ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បង់ក្លាដែស​ដាក់​កំហិត​ចំពោះ​លំហូរ​ចូល​របស់​ជន​ភៀស​ខ្លួន Rohingya


ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ជ្រក​ភ្លៀង​ក្នុងជំរំ​ Cox's Bazar ប្រទេស​បង់ក្លាដែសកាលពីថ្ងៃទី​១៧ កញ្ញា ២០១៧។
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​​ជ្រក​ភ្លៀង​ក្នុងជំរំ​ Cox's Bazar ប្រទេស​បង់ក្លាដែសកាលពីថ្ងៃទី​១៧ កញ្ញា ២០១៧។

នៅ​ថ្ងៃ​អាទិត្យ​នេះ អាជ្ញាធរ​បង់ក្លាដែស​បាន​ចាត់​វិធានការ​ដាក់​កំហិត​ចំពោះ​លំហូរ​របស់​ជន​ភៀស​ខ្លួន Rohingya កាន់​សាសនា​ឥស្លាម ដែល​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចូល​មក​ក្នុង​ជំរំ​នានា​នៅ​តាម​ព្រំដែន​ដែល​ណែន​តាន់តាប់​រួច​ទៅ​ហើយ និង​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នានា​ដល់​កុមារ Rohingya រាប់​ម៉ឺន​នាក់។

ប្រទេស​បង់ក្លាដែស​បាន​ទទួល​ជន​ភៀស​ខ្លួន Rohingya ជាង ៤ សែន​នាក់ ដែល​ជន​ទាំង​នោះ​បាន​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​រយៈពេល ៣ សប្ដាហ៍​ចុង​ក្រោយ​នេះ ស្រប​ពេល​មាន​វិបត្តិ​កើត​ឡើង ដែល​វិបត្តិ​នោះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ហៅ​ថា​ជា​ការ​បោស​សម្អាត​ជាតិ​សាសន៍។

នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី Sheikh Hasina ដែល​រិះគន់​ខ្លាំងៗ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចំពោះ​អំពើ​ឃោរឃៅ​ទាំង​នេះ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរំ​នានា​នៅ​តាម​ព្រំដែន​កាល​ពី​សប្ដាហ៍​មុន បាន​ចាកចេញ​ពី​រដ្ឋធានី Dhaka ដើម្បី​ចូលរួម​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក។

លោក Abdus Salam ប្រធាន​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​រដ្ឋ​ប្រចាំ​សង្កាត់ Bazar នៃ​ទីក្រុង Cox របស់​ប្រទេស​បង់ក្លាដែស បាន​និយាយ​ថា កុមារ Rohingya ប្រហែល ១ សែន ៥ ម៉ឺន​នាក់ នឹង​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​អំឡុង​ពេល ៧ ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ការពារ​ពី​ជំងឺ​កញ្ជ្រឹល ជំងឺ​ស្អូច និង​ជំងឺ​ស្វិត​ដៃ​ជើង។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មាន​កុមារ Rohingya ប្រមាណ ២ សែន ៤ ម៉ឺន​នាក់ កំពុង​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​ជាទី​បំផុត។

ជំរំ​ពីរ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​កម្រិត​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន Rohingya ហើយ។ ចំណែក​ឯ​ជន​ភៀស​ខ្លួន Rohingya ដែល​ទើប​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​បង់ក្លាដែស បាន​ស្នាក់នៅ​តាម​សាលារៀន កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ដ៏​ណែន​ណាន់​តាន់តាប់​នានា ដែល​គ្មាន​បង្គន់​ប្រើប្រាស់​នៅ​តាម​ដង​ផ្លូវ និង​នៅ​តាម​ទី​វាល​ផ្សេងៗ៕

XS
SM
MD
LG