អ.ស.ប.បានបញ្ចេញប្រាក់១២លានដុល្លារសម្រាប់ការជួយសង្គ្រោះគ្រាមានអាសន្នដល់ពួកជនងាយរងគ្រោះបំផុតក្នុងចំណោមក្រុមជនដែលបានរត់គេចខ្លួនចេញពីអំពើហិង្សាក្នុងប្រទេសភូមា។
លោក Mark Lowcock អគ្គលេខាធិការរងអ.ស.ប.សម្រាប់កិច្ចការមនុស្សធម៌និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះគ្រាមានអាសន្នបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា៖ «យើងត្រូវការម្ហូបអាហារ, ទឹក, កន្លែងអនាម័យ, ជំនួយខាងវេជ្ជសាស្ត្រនិងការគាំទ្រឯទៀតៗថែមទៀតដល់ក្រុមជនភៀសខ្លួនទាំងនេះ»។
លោក Lowcock បាននិយាយបន្ថែមថា៖ «ប្រជារាស្ត្របង់ក្លាដែស បានផ្តល់ការស្វាគមន៍ដ៏សប្បុរស ក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅក្នុងជំរំមានភាពអាក្រក់។ បើគ្មានជំនួយអន្តរជាតិថែមទៀតទេ ពួកជនភៀសខ្លួនទាំងនេះដែលបានរងទុក្ខវេទនាខ្លាំងស្រាប់ហើយនោះ អាចប្រឈមនឹងមហន្តរាយខាងសុខភាពពីលើសោកនាដកម្មដែលកំពុងមាន»។
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង៥សែននាក់បានរត់គេចខ្លួនពីផ្ទះសម្បែងពួកគេនៅក្នុងប្រទេសភូមា ចាប់តាំងពីចុងខែសីហាមក ហើយលោក Lowcock បានមានប្រសាសន៍ថា ដំណោះស្រាយវិបត្តិនេះអាស្រ័យទៅលើប្រទេសភូមា។
លោកបានគូសបញ្ជាក់ថា ត្រូវមានចំណាត់ការថែមទៀតសម្រាប់លំហូរពួកជនភៀសខ្លួនដែលនៅតែចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសក្រីក្រស្រាប់ហើយនោះ៕