ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ហ្ស៊ីមបាវ៉េ​លើ​ក្រុម​អ្នក​តវ៉ា​ថា «មិន​អាច​អត់ឱន​ឲ្យ​បាន»


រូបឯកសារ៖ ប៉ូលិសបង្រ្កាបបាតុកម្មចាប់ខ្លួនក្រុមបាតុករអំឡុងពេលបាតុកម្មមួយនៅក្រុងហារ៉ារ៉េ កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ប៉ូលិសបង្រ្កាបបាតុកម្មចាប់ខ្លួនក្រុមបាតុករអំឡុងពេលបាតុកម្មមួយនៅក្រុងហារ៉ារ៉េ កាលពីថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmerson Mnangagwa បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​អ្នក​ណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​មនុស្ស ដែល​ធ្វើ​ឲ្យ​សកម្មជន​ជា​ច្រើន​រង​របួស បន្ទាប់ពី​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ។

នៅ​ក្នុង​ការ​ថ្លែង​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុងហារ៉ារេ ប្រទេស​ហ្ស៊ីមបាវ៉េ លោក Bishow Parajuli អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា កន្លង​ទៅ​នេះ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ថា គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​រារាំង​សិទ្ធិ​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​រឿង​សេដ្ឋកិច្ច​អន់ថយ។ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង និង​ពួក​សកម្មជន​ចំពោះ​ការ​តវ៉ា​រឿង​សេដ្ឋកិច្ច​អន់ថយ​នេះ។

លោក Parajuli បញ្ជាក់​ដូច្នេះ​ថា៖ «រដ្ឋធម្មនុញ្ញ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី។ ខ្ញុំ​ចង់​និយាយ​ថា គ្រប់​រូបភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាំង​អស់​មិន​គួរ​ត្រូវ​បាន​គំរាមកំហែង​ដោយ​មធ្យោបាយ​ហិង្សា​នោះ​ទេ។ ជា​ការ​ពិត ការ​ធ្វើ​ដូច្នេះ​គឺ​មាន​តែ​ផ្ដល់​រូបភាព​អវិជ្ជមាន​ចំពោះ​ប្រទេស​ហ្ស៊ីមបាវ៉េ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ឃើញ​ថា ប្រជាពលរដ្ឋ​ហ្ស៊ីមបាវ៉េ​គឺ​ជា​អ្នក​ស្រឡាញ់​សន្តិភាព និង​ជា​អ្នក​មាន​ចិត្ត​អត់ធ្មត់។ ប៉ុន្តែ សម្រាប់​ក្រុម​មនុស្ស​ពាក់​ម៉ាស​មុខ និង​វាយ​ដំ​គេ​វិញ គឺ​យើង​ពិតជា​មិន​អាច​អត់ឱន​ឲ្យ​បាន​នោះ​ទេ។ នេះ​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​នោះ​ឡើយ‍»។

រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Emmerson Mnangagwa បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ថា​តើ​អ្នក​ណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​មនុស្ស ដែល​ធ្វើ​ឲ្យ​សកម្មជន​ជា​ច្រើន​រង​របួស បន្ទាប់ពី​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Tatenda Mombeyarara មេដឹកនាំ​ក្រុម​សកម្មជន Citizens Manifesto កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្នុង​ទីក្រុង Harare បន្ទាប់ពី​លោក​ត្រូវ​បាន​ក្រុម​បុរស​ប្រដាប់​អាវុធ​ប្រហែល ១០ នាក់ ចាប់​ខ្លួន​យក​ទៅ។ លោក​នៅតែ​ទទូច​អះអាង​ថា អ្នក​ដែល​ចាប់​ខ្លួន​លោក ធ្វើ​ឲ្យ​លោក​របួស ដាក់​ទារុណកម្ម​លោក និង​ទុក​លោក​ចោល​ឲ្យ​ស្លាប់​គឺ​ជា​កង​កម្លាំង​សន្តិសុខ។

លោក​និយាយ​ដូច្នេះ​ថា៖ «ក្រុម​មនុស្ស​ដែល​វាយ​ប្រហារ​លើ​រូប​ខ្ញុំ​មាន​កាន់​កាំភ្លើង AK-47។ ក្រុម​មនុស្ស​ដែល​វាយ​ប្រហារ​លើ​រូប​ខ្ញុំ​គឺ​ធ្វើ​ឡើង​ក្នុង​រូបភាព​រៀបចំ​ទុក​ជា​មុន។ ក្រុម​មនុស្ស​ដែល​វាយ​ប្រហារ​លើ​រូប​ខ្ញុំ​គឺ​ធ្វើ​សកម្មភាព​ជា​ក្រុម ដូច្នេះ​ក្រុម​នេះ​មិន​អាច​កើត​ឡើង​ដោយ​ចៃដន្យ ឬ​ក៏​ជា​ក្រុម​មនុស្ស​ដែល​គ្មាន​ការ​ហ្វឹកហ្វឺន​ជា​មុន​នោះ​ទេ។ ក្រុម​នេះ​អាច​ជា​ក្រុម​មួយ​នៃ​កង​កម្លាំង​សន្តិសុខ។ ខ្ញុំ​អាច​ទាយ​បាន​ថា ពួកគេ​គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​ការ​ហ្វឹកហ្វឺន​មួយ គឺ​អាច​ជា​ពួក​យោធា‍»។

លោក Mombeyarara គឺ​ជា​ សកម្មជន​ម្នាក់ ដែល​រដ្ឋាភិបាល​ហ្ស៊ីមបាវ៉េ​ចោទ​ប្រកាន់​ថា​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ​កាល​ពី​ដើម​ឆ្នាំ​នេះ ដើម្បី​រៀបចំ​ផែនការ​សម្ងាត់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក Mnangagwa។ លោក និង​សកម្មជន​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក Parajuli ដែល​ជា​អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក Mnangagwa បន្ត​ការ​ជជែក​ពិភាក្សា​ជាមួយ​នឹង​បស្ចិម​ប្រទេស ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ដក​ទណ្ឌកម្ម​ដែល​ដាក់​លើ​រដ្ឋាភិបាល​ហ្ស៊ីមបាវ៉េ​កាល​ពី​ឆ្នាំ ២០០២ ចេញ។ ទណ្ឌកម្ម​ទាំង​នេះ​ត្រូវ​បាន​ដាក់​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​នានា​ថា​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។ លោក Parajuli និយាយ​ថា ទណ្ឌកម្ម​ទាំង​នេះ​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​នឹង​បញ្ហា​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​ប្រទេស​ហ្ស៊ីមបាវ៉េ​នោះ​ទេ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​បែងចែក​ទណ្ឌកម្ម​នេះ​ជា​ផ្នែកៗ នោះ​យើង​ឃើញ​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វិធានការ​តឹងតែង​គឺ​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​លើ​ប្រទេស​ហ្ស៊ីមបាវ៉េ នេះ​បើ​យើង​និយាយ​ផ្អែក​លើ​ទស្សនៈ​អភិវឌ្ឍ​មនុស្ស​ធម៌។ ដូច្នេះ ប្រទេស​ទាំង​នោះ​ខ្វល់ខ្វាយ​អំពី​ប្រទេស​ហ្ស៊ីមបាវ៉េ។ ជា​ការ​ពិត ការ​គិត​ដែល​យល់​ថា​នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​យល់​ច្រឡំ​ចំពោះ​ផល​ប្រយោជន៍​មួយ​ចំនួន​ទាក់ទិន​នឹង​សក្ដានុពល ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ថា ប្រទេស​ទាំង​នោះ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ។ ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​បាន​ដាក់​កំហិត​ចំពោះ​ការ​វិនិយោគ​របស់​ប្រទេស​ទាំង​នោះ​ឡើយ។ ប៉ុន្តែ ខ្ញុំ​គិត​ថា ការ​ប្រឈម​ចម្បង​បំផុត​គឺ​គោល​នយោបាយ​មិន​ត្រឹមត្រូវ»។

អ្នក​ការទូត​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​ជំរុញ​រដ្ឋាភិបាល​ហ្ស៊ីមបាវ៉េ​ឲ្យ​កែប្រែ​ច្បាប់​ដែល​គាំទ្រ​អ្នក​វិនិយោគ និង​ឲ្យ​បន្ត​ទាក់ទង​ជាមួយ​នឹង​ប្រទេស​ដែល​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ ២០០២។

លោក Parajuli នឹង​ផ្លាស់​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ដឹកនាំ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ហ្ស៊ីមបាវ៉េ​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​អស់​រយៈពេល ៥ ឆ្នាំ​មក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG