ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​សិទ្ធិ​មនុស្ស​អ.ស.ប ​ធ្វើ​ទស្សនកិច្ច​ប្រាំ​ថ្ងៃ​នៅ​កម្ពុជា


អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។
អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៤។
ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​លោកស្រី​ ហ្វ្លាវៀ ផាន់សៀរី​ (Flavia Pansieri) ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កំពុង​ស្ថិត​ក្រោម​ការ​រិះគន់​ជាច្រើន។

នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី​២៨​ខែ​មេសា​ដល់​ថ្ងៃទី​២​ខែឧសភា​លោកស្រី ​ផាន់សៀរី​ នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ និង ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​ធ្វើ ​ដើម្បី​ធ្វើឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​បាន​ប្រសើរ​ឡើង។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​ទីក្រុង​ហ្សឺណែវ។

លោកស្រី​ Bushra Rahman ​មន្ត្រី​ផ្នែកទំនាក់​ទំនង​នៃ​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាបញ្ជាក់​ថា​ លោកស្រី ​Flavia Pansieri ​បានមក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យប៉ុន្តែ​មិន​ទាន់​មាន​ជំនួប​ផ្លូវការ​នៅ​ឡើយ​ទេ។

«គាត់​មកដល់​ហើយ។​ ហើយ​យើង​មាន​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​នៅ​ម៉ោង​៩​ព្រឹក​នេះ»។

​មន្ត្រីអ្នក​នាំពាក្យ​ដដែល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិ​យាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​លោក​ស្រី​ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិនឹង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ រួមទាំង​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​ សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ហោ ​ណាំហុង ​ព្រមទាំង​ជាមួយ​តំណាង​សង្គម​ស៊ីវិល​ផងដែរ។

ភរិយា​លោក​ វន់ ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​យ៉ាង​ហិង្សា​កាលពី​ខែមករា​ គឺអ្នកស្រី​ ប្រាក់ សុវណ្ណារី​ ​ គ្រោង​នឹង​ស្នើ​សុំ​ជួប​លោកស្រី ​Flavia Pansieri ​ផងដែរ។ ​មនុស្ស​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ក្រោយ​មក​ពីរ​នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​ដោះ​លែង​មកវិញ​ឱ្យ​នៅ​ក្រៅ​ឃុំ។

«ខ្ញុំ​មាន​បំណង​ចង់​ទៅ​ជួប​គាត់​ដើម្បី​ជំរុញ​ឲ្យ​គាត់​ជំរុញ​ដល់​រដ្ឋា​ភិបាល​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​២៣​អ្នក​នោះ»។

ដោយឡែក​លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​និង​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​ជំទាស់​បាន​ស្នើ​សុំ​ជួប​មន្ត្រីជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​នោះ​ដែរ។

«សំខាន់​បំផុត​គឺ​និយាយ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទង​នឹង​ការជាប់​គាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ដំណោះស្រាយ ​អនុសាសន៍​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើងសម្រាប់​រក​ដំណោះ​ស្រាយ​រួម​ទាំង​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ការរំលោភ​សិទ្ធិ​ជួបជុំ ​សិទ្ធិ​ធ្វើ​បាតុកម្ម ​ដូចយើង​បាន​ឃើញ​ឲ្យតែមាន​បាតុកម្ម​និង​កូដកម្ម​គឺ​តែងតែ​មាន​ការ​បង្រ្កាប»។

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ឧត្តម​ស្នងការ​រង​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​ហ្វ្លាវៀ ផាន់សៀរី ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​កម្ពុជា​បាន​អូស​បន្លាយ​ចំនួន​ប្រាំបួន​ខែគត់​នៅថ្ងៃច័ន្ទ​នេះ ​ហើយ​ស្រប​ពេល​ដែល​មាន​អំពើ​ហិង្សា​ជាច្រើន​កើត​ឡើង​ក្រោយ​ពី​ការ​បោះឆ្នោត។

លោកស្រី​ឧត្តម​ស្នងការ​រងគ្រោង​នឹង​ទៅ​ទស្សនកិច្ច​ពន្ធនាគារ ​និង​មន្ទីរ​ឃុំ​ខ្លួន​ផ្សេង​នៅ​ប្រទេស​កម្ពុជា​និង​កន្លែង​តាំង​ទីលំនៅ​ថ្មី​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពីដីធ្លី​របស់​គេ​ផង​ដែរ។

គេជឿ​ថា​លោកស្រី Flavia Pansieri​ ទំនង​ជា​នឹង​និយាយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អំពី​សេរីភាព​បញ្ចេញ​មតិ​ ការ​បង្រ្កាប​បាតុកម្ម​ក្រុម​ប្រឆាំង​ ស្ថានភាព​នយោបាយ​ ដំណើរការ​ប្រជាធិបតេយ្យ​ ដំណើរការ​កាត់​ទោស​កម្មករ​ និង​មន្ត្រី​សហជីព​សរុប​២៣​នាក់ ​ការ​សួរ​នាំ​អំពី​សេចក្តី​ព្រាង​ច្បាប់​បី​ទាក់​ទង​នឹង​កំណែ​ទម្រង់​តុលាការ​ដែល​បញ្ជូន​ទៅ​សភា​និង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ។

​លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​អះអាង​ថា​លោក​មិន​មាន​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pansieri ​ទេ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG