ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទូច​ឲ្យ​កម្ពុជា​ពង្រឹង​នយោបាយ​ថាមពល

  • ហេង រស្មី

បុគ្គលិក​​​ក្រុម​ហ៊ុន​​ទូរគមនាគមន៍​​​​កំពុង​​ព្យាយាម​​​ពិនិត្យ​ខ្សែ​​អគ្គិសនី​ និង​​បណ្តាញ​ទូរស័ព្ទ​នៅ​​បង្គោល​​ភ្លើង​នៅ​ភ្នំពេញ​​

ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​របាយ​ការណ៍​រួម​គ្នា​មួយ​ដោយ​បាន​ទទូច​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើត​ឱកាស​វិនិយោគថ្មី​ ​តាម​រយៈការ​លើក​កម្ពស់​ដល់​ភាព​ជឿ​ជាក់​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ ចាយ​វាយ​ធនធាន​ហិរញ្ញវត្ថុ​មាន​លក្ខណៈផ្លូវ​ការ​ និង​ការ​កសាង​ពលករ​ជំនាញ។​

លោក​អាឡាសាន សូ​ ប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា ​មាន​ប្រសាសន៍តាម​រយៈអ្នក​បក​ប្រែ​ថា ​ជា​ការណ៍​ពិត​ណាស់​ បរិយាកាស​នៃ​ការ​វិនិយោគទុនដ៏​សម​ស្រប​មួយ​គឺ​មាន​វិសាល​ភាព​ទៅ​លើ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​បង្កើត​ឲ្យមាន​ការ​វិវឌ្ឍសេដ្ឋ​កិច្ចដ៏​មាន​និរន្តរភាព ​ជាពិសេស​ការ​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​និង​វិស័យ​ឯកជន។​

លោក​មាន​ប្រសាសន៍ថា​ នៅ​ពេល​វិស័យ​ឯក​ជន​មាន​ការ​រីក​ចម្រើន គេ​បាន​ពង្រីក​នូវ​ចំណេះ​ដឹង​ក៏​ដូច​ជា​បច្ចេក​វិជ្ជា​ ក៏​ដូច​ជា​ញ៉ាំង​ឲ្យមនុស្ស​ជា​ច្រើន​មាន​គំនិត​ច្នៃ​ប្រឌិត​បង្កើត​ផលិត​ផល​ថ្មី​នាំ​ចូល​ក្នុង​ទីផ្សារ​ហើយ​និង​បង្កើត​នូវ​វិស័យ​ចំណេះ​ដឹង​ទាំង​នោះ។​

លោក​និយាយ​ថា៖​ «សេដ្ឋ​កិច្ច​កម្ពុជា​គឺ​កំពុង​តែ​ធ្វើ​ពិពិត​កម្ម​ឆ្ពោះ​ទៅ​រក​វិស័យ​នៃ​ផលិត​ផល​ថ្មី​មួយ​ ហើយ​ក៏​បាន​ទាក់​ទាញ​នូវ​វិនិយោគទុន​ថ្មីៗបន្ថែម​ទៀត​ផង​ដែរ»។​

យោង​តាម​របាយ​ការណ៍​វាយ​តម្លៃ​វិនិយោគ​ឆ្នាំ​២០១៤​របស់​ធនាគារ​ពិភព​លោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះបាន​បង្ហាញ​ថា​ ការ​ផ្គត់​ផ្គង់​អគ្គិសនី​ ការ​ចាយ​វាយ​ធនធាន​ហិរញ្ញ​វត្ថុ​ និង​បញ្ហាកសាង​ពលករ​ជំនាញ​បាន​បង្ក​នូវ​ការ​លំបាក​ធ្ងន់ធ្ងរ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​ទុន​ថ្មីៗ។​

អគ្គិសនី​នៅ​កម្ពុជា​មិន​គ្រាន់​តែ​មាន​តម្លៃ​ថ្លៃ​ជាងតម្លៃ​អគ្គិសនី​នៅ​បណ្តា​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្គត់​ផ្គង់​មិន​បាន​ជាប់​លាប់​ទៀត​ផង​ជា​ពិសេស​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស។​ ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅ​តែ​មើល​ឃើញ​ថា​ ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ជា​កត្តា​រារាំង​ដ៏​ធំ​មួយ​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ក៏​ដូច​ជាពល​ករ​ជំនាញ​ផង​ដែរ។​

លោក​អេរិក​ ស៊ីដវិក​ នាយក​ធានាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជានិយាយ​ថា​ ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​កសិដ្ឋាន​តូចៗ​មិន​មែន​ជា​កសិដ្ឋាន​បែប​ពាណិជ្ជ​កម្ម​ឡើយ។​ ​ហេតុ​ដូច​នេះ​ វា​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ​ ដោយ​សារ​តែ​ភាគ​ច្រើននៃពលរដ្ឋ​កម្ពុជា​មាន​កសិករ​ប្រមាណ​ពី​៨០​ទៅ​៩០​ភាគ​រយ​គាត់​ធ្វើ​កសិកម្ម​ដោយ​ផ្អែក​លើ​គំនិត​យល់​ដឹង​ពី​បុរាណ​របស់​គាត់​តែ​ប៉ុណ្ណោះ​ មិន​ទាន់​មាន​គំនិត​ក្នុង​ការ​ឈាន​ដល់​ការ​ពង្រីក​ការ​ធ្វើ​កសិកម្ម​ឲ្យក្លាយ​ទៅ​ជា​កសិពាណិជ្ជ​កម្ម​នោះ​ទេ។​

លោក​និយាយ​ថា៖​ «អ្វី​ដែល​ជា​ចំណុច​សំខាន់​គឺ​ថា​ កសិដ្ឋាន​របស់​ពួក​គាត់​មាន​ទំហំ​តូចៗ​នៅ​ឡើយ»។​

លោក​សុខ​ ចិន្តា​ ប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ មាន​ប្រសាសន៍ក្នុង​ពិធី​ការ​វាយ​តម្លៃ​វិនិយោគ​នៅ​កម្ពុជា​នេះ​ថា​ មាន​ពេល​ខ្លះ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​រក​ឃើញ​លទ្ធផល​មួយ​ចំនួន​ ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​ការ​អនុវត្តជាក់​ស្តែង​របស់​រដ្ឋាភិបាលទេ។​

លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​ការ​គិត​ជា​ច្រើន​ទាក់​ទិន​នឹង​ការ​ធ្វើ​សមាហរណ​កម្ម​ប្រភេទ​ទាំង​នេះ ​ហើយ​យើង​កំពុង​រៀប​ចំ​គោល​នយោបាយ​បទដ្ឋាន​ឧស្សាហ​កម្ម។​ លោក​បញ្ជាក់​ថា​ ក្នុង​នាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​យ៉ាង​ហោច​ណាស់​ក៏មាន​ការ​ប្រជុំ​១០​ដង​និង​មាន​ឯក​សារ​ជា​ច្រើន​ដ៏​សំខាន់​ដើម្បី​ដាក់​ស្នើ​ទៅ​ខុទ្ទកាល័យ​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​អនុម័ត៕

XS
SM
MD
LG