ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​ស៊ីមបាវ៉េ​ប្រឆាំង​នឹង​គម្រោង​រុករករ៉ែ​របស់​ក្រុមហ៊ុន​ចិន​មួយ


ប្រជាជន​នៅ​ស្រុក Domboshava ក្នុង​តំបន់​សម្បូរថ្ម​ដែល​ចម្ងាយ​ប្រមាណ​មួយ​ម៉ោង​ពី​ទីក្រុង​ហារ៉ារេកាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១៩ បាន​មក​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចិនមួយ។
ប្រជាជន​នៅ​ស្រុក Domboshava ក្នុង​តំបន់​សម្បូរថ្ម​ដែល​ចម្ងាយ​ប្រមាណ​មួយ​ម៉ោង​ពី​ទីក្រុង​ហារ៉ារេកាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១៩ បាន​មក​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ចិនមួយ។

ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ស៊ីមបាវ៉េ​បាន​អំពាវនាវ​រក​ការ​វិនិយោគ​ទុន​មក​ពី​ក្រៅ​ប្រទេស​ ប៉ុន្តែ​អ្នកភូមិ​នៅ​ភាគ​ខាង​ជើង​រដ្ឋធានី​​​ហាវ៉ារ៉េ​ កំពុង​ប្រឆាំង​នឹង​គម្រោង​រុករក​រ៉ែ​របស់​ចិន​មួយ​ ដែល​ពួកគេ​និយាយ​ថា​ នឹង​បំផ្លាញ​បរិស្ថាន​ ថែម​ទាំង​មិន​អាច​នាំ​យក​ផល​ប្រយោជន៍​ឲ្យ​ពួកគេ​ច្រើន​ឡើយ។

អ្នក​ភូមិ​ Domboshava ដែល​តំបន់​សម្បូរ​ថ្ម​នៅ​ភាគ​ខាង​ជើង​រដ្ឋធានី​ស៊ីមបាវ៉េ​ កំពុងប្រឆាំង​នឹងការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ចិន​មួយ​ ដើម្បី​ចាប់​ផ្តើម​សកម្មភាព​យក​ថ្ម។

លោក Florence Nyamande​ អាយុ ​៧០ ឆ្នាំ​ជា​ប្រជាជន​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ដែល​បដិសេធ​ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន Aihua Jianye។

លោក​បាន​និយាយ​ថា៖ «ជនជាតិ​ចិន​គឺ​ជា​ម្ចាស់​លុយ​របស់​ជនជាតិ​ស៊ីមបាវ៉េ។ ពួកគេ​មក​យក​ទ្រព្យ​សម្បត្តិ​ពី​ទី​នេះ ទៅ​ប្រទេស​ចិន។ ពួកគេ​មិន​អភិវឌ្ឍ​កន្លែង​របស់​យើង​ទេ។ ដូច្នេះ​យើង​មិន​ត្រូវ​ការ​ពួកគេ​នៅ​ទីនេះ​ឡើយ។ នៅ​ក្នុង​បេះដូង​និង​ស្មារតី​របស់​យើង យើង​ពិត​ជា​ខកចិត្ត​ណាស់។ យើង​និយាយ​ថា​ «ទេ» និង «ទេ» គឺ«ទេ» ជា​ច្រើន​ដង​ណាស់»។​

​ក្រុម​អ្នក​ភូមិ​នេះ​មិន​គិត​ថា ​ក្រុមហ៊ុន Aihua Jianye នឹង​បង្កើត​ឲ្យ​មានការងារ ៥០០​ កន្លែង​នៅ​ក្នុង​តំបន់​នេះ​ ដូច​តាម​ការ​សន្យា​នោះ​ឡើយ។ ពួកគេ​ក៏​បាន​និយាយ​ដែរ​ថា​ កន្លែង​យក​ថ្ម​នឹង​បង្កើត​ឲ្យ​មាន​ស្រះ​មួយ​ដែល​ពេញ​ទៅ​ដោយ​ទឹក​កខ្វក់។

លោក Mutodi អនុរដ្ឋមន្រ្តី​នៃ​ក្រសួង​ព័ត៌មាន​ថាមពលប្រទេស​ស៊ីមបាវ៉េ និង​ជា​សមាជិក​សភា​ម្នាក់​សម្រាប់​តំបន់​នេះ ក៏​បាន​ប្រឆាំង​នឹង​គម្រោង​រុករក​រ៉ែ​ដែល​មាន​តម្លៃ​ ៥០០ ​លាន​ដុល្លារ​នេះ​ដែរ។

លោក​បាន​និយាយថា​ លោក​នឹង​មិន​បាន​ប្រឆាំង​នឹង​ពាក្យ​ស្លោក​របស់​ប្រធានាធិបតី​ Emmerson Mnangagwa ដែល​ថា​ «ស៊ីមបាវ៉េ​គឺ​បើក​ចំហ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម»។​

ប៉ុន្តែ​លោក​ Mutodi ប្រាប់ VOA ​ថា៖ «ប្រទេស​នេះ​គឺ​ទទួល​យក​អាជីវកម្ម ប៉ុន្តែ​មិនមែន​អាជីវកម្ម​ដែល​ប៉ះពាល់​ដល់​បិរស្ថាន​យើង​ឡើយ។ យើង​ចង់​អភិរក្ស​បរិស្ថាន​យើង។ យើង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​របស់​យើង បាទ។ ប៉ុន្តែ​កុំ​ឲ្យ​ប៉ះពាល់​បរិស្ថាន​របស់​យើង។ យើងមិន​ចង់​ឲ្យ​មាន​ស្ថានភាព​មួយ​ដែល​ពួកគេ​មក​ទីនេះ​ ហើយ​ប្រមូល​ផល​ទៅ​ប្រទេស​ផ្សេង ចំណែក​ប្រជាជន​របស់​យើង​នៅ​តែ​ក្រីក្រ»។​

លោក Mutodi បាន​បន្ថែម​ថា ក្រុមហ៊ុន​ចិនបាន​ប្រកាស​ស្វែង​រក​បុគ្គលិកសម្រាប់ការងារ​តែ​ ៤០ ​កន្លែងប៉ុណ្ណោះ​ក្នុង​តំបន់​នេះ ដែល​ចំនួន​នេះ​តិច​ជាង​១​ភាគ​ដប់​នៃ​អ្វី​ដែល​ពួកគេ​បាន​សន្យា។

រដ្ឋមន្រ្តី Mutodi ក្រសួង​ថាមពល​នៃ​ប្រទេស​ស៊ីមបាវ៉េនិយាយ​ពី​ប្រឆាំង​នឹង​គម្រោង​រុករក​រ៉ែ​របស់​ចិនក្នុង​តំបន់ Domboshava កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១៩។
រដ្ឋមន្រ្តី Mutodi ក្រសួង​ថាមពល​នៃ​ប្រទេស​ស៊ីមបាវ៉េនិយាយ​ពី​ប្រឆាំង​នឹង​គម្រោង​រុករក​រ៉ែ​របស់​ចិនក្នុង​តំបន់ Domboshava កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០១៩។

លោក Percy Mudzidzwa នៃ​ក្រុមហ៊ុន​ដំណោះស្រាយ​ផ្នែក​បរិស្ថាន GeoGlobal​ ដែល​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចិន បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ដែល​ថា ​ពលរដ្ឋពីរ​ម៉ឺន​នាក់​នឹង​រងផល​ប៉ះពាល់​ពី​គម្រោងយក​ថ្ម​ទំហំ​៣៣​ហិកតា​នេះ។

អ្នក​ភូមិ​ខ្លះ​និយាយ​ថា ​គម្រោង​នេះ​នឹង​ប៉ះពាល់​ទី​បញ្ចុះ​សព និង​ស្រះ​ធម្មជាតិ​មួយ​កន្លែង។ ប៉ុន្តែ​លោក Mudzidzwa​ និយាយ​ថា​ វា​មិនមែន​ដូច្នោះ​ឡើយ។

លោក​បាន​និយាយ​ថា៖ «មិន​មាន​ផ្នូរសព​ណា​មួយ​ដែល​នឹង​ត្រូវ​គេ​ប្តូរ​ទីតាំង​ឡើយ។ ប៉ុន្តែ​វា​មាន​ការ​យល់​ច្រឡំ។ យើង​បាន​ស្នើ​ថា​ គួរ​តែ​ដាក់​របងព័ទ្ធទី​បញ្ចុះ​សព រួមទាំង​ស្រះទឹក​ធម្មជាតិ​មួយ​ដែល​នៅ​ពី​លើ​ទី​បញ្ចុះ​សព»។​

ឥឡូវ​នេះ​គម្រោង​នេះ​កំពុង​រង់​ចាំ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ពី​ទី​ភ្នាក់ងារ​គ្រប់គ្រង​បរិស្ថាន​របស់​ប្រទេស​ស៊ីមបាវ៉េ ថា​ តើ​ក្រុមហ៊ុន​ចិន​អាចចាប់​ផ្តើម​យក​ថ្ម​ឬ​យ៉ាង​ណា៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG