ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ គេ​ត្រូវការ​ចាំបាច់​នូវ​ច្រក​របៀង​​សម្រាប់​ជន​ស៊ីវិល​​និង​ជំនួយ​មនុស្សធម៌​​នៅ​អ៊ុយក្រែន


ស្ត្រី​ម្នាក់​ដែល​ពរ​កូនក្មេង​យំ​ក្រោយ​ពី​បាន​រត់​ភៀស​ខ្លួន​ពី​អ៊ុយក្រែន​និង​មក​ដល់​ច្រក​ព្រំដែន​នៅ​​ទី​ក្រុង Medyka ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។
ស្ត្រី​ម្នាក់​ដែល​ពរ​កូនក្មេង​យំ​ក្រោយ​ពី​បាន​រត់​ភៀស​ខ្លួន​ពី​អ៊ុយក្រែន​និង​មក​ដល់​ច្រក​ព្រំដែន​នៅ​​ទី​ក្រុង Medyka ប្រទេស​ប៉ូឡូញ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។

ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​លោក Martin Griffiths កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​អំពាវនាវឱ្យ​មាន​ការឆ្លងកាត់​ដោយ​សុវត្ថិភាពដល់​ជនស៊ីវិលដែល​កំពុង​ព្យាយាមរត់គេច​ពី​ប្រទេស​អ៊ុយក្រែន​និង​ស្នើ​ឱ្យមាន​ការផ្តល់​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់​ដល់​អ៊ុយក្រែន។

លោក​បាន​ប្រាប់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «គ្រប់​ភាគី​ទាំង​អស់ ត្រូវ​យក​ចិត្តទុកដាក់​លើ​ជនស៊ីវិល​និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ហើយ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​កិច្ចប្រត្តិបត្តិការ​យោធា​របស់​គេ។ ការណ៍​នេះ​រួម​មាន ការ​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ដោយ​សុវត្ថិភាពដល់​ជនស៊ីវិល​ដែល​ចាកចេញ​ដោយ​ស្ម័គ្រចិត្តពី​តំបន់​ដែល​មាន​អរិភាព​ទៅកាន់​ទីកន្លែង​ដែល​គេ​ត្រូវ​ទៅ។ គ្រប់ជន​ស៊ីវិល​ទាំង​អស់ បើ​ទោះ​បី​ជា​គេ​ចាកចេញ​ឬ​មិន​ចាកចេញ​ពី​ទីកន្លែង​ដែល​គេ​រស់​នៅ​ក៏ដោយ ក៏​គេ​ត្រូវទទួល​បាន​ការគោរព​និង​ការការពារ​ផង​ដែរ»។

កិច្ចប្រឹងប្រែង​ដើម្បី​ជម្លៀសពលរដ្ឋ​ប្រមាណ​២សែន​នាក់​ពី​ទីក្រុង Mariupol នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​បាន​ទទួល​បរាជ័យ​កាល​ពី​ថ្ងៃសៅរ៍​និង​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ហើយ​ភាគី​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ស្តីបន្ទោស​គ្នា​ទៅវិញ​ទៅ​មកលើ​បញ្ហា​នេះ។

មន្ត្រី​ប៉ូលិស​អ៊ុយក្រែន​មួយ​រូប​ជួយ​ពលរដ្ឋ​ដែល​ភៀសខ្លួន ខណៈ​គេ​ឮ​សំឡេង​គ្រាប់​ផ្លោង​នៅ​តំបន់ Irpin ជាយ​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។
មន្ត្រី​ប៉ូលិស​អ៊ុយក្រែន​មួយ​រូប​ជួយ​ពលរដ្ឋ​ដែល​ភៀសខ្លួន ខណៈ​គេ​ឮ​សំឡេង​គ្រាប់​ផ្លោង​នៅ​តំបន់ Irpin ជាយ​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២។

លោក Griffiths ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​ឆ្លងកាត់​ដោយ​សុវត្ថិភាពផង​ដែរ​ក្នុង​ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់តំបន់​ជម្លោះ​នានា។

លោក បាន​បន្ថែម​ទៀត​ថា៖ «ជន​ស៊ីវិលក្នុង​ទីកន្លែង​នានា​ដូច​ជា​ទីក្រុង Mariupol, Kharkiv, Melitopol និង​ទីកន្លែង​ផ្សេងៗ​ទៀត ត្រូវការជំនួយ​ចាំបាច់​នានា ជា​ពិសេស​បរិក្ខារ​ពេទ្យ​ដើម្បីសង្គ្រោះ​ជីវិត»។ លោកក៏​បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​គោរព​កាតព្វកិច្ច​របស់​គេក្រោម​ច្បាប់ស្តី​ពី​សង្គ្រាម។​

លោក​បន្ត​ទៀត​ថា៖ «យើង​ត្រូវការ​ជា​បន្ទាន់​នូវប្រព័ន្ធ​ទាក់ទង​ជា​ប្រចាំ​ជាមួយ​ភាគី​ដែល​មានជម្លោះ​ទាំង​អស់​និង​ការ​ធានា​ពី​លទ្ធភាព​នៃ​ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌។ ប្រព័ន្ធ​ប្រាប់ពីជំនួយ​មនុស្សធម៌ អាច​ជួយ​ដល់​ការ​ដឹកជញ្ជូនចំនួន​ជំនួយ​មនុស្សធម៌​ដែល​ត្រូវ​ការ​ចាំបាច់។

ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាតិ​លោក​ស្រី Linda Thomas-Greenfield បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្អាក​សកម្មភាព​អរិភាព​ដើម្បី​អនុញ្ញាតឱ្យ​ជនស៊ីវិលចាក​ចេញ​និងការ​ផ្តល់​ជំនួយ​មនុស្សធម៌។

លោកស្រី​បន្ត​ទៀត​ថា៖ «យើង​ត្រូវការ​នូវ​ការតាំងចិត្ត​ដ៏​ច្បាស់​លាស់ ម៉ឺងម៉ាត់ ជា​សាធារណៈ​ និង​មិន​ងាករេ​របស់​រុស្ស៊ី​ដើម្បី​សម្រួល​និង​អនុញ្ញាតឱ្យ​មាន​ការផ្តល់​ជំនួយ​មនុស្សធម៌​ជា​បន្ទាន់ដោយ​គ្មាន​ការ​បង្អាក់​រារាំង​ដល់​ក្រុម​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឡើយ។

បេសកជនរុស៊្សី បាន​អះ​អាង​ដោយ​គ្មាន​ភស្តុតាង​ថា ខាង​អាជ្ញាធរ​អ៊ុយក្រែន​នោះ​ទេ ជា​អ្នក​ដែល​មិន​អនុញ្ញាតឱ្យជន​ស៊ីវិល​ចាកចេញ​ពីទីប្រជុំជន​និង​ទីក្រុង​នានា​តាម​ច្រករបៀងមនុស្សធម៌​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG