មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកខាងបញ្ហាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិនិយាយថា កងកម្លាំងយោធាចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត នៅក្នុងប្រទេសយេម៉ែន ហាក់ដូចជាជាអ្នកទទួលខុសត្រូវចំពោះចំនួនការវាយប្រហារទៅលើជនស៊ីវិល ដែល«មិនមានលក្ខណៈសមាមាត្រគ្នាសោះ» នៅក្នុងប្រទេសដែលហែកហួរដោយសារជម្លោះនោះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺព្រះអង្គម្ចាស់ Zeid Raad al-Hussein បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិកាលពីថ្ងៃអង្គារថា យុទ្ធនាការវាយប្រហារតាមកាំភ្លើងធំនិងតាមអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត ដែលបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំនេះ បានតម្រង់គោលដៅទៅរកតំបន់ជនស៊ីវិល ហើយឈានទៅដល់ការបំផ្លិចបំផ្លាញ មន្ទីរពេទ្យ និងសាលារៀនអស់មួយចំនួន។
ព្រះអង្គម្ចាស់ Zeid បានមានបន្ទូលពីរថ្ងៃក្រោយពីកិច្ចចរចាសន្តិភាពដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស្វីស បាននាំភាគីជម្លោះពីរឲ្យជួបគ្នា គឺក្រុមបះបោរនិកាយ Shi'ite ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងក្រុមចម្រុះអារ៉ាប់ ដែលគាំទ្រប្រធានាធិបតីយេម៉ែនគឺ លោកAbdu ការចរចានៅក្នុងប្រទេសស្វ៊ីសនោះ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយទេ ហើយត្រូវបានធ្វើឲ្យហ្មងសៅដោយសារភាគីទាំងពីរបានរំលោភទៅលើបទឈប់បាញ់គ្នាជាបណ្តោះអាសន្នម្តងហើយម្តងទៀត។
កិច្ចចរចាគ្នានោះ គ្រោងនឹងបន្តធ្វើ នៅពាក់កណ្តាលខែមករាឆ្នាំក្រោយទៀត។
ភាគីទាំងពីរបានវាយប្រយុទ្ធគ្នាតាំងពីខែមីនាមក ហើយទិន្នន័យរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាជនជាង៥៧០០នាក់ ភាគច្រើនជាជនស៊ីវិល បានស្លាប់ដោយសារជម្លោះនេះ៕