតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ប៉ុន្តែលោកយល់ថា វានៅតែមិនអាចទប់ស្កាត់ការរាតត្បាតបានទាំងស្រុងនោះទេ។
លោកមានប្រសាសន៍ថា៖ «វាបើទាក់ទិនទៅលើអនាម័យ ទៅលើសុខភាពអីផ្សេងៗ គឺវាពិបាកហើយព្រោះថា មិនមែនជាកន្លែងសម្រាប់អនាម័យកន្លែងអី គ្រាន់តែជាកន្លែងសម្រាប់សិស្សល្មមៗ។ អ៊ីចឹងហើយយើងគិតថាសុវត្ថិភាពទាក់ទងនឹងជំងឺឆ្លងអីផ្សេងៗ វាមិនសូវអាចការពារបានដែរ។ វានៅតែអាចកើតឡើង។ វានៅតែអាចឆ្លង នៅពេលយើងយកទៅដាក់អ៊ីចឹង»។
កាលពីថ្ងៃច័ន្ទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តទាំងអស់ រៀបចំតទឹក តភ្លើង និងបង្គន់អនាម័យនៅតាមសាលារៀន ដើម្បីធ្វើជាមន្ទីរពេទ្យជាបន្ទាន់។ នេះជាចំណាត់ការរបស់លោក ក្រោយពលរដ្ឋកម្ពុជាត្រឡប់មកពីប្រទេសថៃ ហើយត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ។
គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃច័ន្ទ ករណីឆ្លងវីរុសកូរ៉ូណានៅកម្ពុជាមានទៅដល់ ៨៧ ក្នុងនោះមានប្រជាជនខ្មែរមានចំនួន ៣៥នាក់៕