ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​នឹង​ផ្ញើ​ថវិកា​បន្ទាន់​ដល់​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី


លោកប្រធានាធិបតី ដូណាល់ ត្រាំ (ស្តាំ) និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
លោកប្រធានាធិបតី ដូណាល់ ត្រាំ (ស្តាំ) និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​នឹង​ផ្ញើ​លុយ​ដោយ​ផ្ទាល់​ឲ្យ​បាន​ឆាប់​ដល់​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​បន្ធូរបន្ថយ​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី។

លោក​ប្រធានាធិបតី Donald Trump បាន​សរសេរ​នៅ​លើ Twitter នៅ​ថ្ងៃ​ពុធ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក និង​ទីប្រឹក្សា​របស់​លោក​បាន​ប្រកាស​អំពី​គំនិត​ផ្ដួចផ្ដើម​នេះ យ៉ាង​ដូច្នេះ​ថា៖«សម្រាប់​អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ ដោយសារតែ​គោល​នយោបាយ​ដ៏​សំខាន់ និង​ចាំបាច់​នៅ​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី ដូចជា​ការ​បិទ​សណ្ឋាគារ បារ និង​ភោជនីយដ្ឋាន​នានា អ្នក​នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin បាន​និយាយ​នៅ​ពេល​លោក​ចូលរួម​ជាមួយ​នឹង​លោក Trump ក្នុង​សន្និសីទ​កាសែត​កាល​ថ្ងៃ​អង្គារ​ថា៖ «លោក​ប្រធានាធិបតី​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ធ្វើ​រឿង​នេះ​ក្នុង​ពេល​ឥឡូវ​នេះ។ យើង​នឹង​ផ្ញើ​លុយ​ជា​សែក​ធនាគារ​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជា​បន្ទាន់ គឺ​នៅ​ពេល​នេះ និង​នៅ​ក្នុង​ពេល​ពីរ​សប្ដាហ៍​ខាង​មុខ»។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ចង់​ឲ្យ​សភា​អនុម័ត​លើ​ការ​បញ្ចូល​ថវិកា ៨៥០ ពាន់​លាន​ដុល្លារ​ទៀត​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ ដែល​ក្នុង​នោះ​ថវិកា​ចំនួន ២៥០ ពាន់​លាន​ដុល្លារ​សម្រាប់​កម្ចី​របស់​អាជីវកម្ម​ខ្នាត​តូច និង ៥០ ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច​ស្ថានការណ៍​បន្ទាន់។

ថវិកា​នេះ​គឺ​ជា​ការ​បន្ថែម​ទៅ​នឹង​កញ្ចប់​ថវិកា​ជាង ១០០ ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត ដែល​រដ្ឋសភា​ទើប​បាន​អនុម័ត។ ច្បាប់​ថ្មី​ដែល​រដ្ឋសភា​ទើប​អនុម័ត​នោះ​នឹង​ផ្ដល់​ការ​ឈប់​សម្រាក​ពេល​មាន​ជំងឺ ការ​ធានា​រ៉ាប់រង​ពេល​គ្មាន​ការងារ​ធ្វើ និង​ផល​ប្រយោជន៍​ផ្សេង​ទៀត​សម្រាប់​អ្នក​ធ្វើ​ការ​ណា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 នៅ​ទូទាំង​ប្រទេស។

លោក Trumpបាន​និយាយ​អំពី​ការ​ស្នើ​ថវិកា​ពី​សភា​នេះ​យ៉ាង​ដូច្នេះ​ថា៖«យើង​ចង់​ឲ្យ​មាន​ការ​បញ្ចូល​ថវិកា​ជា​ច្រើន ជាជាង​ការ​ជួប​ប្រជុំ​តូចតាច​ពីរ​បី​ថ្ងៃ​ម្ដង។ យើង​ចង់​ធ្វើ​រឿង​នេះ​ឲ្យ​បាន​លឿន ហើយ​នេះ​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ»។

កាល​ពី​ថ្ងៃ​អង្គារ ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​ចង់​រក្សា​ថវិកា​កម្ចី​ចំនួន ១ លាន​លាន​ដុល្លារ​សម្រាប់​អាជីវកម្ម​នានា។

សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ជាង ៦.០០០ ករណី នៅ​ក្នុង​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ថ្ងៃ​ពុធ និង​អ្នក​ស្លាប់​ជាង ១០០ នាក់​ដោយសារ​មេរោគ​នេះ ដែល​ភាគ​ច្រើន​នៃ​ការ​ស្លាប់​នេះ​គឺ​នៅ​ក្នុង​រដ្ឋ Washington និង​រដ្ឋ New York៕

ប្រែសម្រួលដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG