ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាជាលក្ខណៈឯកជនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីពិភាក្សាអំពីការកើនឡើងភាពតានតឹងក្នុងពេលថ្មីៗនេះ រវាងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ក្រោយពីការសម្រេចរបស់ឥណ្ឌាកាលពីថ្ងៃទី៥ ខែសីហា ក្នុងការដកឋានភាពពិសេសនៃតំបន់ Jammu និងតំបន់ Kashmir។
បន្ទាប់ពីមានការអំពាវនាវពីខាងភាគីប៉ាគីស្ថាន ប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានស្នើឲ្យមានជំនួបប្រជុំនេះ។
លោក Zhang Jun បេសកកជនពិសេសថ្មីរបស់រដ្ឋាភិបាលក្រុង ប៉េកាំង ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងក្រោយពីជំនួបនោះបានបញ្ចប់ថា ការសម្រេចរបស់ឥណ្ឌាបានផ្លាស់ប្ដូរស្ថានភាពនៅក្នុងតំបន់ Kashmir និងបានបង្កឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។
លោក Zhang Jun បានថ្លែងថា៖
«ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ និងប្រឆាំងនូវរាល់សកម្មភាពជាលក្ខណៈឯកតោភាគីណាមួយដែលអាចធ្វើឲ្យស្ថានភាពនេះកាន់តែស្មុគស្មាញ។ យើងអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់មានភាពអត់ធ្មត់ ធ្វើអ្វីមួយឲ្យប្រុងប្រយ័ត្ន និងជាពិសេសមិនត្រូវចាត់វិធានការណាដែលបង្កើនភាពតានតឹងកាន់តែខ្លាំងនោះទេ»។
ចិនក៏បានរិះគន់ឥណ្ឌាចំពោះការជំទាស់ប្រឆាំងនឹងផលប្រយោជន៍អធិបតេយ្យភាពរបស់រដ្ឋាភិបាលក្រុង ប៉េកាំង នៅដែលចិនកំពុងតែត្រួតត្រាតំបន់មួយនៅក្នុងតំបន់ Kashmir ដែលមានឈ្មោះថាតំបន់ Aksai Chin។
តំបន់ Kashmir បានក្លាយជាតំបន់ដែលផ្ទុះឡើងនូវអំពើឃោរឃៅអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ប្រទេសមហាអំណាចនុយក្លេអ៊ែរ ឥណ្ឌា និងប្រទេសប៉ាគីស្ថាន បានវាយប្រហារគ្នានៅក្នុងសង្គ្រាមមួយចំនួន ដោយសារតែជម្លោះដែនដី ចាប់តាំងពីប្រទេសទាំងពីរទទួលបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៩៤៧មក។
ប្រទេសឥណ្ឌាបានមើលឃើញបញ្ហានេះថាជាកិច្ចការផ្ទៃក្នុង ដែលគួរតែដោះស្រាយលក្ខណៈទ្វេភាគីជាមួយនឹងប៉ាគីស្ថាន។ ប៉ុន្តែបេសកកជនពិសេសរបស់ប៉ាគីស្ថាន លោកស្រី Maleeha Lodhi បានអះអាងថា នេះមិនមែនជាបញ្ហាផ្ទៃក្នុងនោះទេ។
លោកស្រី Maleeha Lodhi បានលើកឡើងថា៖
«ការពិតដែលថា ជំនួបនេះត្រូវបានធ្វើឡើង គឺជាការផ្ដល់សក្ខីកម្មទៅលើការពិតថា នេះគឺជាជម្លោះមួយដែលត្រូវបានអន្តរជាតិទទួលស្គាល់។ ថ្ងៃនេះ ពិភពលោកកំពុងតែពិភាក្សាគ្នាអំពីរដ្ឋដែលត្រូវបានកាន់កាប់ និងស្ថានភាពនៅទីនោះ»។
លោកស្រីបានមានប្រសាសន៍ថា ប៉ាគីស្ថានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយជម្លោះនេះដោយសន្ដិវិធី។
ចាប់តាំងពីដើមខែសីហាមក អាជ្ញាធរឥណ្ឌាបានកាត់ផ្ដាច់ប្រព័ន្ធទំនាក់ទំនងដូចជាទូរស័ព្ទនិងអ៊ីនធឺណិតនៅតំបន់ Kashmir បង្កើនកងកម្លាំងសន្ដិសុខ និងដាក់កម្រិតទៅលើការធ្វើចលនាដោយសេរីនានា។
ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Syed Akbaruddin បានទទួលស្គាល់ថា ការដាក់កម្រិតមួយចំនួនពិតជាមានមែន ប៉ុន្តែលោកបានថ្លែងថា ការដាក់កម្រិតទាំងនោះមានសារៈសំខាន់ក្នុងការបញ្ឈប់អ្វីដែលលោកបានហៅថា «ជាសកម្មភាពភេរវកម្ម» ប្រឆាំងនឹងប្រជាជន។
លោក Syed Akbaruddin បានថ្លែងថា៖
«ដោយគ្មានសណ្ដាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យមិនអាចអនុវត្តទៅបាននោះទេ។ ដូច្នេះហើយទើបមានការដាក់កម្រិតសមហេតុផលមួយចំនួន។ យើងទទួលស្គាល់ថា ការដាក់កម្រិតទាំងនេះពិតជាមានប្រាកដមែន។ យើងកំពុងតែធ្វើឲ្យស្ថានភាពប្រសើរឡើង»។
កាលពីខែ កុម្ភៈ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងម្នាក់នៅតំបន់ Kashmiri បានវាយប្រហារទៅលើក្បួនរថយន្តរបស់យោធាមួយ ដែលបានសម្លាប់កងកម្លាំងយោធាឥណ្ឌាអស់ជាង៤០នាក់។
ប្រទេសឥណ្ឌាបានបន្ទោសប្រទេសប៉ាគីស្ថានចំពោះការវាយប្រហារនេះ និងបានធ្វើការសងសឹកដោយការវាយប្រហារផ្លូវអាកាស ចំពោះអ្វីដែលឥណ្ឌាហៅថា ជាជំរំភេរវជននៅក្នុងប្រទេសប៉ាគីស្ថាន។
លោកឯកអគ្គរដ្ឋទូត Akbaruddin បានថ្លែងថា វាមានការចាំបាច់ណាស់សម្រាប់ប្រទេសប៉ាគីស្ថានក្នុងការ «បញ្ឈប់អំពើភេរវកម្មនិងចាប់ផ្ដើមចរចា» ជាមួយនឹងរដ្ឋាភិបាលក្រុង ញូវដេលី៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា