ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ច្បាប់​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទៅ​ដល់​សភា​ដើម្បី​អនុម័ត

  • គង់ សុឋានរិទ្ធ

ទិដ្ឋភាព​​ទូទៅ​មួយ​​នៃ​សម័យ​ប្រជុំ​សភា​កម្ពុជា។
សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​សម្រាប់​កែទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋ​សភា​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ជូន​កិច្ច​ប្រជុំ​ពេញ​អង្គរបស់​រដ្ឋ​សភា​នៅ​ខែមិថុនា។

លោក ជាម យៀប ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថ ​ធនាគារ និង​សវនកម្ម​របស់​រដ្ឋ​សភា​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋ​សភា​បាន​ដាក់​ជូន​គណៈ​កម្មការ​និតិកម្ម​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ក្រោយ​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ប្រជុំ​រួច។

«ច្បាប់​ទាំង​បី​នេះ​គឺ​ដាក់​ចូល​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គរបស់​គណៈកម្មការ​អចិន្ត្រៃ​នៃ​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​ខាង​មុខ​នេះ​ដើម្បី​ឲ្យ​សម្តេច​ប្រធាន​រដ្ឋ​សភា​ប្រគល់​ជូន​ទៅ​គណៈ​កម្មការ​ជំនាញគឺ​គណៈ​កម្មការ​និតិកម្ម»។

លោក ជាម យៀប បញ្ជាក់​បន្ថែម​ថា គណៈ​កម្មការ​និតិកម្ម​ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអជ្ញា។ ក្រោយ​មក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះនឹង​អាច​ធ្វើ​ឡើង​នៅ​ខែ​មិថុនា។

លោក ជាម យៀប បញ្ជាក់​ថា រដ្ឋ​សភា​នឹង​ទទួល​យក​មតិ​យោបល់​ពី​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែលបង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ដើម្បី​ឲ្យ​តំណាងរដ្ឋា​ភិបាលស្រាយ​បំភ្លឺ។

សង្គម​ស៊ីវិល​ឲ្យដឹង​ថា​ច្បាប់​ទាំង​បី​នេះ​នៅ​ខ្វះ​ចន្លោះ​ច្រើន​និង​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាមុន​និងមិន​បាន​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​ចំហ​និង​បើក​ទូលាយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋ​សភាផ្អាក​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ខាង​លើ​ដោយ​រង់​ចាំ​ឲ្យ​មាន​សមាជិក​សភា​នៃគណបក្ស​ដែល​ជាប់​ឆ្នោត​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​អង្គុយ​ពិភាក្សារួម​គ្នា។ គណបក្ស​ជំទាស់​មិន​ព្រម​ចូល​ប្រជុំ​សភា​ដោយសារ​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​ដែល​ខ្លួន​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន។

លោក ឌុច ពិសិដ្ឋ អ្នក​សម្រប​សម្រួល​គម្រោង​សង្កេត​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មាន​ប្រសាសន៍​ថា មជ្ឈ​មណ្ឌល​របស់​លោក​កំពុង​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ឡើង​វិញ។​

«ក្រុម​ការងារ​របស់​យើង​កំពុង​ធ្វើ​ការ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ។ យើង​គ្រោង​នឹង​ផ្តល់​មតិ​យោបល់​ដល់​រដ្ឋសភា​មុន​ដំណាច់​ខែឧសភា»។

ដោយ​ឡែក​លោក សុខ សំអឿន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិកម្ពុជា​CDPក៏​គ្រោង​នឹង​ធ្វើ​ដូច​គ្នា​នេះដែរ។

