រុស្ស៊ីបានប្រាប់អ៊ុយក្រែនថា ខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ ប្រសិនបើរដ្ឋាភិបាលក្រុងកៀវគោរពតាមលក្ខខណ្ឌមួយចំនួន។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងដែលបាននិយាយកាលពីថ្ងៃចន្ទ និងត្រូវបានរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Dmitry Peskovកាលពីថ្ងៃចន្ទម្សិលមិញបានថ្លែងថា ក្រុងមូស្គូបានទាមទារឲ្យរដ្ឋាភិបាលក្រុងកៀវបញ្ឈប់សកម្មភាពយោធា កែប្រែរដ្ឋធម្មនុញ្ញដោយបញ្ចូលការចែងអំពីអព្យាក្រឹតភាព ទទួលស្គាល់តំបន់ Crimea ជាដែនដីរបស់រុស្ស៊ី និងទទួលស្គាល់សាធារណរដ្ឋ Donetsk និង Lugansk ដែលជាតំបន់ផ្តាច់ខ្លួន ថាជារដ្ឋឯករាជ្យ។
នេះជាសេចក្តីថ្លែងការណ៍ដែលមានចែងពីលក្ខខណ្ឌដ៏ច្បាស់លាស់បំផុត ដែលរុស្ស៊ីចង់ដាក់លើអ៊ុយក្រែន ដើម្បីបញ្ឈប់នូវអ្វីដែលរុស្ស៊ីហៅថាជា«ប្រតិបត្តិការយោធាពិសេស» ដែលបានឈានដល់ថ្ងៃទី១២ហើយនោះ។
លោក Peskovបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍តាមទូរសព្ទមួយថា អ៊ុយក្រែនបានដឹងពីលក្ខខណ្ឌទាំងនេះ ហើយពួកគេក៏បានដឹងដែរថា ប្រតិបត្តិការយោធានេះនឹងអាចបញ្ឈប់ភ្លាមៗបាន»។
នៅមិនទាន់មានប្រតិកម្មពីភាគីអ៊ុយក្រែននៅឡើយទេ។
រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនពីភាគខាងជើង ខាងកើត និងខាងត្បូង ដោយបំផ្លិចបំផ្លាញទីក្រុងជាច្រើន រួមទាំងទីក្រុងកៀវ ទីក្រុង Kharkiv និងកំពង់ផែ Mariupol ផងដែរ។ ការឈ្លានពានដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈមក បានបង្កឲ្យមានវិបត្តិជនភៀសខ្លួនអាក្រក់បំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក បង្កឲ្យមានការខឹងសម្បានៅទូទាំងពិភពលោក និងបណ្តាលឲ្យមានទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលក្រុងមូស្គូ។
ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានអះអាងថា រុស្ស៊ីគ្មានបំណងទាមទារយកដែនអធិបតេយ្យណាមួយពីអ៊ុយក្រែនទេ និងបាននិយាយទៀតថា វា«មិនមែនជាការពិតទេ» ដែលថាខ្លួនកំពុងដណ្តើមយកទីក្រុងកៀវនោះ។
លោក Peskovបាននិយាយក្នុងសម្តីដើមថា៖ «យើងពិតជាកំពុងបញ្ចប់ដំណើរការដកចេញរចនាសម្ព័ន្ធយោធាក្នុងប្រទេសអ៊ុយក្រែន។ យើងនឹងបញ្ចប់វា។ ប៉ុន្តែចំណុចសំខាន់គឺអ៊ុយក្រែនត្រូវបញ្ឈប់សកម្មភាពយោធារបស់ខ្លួន។ ពួកគេគួរតែបញ្ឈប់សកម្មភាពយោធារបស់ពួកគេ ហើយបន្ទាប់ពីនោះនឹងគ្មានការបាញ់ទៀតទេ»៕
ប្រែសម្រួលដោយ អ្នកស្រី ស៊ូ ពេជ្រចិន្តា