ក្រុមអ្នកជំនាញសេដ្ឋកិច្ចអ.ស.ប.ព្រមានថា កត្តាខាងភូមិសាស្ត្រនយោបាយ ដូចជាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននិងការរាតត្បាតនៃជំងឺ អ៊ីបូឡា (Ebola) នៅក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកជាដើមអាចធ្វើឲ្យមានបញ្ហាដល់សេដ្ឋកិច្ចសាកល ដែលបានបង្ហាញសញ្ញានៃភាពល្អប្រសើរជាងមុនគួរសម។ របាយការណ៍ថ្មីមួយរបស់អ.ស.ប.មានចំណងជើងថា «ស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងសេចក្តីសង្ឃឹមសម្រាប់ឆ្នាំ២០១៥»ទស្សន៍ទាយថា នៅឆ្នាំនេះសេដ្ឋកិច្ចសាកលនឹងមានកំណើន៣,១ភាគរយ និង៣,៣ភាគរយក្នុងឆ្នាំ២០១៦។
សេដ្ឋកិច្ចសាកលមានកំណើន ក៏ប៉ុន្តែសេចក្តីរាយការណ៍របស់អ.ស.ប.ព្រមានថា ភាពមិនទៀងទាត់ជាច្រើនអាចប្រែក្រទ្បះនិន្នាការវិជ្ជមាននេះបាន។
របាយការណ៍កត់សម្គាល់ថា សេដ្ឋកិច្ចសាកលបានរីកចម្រើនក្នុងឆ្នាំ២០១៤តាមល្បឿនគួរសម។សេចក្តីរាយការណ៍បានបន្តថា ការលូតលាស់ពាណិជ្ជកម្មមានការរីកចម្រើនគួរសមចំនួន៤,៧ភាគរយនៅឆ្នាំនេះ។ របាយការណ៍បានចែងថា គេរំពឹងថា ប្រាក់ដុល្លារអាមេរិកាំងនឹងនៅតែមាននិន្នាការគ្របដណ្តប់លើផ្សារប្តូរប្រាក់បរទេសតទៅមុខទៀត។
សេចក្តីរាយការណ៍នេះក៏បានរកឃើញថា ការរើបទ្បើងវិញខាងសេដ្ឋកិច្ចកាលពីឆ្នាំទៅមិញមានភាពខុសគ្នាច្រើនក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ ស.រ.អា.បាននាំមុខគេក្នុងការរើបទ្បើងវិញនៃសេដ្ឋកិច្ចនេះ ដោយមានអត្រាកំណើនប្រចាំឆ្នាំលើសពី២ភាគរយក្នុងឆ្នាំ២០១៤ ចំណែកឯស្ថានភាពសេដ្ឋកិច្ចនៅក្នុងទ្វីបអឺរ៉ុបមានភាពមិនទៀង ជាពិសេសនៅក្នុងតំបន់ប្រើប្រាក់អឺរ៉ូ។
របាយការណ៍នេះរបស់អ.ស.ប.បាននិយាយថា ប្រទេសជប៉ុនមានកំណើនសេដ្ឋកិច្ចមិនច្រើនទេនៅឆ្នាំនេះ ពីព្រោះជំនួយផ្នែកសារពើពន្ធនិងការបន្ធូរបន្ថយខាងប្រាក់កាសមានភាពទន់ខ្សោយ ចាប់តាំងពីឆ្នាំ២០១៣មក។
លោក Alfredo Calcagno អ្នកជំនាញសេដ្ឋកិច្ចនៅសន្និសីទអ.ស.ប.ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ និយាយថា កម្មវិធីចាយវាយត្បិតត្បៀតរារាំងការរើបទ្បើងវិញនៃសេដ្ឋកិច្ច ក៏ប៉ុន្តែអ្វីដែលលោកហៅថាឱសថនៃការត្បិតត្បៀតខាងសារពើពន្ធបានក្លាយជាប្រយោជន៍មួយសម្រាប់សេដ្ឋកិច្ចក្នុងប្រទេសខ្លះ។
«តើជាការមានសុទិដ្ឋិនិយមខ្លាំងពេកឬទេ ដែលនិយាយថា ឱសថនេះមានប្រសិទ្ធភាពតិចជាងមុននោះ? វាមិនមានន័យ ក្នុងន័យថា ការណ៍នេះបានកើតមានរួចស្រេចទៅហើយទេ។ តែវាមានន័យថា យើងត្រូវការឲ្យមានការលើកកម្លាំងខាងសារពើពន្ធថែមទៀត ជាជាងការបន្ទាបការត្បិតត្បៀតខាងសារពើពន្ធ។ ហើយប្រទេសក្រិក ដែលអ្នកស្រីបាននិយាយយោងនោះគឺជាឧទាហរណ៍មួយ។ លោកអ្នកមិនអាចដោះស្រាយវិបត្តិជំពាក់បំណុលដោយគ្មានកំណើនសេដ្ឋកិច្ចទេ»។
