លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Penceបាននិយាយខ្លាំងៗស្តីពីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ានម៉ា ដោយបានថ្កោលទោសអ្វីដែលលោកអនុប្រធានាធិបតីបានហៅថា លំហូរជាប្រវត្តិសាស្រ្តនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេសភូមាទៅកាន់ប្រទេសបង់ក្លាដែសក្នុងការប្រឈមការវាយប្រហារហិង្សា។
ថ្លែងនៅឯសន្និសីទរបស់ក្រុមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ លោកអនុប្រធានាធិបតី Pence បានមានប្រសាសន៍ថា ពិភពលោកកំពុងឃើញផ្ទាល់នឹងភ្នែកនូវសោកនាដកម្មដ៏ធំមួយដែលកំពុងលាតត្រដាងនៅក្នុងប្រទេសមួយតំបន់អាស៊ីអាគ្នេយ៍ដែលគេស្គាល់ថា ភូមា។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងនៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិថា «កាលពីពេលថ្មីៗនេះ កងកម្លាំងសន្តិសុខភូមាបានឆ្លើយតបទៅនឹងការវាយប្រហាររបស់ជនសកម្មប្រយុទ្ធទៅលើប៉ុស្តិ៍យាមល្បាតរបស់ រដ្ឋាភិបាលដោយសាហាវព្រៃផ្សៃ ដុតភូមិ បង្ខំឲ្យជនជាតិភាគរ៉ូហ៊ីងយ៉ាចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ រូបភាពនៃអំពើហិង្សាហើយនិងជនរង្គ្រោះបានធ្វើឲ្យរន្ធត់ដល់ពលរដ្ឋអាមេរិកាំង ហើយនឹងមនុស្សនៅទូទាំងពិភពលោក»។
ក្នុងរយៈពេលជាងមួយខែនេះ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង៤សែននាក់ បានរត់គេចចេញពីប្រទេសមីយ៉ានម៉ាដែលនៅទីនោះពួកគេប្រឈមការរំលោភសិទ្ធិមនុស្សនិងការរើសអើង។ លោកអនុប្រធានាធិបតីសហ រដ្ឋអាមេរិកបានមានប្រសាសន៍ទៀតថា មនុស្សរាប់ម៉ឺននាក់ដែលបានគេចខ្លួនជាកូនក្មេង។
ពួកជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានវាយប្រហារទៅលើកងកម្លាំងសន្តិសុខភូមាកាលពីចុងខែសីហា។ ចាប់តាំងពីពេលនោះមក ពួកអ្នកវិភាគនិងបុគ្គលិកសិទ្ធិមនុស្សនិយាយថា យោធាភូមាបានធ្វើការបង្ក្រាបដ៏ព្រៃផ្សៃដែលបានដុតភូមិទាំងមូលហើយនឹងសម្លាប់ស្រ្តីនិងកូនក្មេងដែលរត់គេចខ្លួន៕