ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​មិន​បញ្ចូល​អ្នក​កាសែត​ជាប់​ពន្ធនាគារ​ក្នុង​ផែនការ​​ដោះលែង​អ្នកទោស​ដោយ​សារជំងឺកូវីដ១៩ទេ


រូបឯកសារ៖ ព​ន្ធនាគារនៅក្រុង Van ភាគខាងកើតប្រទេសតួកគី។

ក្រុម​ប្រឹក្សា​អឺរ៉ុប​ហៅ​ថា​ Council of Europe ដែល​ជួយ​ផ្នែក​វិជ្ជា​ជីវសារ​ព័ត៌មាន​និងសុវត្ថិភាព​អ្នក​សារ​ព័ត៌មាន​បាន​ឲ្យដឹង​ថា ​ បើ​ត្រូវ​អនុម័ត​ ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យមាន​ការ​ដោះលែង​ពួកអ្នក​ទោសមុន​ពេល​កំណត់ដោយ​ឲ្យ​ពួកគេ​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ឬ​វិធាន​ការ​ឃ្លាំ​មើល​ផ្សេង​ទៀត។

អង្គការ​សេរីភាព​សារ​ព័ត៌មាន​នានា​ដោយមាន​រួម​បញ្ចូល​វិទ្យាស្ថាន​កាសែត​អន្តរជាតិ​ហៅ​កាត់​ថា​ IPI ​និង​គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​ហៅ​កាត់​ថា​ CPJ ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​តួកគី ​និង​ប្រទេស​ឯ​ទៀតៗ​ឱ្យ​ដោះលែង​ពួក​អ្នក​កាសែត​ជាប់​ពន្ធនាគារ​ នៅ​ពេល​ដែល​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ១៩ ​(COVID-19) ​នៅមាន​ត​ទៅ​ទៀត។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បោះពុម្ធ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី​៣០​ ខែ​មីនា​ គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​បាន​និយាយ​ថា​ នៅ​ពេល​សព្វ​ថ្ងៃ​នេះ​មាន​អ្នក​កាសែត​យ៉ាងតិច​ណាស់​ ២៥០​នាក់​បាន​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ពិភព​លោក។​

កាល​ពី​សប្តាហ៍​ទី​៤​ ខែមីនា​ អង្គការ​សុខភាព​ពិភព​លោក​ហៅ​កាត់ថា​ WHO​ បាន​ព្រមាន​ថា​ គុក​និង​កន្លែង​ឃុំឃាំង​បិទ​ជិត​នៅ​ក្នុង​ចំណោម​កន្លែង​ដែល​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាត​ជំងឺ​នេះ។​

លោក​ Joel Simon ជា​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន។​លោក​ត្រូវ​បាន​ គេ​បាន​ដក​ស្រង់​សម្តីដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន​បាន​ប្រកាន់​យក​ទស្សនៈ​មួយ​ជា​យូរ​មក​ហើយ​ថា​ ការ​ឃុំឃាំងអ្នក​កាសែត​ក្នុង​ពន្ធនាគារ​ដោយសារ​អ្វី​ដែល​ពួក​គេ​បាន​បោះ​ពុម្ពផ្សាយ​ ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​ឬ​សរសេរ​នោះគឺ​ជា​ការ​ឃុំឃាំង​ដែលរំលោភ​លើ​ច្បាប់​អន្តរជាតិ»។​

ដោយ​និយាយ​សង្កត់​ធ្ងន់​អំពី​ការ​រាល​ដាល​ជំងឺ​ COVID-19​ នៅ​ក្នុង​ពន្ធនាគារ​ ​លោក ​Simon​ មាន​ប្រសាសន៍​ថា​ ពួក​មេដឹក​នាំ​ពិភព​លោក​គួរ​ចាត់​«វិធាន​ការ​ដាច់​ណាត់​ដើម្បី​ដោះលែង​អ្នក​កាសែត​ទាំង​អស់​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ ​ពីព្រោះ​វា​ជា​បញ្ហា​ស្លាប់​រស់»។​

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុវត្ថិភាព​អ្នក​កាសែត​ឲ្យ​ដឹង​ថា​ សំណើ​របស់​អាជ្ញាធរ​តួកគី​ដោះ​លែង​អ្នក​ទោស​ចេញ​ពី​កន្លែង​ឃុំឃាំង​បិទជិត​នោះ​ មិន​មាន​រួម​បញ្ចូល​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ជាប់​ពន្ធនាគារ​ដោយ​សារការ​ចោទ​ប្រកាន់​ទាក់ទិន​នឹង​ភេរវកម្ម​ទេ។​

រដ្ឋាភិបាលក្រុង​អង់ការ៉ាបាន​បិទ​ទីភ្នាក់ងារ​ព័ត៌មាន​រាប់​សិប​នៅ​ក្រោយ​ការប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០១៦​ ហើយ​បាន​ចាប់​អ្នក​កាសែត​៤៧​នាក់​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​ភាគ​ច្រើន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ទាក់ទិន​នឹង​ភេរវកម្ម។ ​នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ពួក​សមាជិក​នៃ​អង្គការ​ការពារ​អ្នក​សារ​ព័ត៌មាន។​

លោក ​Oliver Money-Kyrle ​ជា​ប្រធាន​ផ្នែក​ការពារ​និង​កម្ម​វិធី​ក្នុង​ទ្វីបអឺរ៉ុប​នៃ​វិទ្យាស្ថាន​កាសែត​អន្តរជាតិ​ហៅ​កាត់​ថា​ IPI។​ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា​ «ឯករាជ្យ​ភាព​និង​សេចក្តី​ក្លាហាន​នៃ​ក្រុម​អ្នក​កាសែត​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​សេរីភាព​ពួក​គេ។​នៅ​ពេល​នេះ​ពួក​គេ​អាច​បាត់បង់​ជីវិត​ថែម​ទៀត​ផង»។​

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖

«ការ​បន្ត​ដាក់​គុកពួក​ជន​ទាំង​នេះ​ត​ទៅ​ទៀត​សឹងតែ​ប្រាកដ​ប្រជា​មិន​ឱ្យ​ពួក​គេ​ទទួល​ការ​ព្យាបាល​គ្រា​មាន​អាសន្ន​ឡើយ»។​

អង្គការ​ Amnesty International​ បាន​រាយ​ការណ៍​ថា​ គេ​រំពឹង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

ប្រទេស​ឯ​ទៀតៗ​ដែល​មាន​ករណី​អ្នក​ជំងឺ​កូរ៉ូណា​ហើយ​ដែល​នៅ​កន្លែង​ទាំង​នោះ​ ទិន្នន័យ​របស់​អង្គការ​គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន ​បង្ហាញ​ថា​ មាន​អ្នក​កាសែត​ច្រើន​នាក់​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​រួមមាន​ប្រទេស​ចិន​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីតនិង​ប្រទេស​អេហ្ស៊ីប។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​ដែល​មាន​រួមបញ្ចូល​ទាំង​វិទ្យាស្ថាន​ Tahir​ ខាង​គោល​នយោបាយ​មជ្ឈឹម​បូព៌ា​ផង​ដែរ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​នោះ​បញ្ជា​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​ពួក​អ្នក​ទោស​មិន​ឃោរ​ឃៅ​ ដោយ​មាន​រួម​បញ្ចូលទាំង​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ការ​ឃុំឃាំង​ពួក​គេ​ត​ទៅ​ទៀត​ មិន​បាន​ត្រូវ​បញ្ជាក់​ថា​ជា​ការ​ត្រឹមត្រូវ»។​

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ​

XS
SM
MD
LG