ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

មិនមាន​ការបំបែកភាពទាល់ច្រក​ជា​ដុំកំភួន​នៅ​ក្នុង​ការចរចា​នៅ​ពេល​ថ្មី​ៗនេះ​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​ទេ


គណៈប្រតិភូ​មក​ពី​រុស្ស៊ី​(ស្ដាំ) និង​អ៊ុយក្រែន​ធ្វើ​ការចរចា​គ្នា​នៅ​ឧទ្យានជាតិ Belavezhskaya Pushcha ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​រវាង​ប្រទេស​ប៉ូឡូញ និង​បេឡារុស ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោក Mykhailo Podolyak ដែល​ជា​ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​ថា មាន​ការជឿនលឿន​តិចតួច​ត្រូវ​បាន​សម្រេច​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការជួបចរចា​ជុំ​ទី៣រវាង​អ្នក​ចរចា​អ៊ុយក្រែន​និង​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។

ការចរចា​បាន​ពិភាក្សា​គ្នា​អំពី​ការបង្កើត​ច្រក​របៀង​សុវត្ថិភាព​ដែល​នឹង​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​រត់គេច​ខ្លួន​ចេញពី​សង្គ្រាម ក៏ប៉ុន្តែ លោក Podolyak បាន​និយាយ​ថា មិន​មាន​ការបំបែក​ភាពទាល់ច្រក​ជា​ដុំកំភួន​ដែល​អាច​ជួយ​បញ្ចប់​ជម្លោះ​នោះ​ទេ។

លោក Podolyak បាន​និយាយ​ទៀត​ថា៖ «មាន​សញ្ញា​វិជ្ជមាន​តិចតួច​ខ្លះ​អំពី​ភស្តុភារ​នៃ​របៀង​មនុស្សធម៌»។ ក៏​ប៉ុន្តែ លោក​មិន​បាន​ផ្តល់​សេចក្តីលម្អិត​បន្ថែម​ទៀត​បន្ទាប់ពី​ការចរចា​នៅ​ក្នុង​ប្រទេស​បេឡារុស​ទេ។

រុស្ស៊ី​បាន​ប្រកាសនូវ​ការ​ឈប់បាញ់​គ្នា​មាន​កម្រិត​មួយទៀតកាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​ចាកចេញ​ពី​ទីក្រុង​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ខ្លះ បន្ទាប់ពី​ការខំប្រឹងប្រែង​ដើម្បី​បង្កើត​កន្លែង​ឆ្លងកាត់​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល​បាន​ទទួល​បរាជ័យ​កាលពី​ចុង​សប្តាហ៍​មុន។

ទោះ​បី​ជាយ៉ាង​ណាក៏ដោយ ក៏​មិន​មាន​ការ​បង្ហាញ​ណា​មួយកាលពី​យប់​ថ្ងៃ​ចន្ទ​ថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បញ្ឈប់​នោះ​ឡើយ។

អ្នក​ចរចា​រុស្ស៊ី​ម្នាក់បាន​និយាយ​ថា រុស្ស៊ី​រំពឹង​ថា​នឹង​មាន​ការចរចា​មួយ​លើក​ទៀត​ជាមួយ​អ៊ុយក្រែន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Leonid Slutsky ជា​អ្នក​ចរចា​រុស្ស៊ី បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ថា៖ «ការចរចា​លើក​ទី៤ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បេឡារុស​នៅ​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​នឹង​មិន​អាច​ប្រាប់​កាលបរិច្ឆេទ​ពិត​ប្រាកដ​ទេ។ វានឹង​ត្រូវ​កំណត់ ប្រហែល​ថ្ងៃស្អែក»។

ក្រុម​មន្ត្រី​អ៊ុយក្រែន​បាន​រិះគន់​ផ្លូវ​ជម្លៀស​ជនស៊ីវិល​ដែល​បាន​លើកឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ ដែល​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​អ៊ុយក្រែន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​និង​បេឡារុស​បាន ​ហើយ​ថា ជន​ស៊ីវិល​ដែល​រត់គេច​ខ្លួន​ចេញពី​តំបន់​មានសង្គ្រាម​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បាន​ទៅដល់​តំបន់​ភាគ​ខាង​លិច​អ៊ុយក្រែន​ ឬ​ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប។

ក្នុង​សារ​បង្ហោះ​តាម Twitter មុន​ការចរចា​នៅពេល​ថ្មី​ៗ​នេះ​បន្តិច លោក Podolyak បាន​ច្រាន ចោល​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ជន​ស៊ីវិល។

គណៈប្រតិភូ​អ៊ុយក្រែន​និង​រុស្ស៊ី បាន​ជួប​គ្នា​ចំនួន៣លើក​នៅ​ក្នុង​ប្រទេស​បេឡារុស​ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈកន្លងមក។

ក្នុង​រណសិរ្ស​ការទូត​វិញ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជំរុញ​ឲ្យ​រុស្ស៊ី​បញ្ចប់​ការវាយ​ប្រហារ​ទៅលើ​ជន​ស៊ីវិល។

លោក Blinken បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឡេតូនី​លោក Edgars Rinkevics នៅ​ក្នុង​រដ្ឋធានី​រីហ្គា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ស្បៀង​អាហារ​និង​ថ្នាំសង្កូវ​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន។ សូម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​កាន់​ទីមាន​សុវត្ថិភាព ហើយ​បញ្ចប់​សង្គ្រាមប្រឆាំង​នឹង​អ៊ុយក្រែន»។

ខណៈ​ពេល​ដែល​កំពុង​ស្ថិតនៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេសឡេតូនី លោក Blinken ក៏​បាន​ជួប​ជា មួយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក Yair Lapid ដែល​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា «អ៊ីស្រាអែល បាន​តាំងចិត្ត​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​បាន ​ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និងReuters

XS
SM
MD
LG