សេចក្តីរាយការណ៍ក៏បានលើកឡើងថា នៅក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍ សន្ទុះនៃការលូតលាស់ទូទៅនៅក្នុងទ្វីបអាហ្វ្រិកនឹងមានតទៅទៀត ដោយគេរំពឹងថា កំណើននៃផលិតផលសរុបក្នុងប្រទេសនឹងទ្បើងដល់៤,៦ភាគរយក្នុងឆ្នាំ២០១៥ និង៤,៩ភាគរយក្នុងឆ្នាំ២០១៦។
លោក Calcagno និយាយថា ដោយសារមានការធ្លាក់ចុះតម្លៃប្រេង បណ្តាប្រទេសផលិតប្រេងក្នុងប៉ែកខាងជើងនៃទ្វីបអាហ្វ្រិក មានស្ថានភាពសេដ្ឋកិច្ចមិនសូវល្អដូចបណ្តាប្រទេសនៅប៉ែកខាងកើតនៃទ្វីបអាហ្វ្រិក ដូចជាប្រទេសអេត្យូពី កេនយ៉ា និងអ៊ូហ្កាន់ដាទេ។
«នៅក្នុងប្រទេសទាំងនេះ អ្វីដែលលោកអ្នកមានគឺវិនិយោគក្នុងវិស័យឯទៀតៗដូចជាទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកអ្នកមានប្រជាជនថ្នាក់កណ្តាលដែលមានប្រាក់ចំណូលច្រើនជាងមុន ហើយដែលមានសេចក្តីត្រូវការច្រើនជាងមុនដែរ»។
របាយការណ៍និយាយថា ផ្នែកខាងកើតនៃទ្វីបអាហ្វ្រិកនឹងនៅតែជាតំបន់ដែលមានកំណើនច្រើនជាងគេបំផុត ដោយមានការរីកចម្រើនជាង៦ភាគរយ។
លោក Jose Palacin មន្ត្រីជាន់ខ្ពស់ខាងកិច្ចការសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចរបស់អ.ស.ប.សម្រាប់អឺរ៉ុប និយាយថា សេដ្ឋកិច្ចអឺរ៉ុបមានការរើបទ្បើងវិញគួរសមតទៅទៀត ក៏ប៉ុន្តែលោកបានព្រមានថា ភាពតានតឹងនៅអ៊ុយក្រែននិងគ្រោះថ្នាក់ឯទៀតៗ អាចធ្វើឲ្យអឺរ៉ុបធ្លាក់ទៅក្នុងដំណើរការសេដ្ឋកិច្ចមិនទៅមុខ។
«នៅក្នុងប្រទេសរុស្ស៊ី ការបណ្តាក់ទុនបានចុះថយដោយសារកំណើនសោហ៊ុយនៃការផ្តល់ប្រាក់កាសនិងភាពមិនទៀងទាត់ទាក់ទងជាមួយការដាក់ទណ្ឌកម្មរបស់បស្ចឹមប្រទេស។ នៅក្នុងប្រទេសអ៊ុយក្រែន ផលិតផលសរុបក្នុងប្រទេសក៏បានចុះថយច្រើនដែរ ពីព្រោះជម្លោះនៅក្នុងប៉ែកអាគ្នេយ៍ប្រទេសមានផលប៉ះពាល់លើសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឧស្សាហកម្មក្រុង Donetsk និង Luhansk ហើយបានធ្វើឱ្យវិនិយោគចុះថយ»។
របាយការណ៍នេះនិយាយថា សេចក្តីរំពឹងថា សេដ្ឋកិច្ចនៅក្នុងអតីតរដ្ឋនៃ សហភាពសូវៀតមានភាពខ្សោយ ដោយគេរំពឹងថា មានកំណើនសេដ្ឋកិច្ចទេនៅក្នុងប្រទេសនោះ។
សេចក្តីរាយការណ៍នេះចែងថា វិបត្តិនៅក្នុងប្រទេសអ៊ីរ៉ាក់ លីប៊ី និងស៊ីរីកំពុងបង្អាក់ការអភិវឌ្ឍខាងសេដ្ឋកិច្ច និងខាងធនធានមនុស្ស ដែលជាប្រភពធំៗនៅសេសសល់ពីភាពមិនទៀងទាត់នៅក្នុងតំបន់នោះ៕
ប្រែសម្រួលដោយ៖ ឈឹម សុមេធ