«សង្គម​ស៊ីវិល​យើង​កំពុង​ជជែក​គ្នា។ ប្រហែល​ជា​ខ្ញុំ​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​ខ្លះ​ផ្ញើ​ជូន​សភា​ដើម្បី​ឲ្យ​គាត់​ពិចារណា»​។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ​រួម​មាន​៩១​មាត្រា​ចែកជា​ប្រាំបី​ជំពូក។ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​លើក​ពី​ការ​ធានា​អំពី​ឯករាជ្យភាព​របស់​តុលាការ​និង​ផ្តល់​យុត្តិធម៌​ដល់​រឿង​ក្តី​គ្រប់​ប្រភេទ។ រី​ឯ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​មាន​ប្រាំ​មួយ​ជំពូក​និង​៣១​មាត្រា។ សេចក្តីព្រាង​ច្បាប់​នេះ​ចែង​ថា ព្រះ​មហាក្សត្រ​គង់​ជា​ព្រះរាជាធិបតី​នៃ​ស្ថាប័ន​កំពូល​នេះ​និង​មាន​សមាជិក​ចំនួន​ប្រាំ​បួន​រូប។ សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ទាំង​អស់​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះរាជក្រិត្យ​និង​ត្រូវ​ស្នើ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។ និង​សេចក្តីព្រាង​ច្បាប់​ទី​៣​គឺសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​នៃ​ចៅ​ក្រម​និង​ព្រះ​រាជអជ្ញា មាន​១១១​មាត្រា​និង​ចែកចេញ​ជា​ប្រាំមួយ​ជំពូក។ មាត្រា​ទី​៦​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា ចៅ​ក្រម​ និង​ព្រះរាជ​អាជ្ញា​មិន​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ឬ​ផ្នែក​រដ្ឋ​ប្បវេណី​ណា​មួយ​ដោយសារ​ការ​សម្រេច​ក្នុង​ក្រប​ខណ្ឌ​នៃ​ការងារនិង​តួនាទី​របស់​ខ្លួន​នោះ​ទេ។ មាត្រា​ទី​៧​ចែង​ថា ចៅ​ក្រម​និង​ព្រះរាជអាជ្ញា​ទាំង​អស់​ត្រូវ​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌ​រដ្ឋ​បាល​កណ្តាល​នៃ​ក្រសួង​យុត្តិធម៌។

សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះដែល​សហគមន៍​អន្តរជាតិ​ទទូច​ជាច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​ឲ្យ​មាន​ឯករាជ្យ​ភាព​ត្រឹម​ត្រូវ។

ក៏​ប៉ុន្តែ​ប្រសិន​បើ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​រដ្ឋ​សភា​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងនេះ​នៅ​ខែមិថុនា មិន​មាន​ឯកភាព​ផ្នែក​នយោ​បាយ​ណា​មួយ​ទេ កិច្ច​ពិភាក្សា​និង​អនុម័ត​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្ខាង​តែ​ប៉ុណ្ណោះ។​

លោកយឹម សុវណ្ណ តំណាងរាស្ដ្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​ពហិកា​កិច្ច​ប្រជុំ​សភា ​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​មិន​មាន​លក្ខណៈ​ពេញ​លេញ​ទេ​ប្រសិន​បើ​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​មិន​ចូល​រូម។

«ដោយសារ​មាន​វិបត្តិ​នយោបាយ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា សភា​បក្ស​តែ​មួយ​មិន​ទាន់​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ការ​បង្កើត​រដ្ឋា​ភិបាល​ក៏​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ដូច្នេះ​សេចក្តី​ព្រាង​ច្បាប់​ចាត់​ទុក​ថា មិន​មាន​លក្ខណៈ​ច្បាប់​គ្រប់​ជ្រុង​ជ្រោយ​ទេ។ ច្បាប់​ដ៏​សំខាន់​បែប​នេះ​បើ​គណបក្ស​ប្រជាជន​អនុម័ត​តែ​ម្នាក់​ឯង​មិន​ខុស​ពី​ច្បាប់​ដែល​មាន​កន្លង​មក​ទេ​គឺ​យក​មក​អនុម័ត​ដោយ​មិន​មាន​ប្រសិទ្ធិ​ភាព​បាន​ទេ»។

​ក្រុម​មន្ត្រី​នយោបាយ​រំពឹង​ថា កិច្ច​សម្រប​សម្រួល​នយោបាយ​ទំនង​ជា​អាច​កើត​មាន​ឡើងវិញ​ក្រោយ​ពី​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំងពីរ​បក្ស​វិល​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ។ មេដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ហើយ​គ្រោង​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ចុង​សប្តាហ៍​នេះ​និង​នៅ​សប្តាហ៍​ក្រោយ៕
XS
SM
MD
LG